នយោបាយបញ្រ្ចាសទិសរបស់គណបក្សសមរង្ស៊ីទាក់ទងនឹងជម្លោះព្រំដែន

នៅថ្ងៃនេះ សមាជិកសភាគណបក្សសមរង្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយ គាំទ្រចិនក្នុងជម្លោះព្រំដែនជាមួយវៀតណាម។ សមាជិកសភាគណបក្សសមរង្ស៊ីក៏បានទាមទារផងដែរឲ្យវៀតណាម "បញ្ឈប់ការប្រើប្រាស់តួនាទីបច្ចុប្បន្នជាប្រធានអាស៊ាន ដើម្បីព្យាយាមរុញបញ្ហាព្រំដែនជាមួយចិនឲ្យមានលក្ខណៈអន្តរជាតិ" (បច្ចុប្បន្ននេះ គឺឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ាន មិនមែនវៀតណាមទេ)។ ការទាមទារនេះគឺជាការដើរបញ្ច្រាសទិសពីករណីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលគណបក្សសមរង្ស៊ីតែងតែទាមទារឲ្យបញ្ឈប់ការចរចាទ្វេភាគី ហើយដោះស្រាយតាមយន្តការអន្តរជាតិ។
ការដែលគណបក្សសមរង្ស៊ីគាំទ្រចិន ហើយប្រឆាំងនឹងវៀតណាម មិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលទេ ពីព្រោះ គណបក្សសមរង្ស៊ីតែងតែប្រឆាំងនឹងវៀតណាម ជាពិសេស ទាក់ទងនឹងបញ្ហាព្រំដែនរវាងវៀតណាម និងកម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃ១៧មិថុនា២០១១នេះ សមាជិកសភាគណបក្សសមរង្ស៊ីក៏បានថ្កោលទោសផងដែរចំពោះ “ភាពក្រអឺតក្រទមរបស់វៀតណាម និងការទាមទារដោយគ្មានមូលដ្ឋាននូវទឹកដីរបស់ប្រទេសជិតខាង”។
ក៏ប៉ុន្តែ ការណ៍ដែលគណបក្សសមរង្ស៊ីទាមទារឲ្យវៀតណាមបញ្ឈប់ការព្យាយាមរុញឲ្យជម្លោះព្រំដែននៅសមុទ្រចិនខាងត្បូងទៅជាបញ្ហាអន្តរជាតិ គឺជាការដើរជាន់ជើងខ្លួនឯង។ កន្លងមក នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ គណបក្សសមរង្ស៊ីតែងតែទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការចរចាទ្វេភាគីជាមួយថៃ ហើយត្រូវដោះស្រាយជម្លោះតាមរយៈយន្តការអន្តរជាតិវិញ ដូចជា តាមរយៈតុលាការអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. និងតាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ជាដើម។
ជំហររបស់ចិន ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង និងជំហររបស់ថៃ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជាមានលក្ខណៈស្រដៀងគ្នា។ ប្រទេសទាំងពីរសុទ្ធតែបដិសេធអន្តរាគមន៍របស់ភាគីទីបី ហើយទាមទារចង់ដោះស្រាយតាមរយៈការចរចាទ្វេភាគី។ នេះក៏ព្រោះតែចិន និងថៃ សុទ្ធតែមើលឃើញថា គូជម្លោះមានកម្លាំងខ្សោយជាង ងាយស្រួលក្នុងការគាបសង្កត់ ក្នុងពេលចរចាមួយទល់នឹងមួយ ដោយគ្មានភាគីទីបី។
ប្រទេសជាគូជម្លោះរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង រួមមាន តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ហ្វ៊ីលីពីន និងព្រុយណេ។ ប្រទេសទាំងនេះ សុទ្ធតែមានកម្លាំងខ្សោយជាងចិន ទាំងខាងសេដ្ឋកិច្ច និងខាងយោធា។ វៀតណាម ម៉ាឡេស៊ី ហ្វ៊ីលីពីន និងព្រុយណេ ដែលសុទ្ធសឹងជាសមាជិកអាស៊ាននោះ បានទាមទារឲ្យដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង តាមរយៈការចរចាក្នុងក្របខ័ណ្ឌអាស៊ាន-ចិន។ កាលពីឆ្នាំ២០០២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ចិន និងអាស៊ានបានចុះហត្ថលេខារួមគ្នា លើសេចក្តីថ្លែងការណ៍មួយ (DOC) ស្តីពីការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ដោយសន្តិវិធី។
កាលពីពេលថ្មីៗនេះ ហ្វ៊ីលីពីន និងវៀតណាម ក៏បានបង្ហាញនូវជំហរចង់ឲ្យសហរដ្ឋអាមេរិកចូលធ្វើអន្តរាគមន៍ដែរ នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងនេះ។ ក៏ប៉ុន្តែ ចិនបានព្រមានរួចជាស្រេចមិនឲ្យភាគីដែលមិនពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងលូកដៃចូលក្នុងជម្លោះនេះឡើយ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ (3)
បើខ្មែររួមសាមគ្គីគ្នា
បើខ្មែររួមសាមគ្គីគ្នា ហើយមានជំហរច្បាស់លាស់ នោះស្ថានការមិនដូចមុនឆ្នាំ ៧០ទេ។
La politique Cabodgienne
នយោបាយខ្មែរកំពុងទៅជិតដល់ស្ថានការមុនឆ្នាំ១៩៧០ទៀតហើយ។ កាលនោះយួនខាងត្បូងនិងសៀមជាសម្ព័ន្ធមិត្តរបស់អាមេរិក ហើយខ្មែរអែបជាមួយចិន។ ឥឡូវនេះសៀមនៅជាសម្ព័ន្ធមិត្តអាមេរិកដដែល យួនកុម្មុនិសដែលពីមុនជាសត្រូវរបស់អាមេរិក ឥឡូវជាមិត្តរបស់អាមេរិកវិញហើយ។ តើអនាគតខ្មែរទៅជាយ៉ាងណា???????????????
មិត្ត
ការពិតនៅតែជាការពិត។
កម្ពុងជានៅតែប្រកាន់ជំហរមួយច្បាស់លាស់ថានរណាជាមិត្តល្អនរណាជាមិត្តអាក្រក់។
សម័យនេះមិនមែនសម័យក្រោយឆ្នាំ១៩៧០ទេ។នរណាក៏ជាមិត្តរបស់ខ្មែរប៉ុន្តែខែ្មរសុំប្រកាន់ជំហរផ្ទាល់ខ្លួនមួយជាក់លាក់ក្នុងន័យមិនជ្រាតជ្រែកកិច្ចការផ្ទែក្នុងរបស់ប្រទេសផងគ្នា។ចិនក៏ជាមិត្ត??????យួនក៏ជាមិត្ត??????
ប្រតិកម្មជុំវិញអត្ថបទនេះ