អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​សម្រេច​ដក​ហូត​ដី​សម្បទាន​ពី​ក្រុមហ៊ុន៨ និង​កាត់បន្ថយ​រយៈពេល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច

លោក​ សាយ​ សំ​អាល់​ រដ្ឋ​មន្ត្រី​​ក្រសួងប​រិស្ថាន​ នៅ​​រសៀល​​ថ្ងៃ​​ចន្ទ​​ទី​២៩ក​ញ្ញា​​នេះ ​បាន​ ប្រកាស​ថា ​រដ្ឋាភិបាល​​កម្ពុជា​ បាន​សម្រេច​​លុប​ចោល​​កិច្ច​សន្យា​​វិនិយោគ​​និង​​ដក​ហូត​យក​​ដី​​សម្បទាន​​សេដ្ឋកិច្ច​ ពី​​ក្រុមហ៊ុន​​ឯកជន​​ចំនួន​៨ ​មក​​ស្ថិត​នៅ​ក្រោម​​ការ​គ្រប់​គ្រង​​របស់​ខ្លួន​​វិញ។​ លោក​​រដ្ឋ​មន្ត្រី​ ក៍​​បាន​ប្រកាស ​ពី​​ការ​កាត់ប​ន្ថយ​រយៈពេល​នៃ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ពី​រយៈពេល៩៩ឆ្នាំ មក​នៅត្រឹម៥០វិញ​ផងដែរ សំរាប់​ក្រុមហ៊ុន​ដែល​ទទួលបាន​គោលការណ៍​ហើយ តែ​មិនទាន់​ចុះ​កិច្ចព្រមព្រៀង។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សហការី
ផ្សាយពាណិជ្ជកម្ម

 មូលហេតុ​នៃ​ការសម្រេច​ដកហូតយក​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ឯកជន​ទាំង៨ គឺ​ដោយសារតែ​ក្រុមហ៊ុន​ទាំង៨នោះ មិន​បានធ្វើ​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ទាល់តែសោះ។ សូម្បីតែ​អាស័យដ្ឋាន​ទាក់ទង​ក្រុមហ៊ុន ក៍​ស្ទើ​តែ​ពិបាក​នឹង​ទាក់ទង​ផងដែរ។ នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់​ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅក្នុង​សន្និសីទកាសែត​មួយ កាលពី​រសៀល​ថ្ងៃ​ចន្ទ​ទី២៩កញ្ញា​នេះ។ ក្រុមហ៊ុន​ទាំង៨នោះ​រួមមាន ក្រុមហ៊ុន​វិមាន​សិលា​ខូ​អ៊ិ​ល​ធី​ឌី, ក្រុមហ៊ុន​សៀង​ហេង១, ក្រុមហ៊ុន​សៀង​ហេង២, ក្រុមហ៊ុន​ប្លូ​ម៉េ​ត​ត្រូ, ក្រុមហ៊ុន​ហេង​ប៉ុណ្ណា​ត, ក្រុមហ៊ុន​សាំង​វឌ្ឍនៈ, ក្រុមហ៊ុន​ចាន់​រ៉ាត់ និង​ក្រុមហ៊ុន​ឋានសួគ៌​ចំកាត់​ជាដើម។ ក្រុមហ៊ុន​ទាំងនេះ ដែល​បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍ នៅ​តំបន់​ឧទ្យាន​ជាតិ​រាម​ខេត្ត​ព្រះសីហនុ ឧទ្យាន​ជាតិ​បុ​ទម​សាគ​ខេត្តកោះកុង និង​ឧទ្យាន​ជាតិ​កុស​មៈ​គីរីរម្យ ចន្លោះ​ពី៣៥០ហិច​តា ទៅ៩ពាន់​ហិច​តា។ លោក​រដ្ឋមន្ត្រី​បាន​ពន្យល់ថា ការសម្រេច​លុបចោល​គ​ម្រោ​ង​ទាំងនេះ មិនមែន​ចេះតែធ្វើ​នោះទេ តែ​ក្រសួង​បាន​ដាស់តឿន និង​សិក្សា​វាយតម្លៃ​អស់​រយៈពេល​ជាង១ឆ្នាំ​មកហើយ ក្នុង​បំណង​អោយ​ក្រុមហ៊ុន​ទាំងនោះ​ធ្វើ​សកម្មភាព ប៉ុន្តែ​នៅតែ​គ្មាន​លទ្ធផល។ អញ្ចឹង​ហើយ​បានជា​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​អនុក្រឹត្យ​ចុះ​ថ្ងៃទី២៦កញ្ញា បានសម្រេច​លុបចោល​គ​ម្រោ​ង​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង៨ ទៅតាម​សំណើរ​របស់​ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម។  

នេះ​គឺជា​លើកទីមួយ​ហើយ ដែល​រដ្ឋ​ភិ​បាល​បានសម្រេច​ដកហូតយក​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ឯកជន​ទាំងនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​អាណត្តិ​ទី។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៍​បានប្រកាស​ពី​ការកាត់បន្ថយ​រយៈពេល​នៃ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រយៈពេល៩៩ឆ្នាំ មក​នៅត្រឹមតែ៥០វិញ​ផងដែរ ចំពោះ​ក្រុម​ហ៊ុន​​ណា​ដែល​ទទួលបាន​គោលការណ៍​អភិវឌ្ឍន៍​រួចហើយ តែ​មិនទាន់បាន​ចុះ​កិច្ចព្រម​ព្រៀង​។

លោក ឡា​ត់ គី ប្រធាន​ផ្នែក​ដីធ្លី​នៃ​អង្គការ​អាដហុក បាន​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​នេះ តែ​លោក​បានបង្ហាញ​ការខកចិត្ត​បន្តិច​ថា វា​ហាក់​យឺត​ពេល​ទៅហើយ។

សូមបញ្ជាក់ថា ដី​ដែល​រដ្ឋាភិបាល​បានសម្រេច​ដកហូត​ពី​ក្រុមហ៊ុន​ទាំង៨នេះ​សរុប​មាន​ចំនួន​ជាង១ម៉ឺន២ពាន់​ហិកតា នឹងត្រូវ​ដាក់​ជា​តំបន់​សម្រាប់​អភិរក្ស ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន។ ហើយ​បើតាម​ការបញ្ជាក់​ពី​លោក​រដ្ឋមន្ត្រី ដី​ទាំងនោះ មិនទាន់មាន​ការកាប់​ព្រៃឈើ​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ