កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 26 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 26 តុលា 2012

ចលនា​យុវជន​សមរង្ស៊ី​ប្រកាស​គម្រោង​ធ្វើ​បាតុកម្ម​នៅ​ដើម​ខែ​វិច្ឆិកា

ទីស្នាក់​ការ​គណបក្ស​សមរង្ស៊ី
ទីស្នាក់​ការ​គណបក្ស​សមរង្ស៊ី
© ចាន់ណា/rfi

ដោយ ហុង សីហា

ប្រធាន​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី គ្រោង​នឹងធ្វើ​បាតុកម្ម​ជាថ្មី​នៅ​ថ្ងៃទី ៨វិច្ឆិកា​ខែក្រោយ​នេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស កែប្រែ​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត( គ.ជ.ប) និង​ធ្វើ​​កំណែទម្រង់​ប្រព័ន្ធ​តុលាការ។ បាតុកម្ម​នេះ​ក៏​នឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លើកលែង​ទោស​​លោក​សម រង្ស៊ី​ផងដែរ។

សេចក្តីរាយការណ៍​របស់​ហុង សីហា ពី​ទីក្រុង​ភ្នំពេញ
 

26/10/2012

លោក សួង សោ​ភ័​ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៊ី​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា លោក​មាន​គម្រោង​ធ្វើបាតុកម្ម​ធំ​មួយ​នៅ​ថ្ងៃទី៨ វិច្ឆិកា ដើម្បី​ធ្វើការ​ទាមទារ ឲ្យ​រដ្ឋាភិបាល​គោរព​សន្ធិសញ្ញា​ក្រុងប៉ារីស, កែប្រែ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ត្រូវ​បានអនុម័ត ដោយ​រដ្ឋ​សភា កាលពី​ថ្ងៃទី ១១តុលា​កន្លងទៅ និង​ការទាមទារ​ឲ្យ​មានការ​កែប្រែ​ប្រព័ន្ធតុលាការ ដែល​លោក​អះអាងថា ខ្វះ​ភាព​ឯករាជ្យ។ លើសពីនេះ ចលនា​យុវជន​សម រង្ស៊ី​ក៏​ទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នកទោសនយោបាយ និង​សកម្មជន​ដីធ្លី​ដែល​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ផងដែរ។
 
លោក​ឡុង ​ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា លោក​នៅ​មិនទាន់​បានដឹង និង​មិនទាន់​បានទទួល​សំណើ​ស្តីពី​ការធ្វើ​បាតុកម្ម​នេះ​នៅឡើយ​ទេ។ លោក​បាន​បន្តថា បើសិនជា​បានទទួល សាលា​ក្រុង​​នឹង​ជួប​ពិភាក្សាគ្នា ហើយ​បើសិនជា​សំណើ​នោះ​ស្របច្បាប់​នោះ សាលាក្រុង​នឹង​អនុញ្ញាត តែបើ​មិន​ស្របច្បាប់​ទេ សាលាក្រុង​មិន​អនុញ្ញាត​ទេ។
 
ក៏ប៉ុន្តែ​លោក សួន សោ​ភ័​ណ្ឌ​បាន​អះអាងថា បាតុកម្ម​ដែល​ក្រុមយុវជន​សម រង្ស៊ី​ធ្វើ​គឺជា​បាតុកម្មអហិង្សា និង​ស្របទៅតាម​រដ្ឋធម្មនុញ្ញ។ ជាង​នេះ​លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា នៅវេលា​ម៉ោង ២ម៉៣០នាទី​រសៀល​ថ្ងៃ​សុក្រ​នេះ លោក​បាន​បញ្ជូន​លិខិត​ស្នើសុំ​ធ្វើបាតុកម្ម​នេះ​ទៅ​សាលា​រាជធានី​រួចហើយ ប៉ុន្តែ​លិខិត​នោះ​ត្រូវបាន​បញ្ជូន​ត្រឡប់​វិញ ដោយសារ​មាន​ចំណុច​ខ្វះចន្លោះ។ ក្រោយ​ការកែតម្រូវ​ហើយ​លិខិត​នោះ​នឹងត្រូវ​បញ្ជូន​ត្រឡប់​ទៅ​សាលា​រាជធានី​ភ្នំពេញ​ម្តងទៀត។
 
ទាក់ទិន​ទៅនឹង​គោលការណ៍​ទាំងបី​ដែល​គ្រោង​ទាមទារ​នោះ លោក សោ​ភ័​ណ្ឌ​ក៏​គ្រោង​ដង្ហែ​ញត្តិ​មួយ​ជូន​រដ្ឋសភា ក្រសួង​មហា​ផ្ទែ និង​ក្រសួងយុត្តិធម៌​ដើម្បី​ស្នើសុំ​ឲ្យ​មានការ​លើកលែងទោស​លោ​ក សម រង្ស៊ី ដែល​លោក​ចាត់ទុកថា ទោស​របស់លោក សម រង្ស៊ី​គឺជា​ទោស​នយោបាយ។
 
ទាក់ទិន​ទៅនឹង​បញ្ហា​នេះដែរ លោក​សម រង្ស៊ី​ផ្ទាល់​ក៏​ធ្លាប់បាន​ផ្ញើលិខិត​ជូន​មេដឹកនាំ​គណបក្សកាន់អំណាច​ទាំងបី​ ដើម្បី​សុំចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​អង្គ​សម្តេចឪ។ ប៉ុន្តែ លិខិត​របស់លោក សម រង្ស៊ី​ទាំង​ប៉ុន្មាន ត្រូវបាន​បញ្ជូនទៅ​គណបក្ស សម រង្ស៊ី វិញ ដោយ​ពុំបាន​ភ្ជាប់​ពី​មូលហេតុ​ឡើយ។ 
 
រីឯ​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ធ្លាប់បាន​ពន្យល់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​កាលពីពេល​កន្លងទៅ​ថា លិខិត​របស់លោក សម រង្ស៊ី​ខ្វះ​ជា​លក្ខណៈ​ផ្លូវការ ហើយ​លោក​បាន​ឲ្យ​លោក សម រង្ស៊ី​បញ្ជាក់ថា ការស្នើសុំ​នោះ​ជា​លក្ខណៈ​ឯកជន ឬក៏​ក្នុងនាម​បក្ស​របស់លោក។ ជាង​នេះ លោក​បាន​ពន្យល់​បណ្តាញ​ផ្សព្វផ្សាយ​ថា រដ្ឋាភិបាល​បាន​ពិនិត្យ​លិខិត​នោះ​យ៉ាង​យកចិត្តទុកដាក់ តែ​វា​មិនបាន​ឆ្លើយតប​នឹង​នីតិវិធី និង​វា​ខុសពី​អ្វីដែល​កម្ពុជា​ធ្វើ ដើម្បី​ពង្រឹង​នីតិរដ្ឋ។
 
សូម​រម្លឹកថា កាលពី​ថ្ងៃទី ២៣ តុលា​នេះ ក្រុមយុវជន​គណបក្ស​សម រង្ស៊ី ធ្លាប់មាន​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំងនឹង​សមាសភាព គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប៉ុន្តែ​បាន​បង្វែរ​ទៅជា​ការគោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ សម្តេច​ឳ នរោត្តម សីហនុ ដែល​បាន​យាងចូល​ទិវង្គត​កាលពី​ថ្ងៃទី ១៥ តុលា​នៅ​ទីក្រុង​​ប៉េកាំង​ប្រទេស​ចិន៕

tags: កម្ពុជា - នយោបាយ - សម រង្ស៊ី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close