អានតួអត្ថបទ
កម្ពុជា

លោក ​សម រង្ស៊ី ​ដាក់​បិណ្ឌ​ទី​១២​នៅ​វត្ត​ដែល​ធ្លាប់​មាន​ជម្លោះ​ដី​ធ្លី​នៅ​សង្កាត់​ព្រែក​លៀប

លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​២០​កញ្ញា​នេះ​ បាន​ដឹក​នាំ​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​បិណ្ឌ​ទី​១២​នៅ​ក្នុង​វត្ត​ពោធិ​ព្រឹក​ ហៅ​វត្ត​ខ្ទរ​ ស្ថិត​នៅ​សង្កាត់​ព្រែក​លៀប ​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ។ ​ជា​វត្ត​ដែល​ធ្លាប់​មាន​ជម្លោះ​ដី​ធ្លី​យ៉ាង​ស្រួច​ស្រាវ​ជា​មួយ​ក្រុមហ៊ុន​ឯកជន​អេង ​កាំង​ ដែល​បាន​ឈាន​ទៅ​ដល់​ការ​បិទ​ផ្លូវ​ជាតិ​លេខ​៦​ និង​ការ​ដុត​បំផ្លាញ​គ្រឿងចក្រ​និង​សំភារៈ​របស់​ក្រុមហ៊ុន​ថែម​ទៀត។​

លោក ​សម ​រង្ស៊ី​ ថ្លែងទៅកាន់ពុទ្ធបរិស័ទពីរឿងជម្លោះដីធ្លី នា​ពេល​កន្លង​មក​។​
លោក ​សម ​រង្ស៊ី​ ថ្លែងទៅកាន់ពុទ្ធបរិស័ទពីរឿងជម្លោះដីធ្លី នា​ពេល​កន្លង​មក​។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

វា​មិន​មែន​ជា​រឿង​ចៃដន្យ​ពេក​នោះ​ទេ​ ដែល​ប្រធាន​គណបក្ស​ប្រឆាំង​លោក ​សម រង្ស៊ី ​បាន​ជ្រើសរើស​វត្ត​ពោធិ​ព្រឹក ​ហៅ​វត្ត​ខ្ទរ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយ​ចង្វារ​ ដើម្បី​ដាក់​បិណ្ឌ​ទី១២ ​នៅ​ថ្ងៃ​ទី​២០​កញ្ញា​នេះ។

ដៃ​កាន់​ក្បាល​ម៉េក្រូ ​មេ​បក្ស​ប្រឆាំង​រូប​នេះ ​បាន​ថ្លែង​ភ្លាម​ពី​ជោគជ័យ​របស់​ប្រជា​ពលរដ្ឋ​ជា​ពុទ្ធ​បរិស័ទ​នៅ​ចំណុះ​ជើង​វត្ត​ពោធិ​ព្រឹក​ រួម​ទាំង​ព្រះ​សង្ឃ​ផង​ដែរ​ ដែល​បាន​រួម​គ្នា​ប្រឆាំង​នឹង​ការ​វាយ​កំទិច​ឈាបនដ្ឋាន​ដោយ​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ទំហំ​៣​ហិចតា​កាល​ពី​ខែ​វិច្ឆិការ​ឆ្នាំ​២០១៣។

គេ​នៅ​ចាំ​បាន​ថា ​កាល​ណោះ ​ប្រជា​ពលរដ្ឋ​រស់នៅ​ភូមិ​ខ្ទរ​ សង្កាត់​ព្រែក​លៀប​ បាន​ប្រមូល​ផ្តុំ​គ្នា ​បិទផ្លូវ​ជាតិ​លេខ​៦A​ តាំង​ពី​ម៉ោង​១២​រំលង​អធ្រាត្រ ​ឈាន​ចូល​ ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា ​ដើម្បី​ប្រឆាំង​នឹង​ក្រុមហ៊ុន​អេង​កាំង ​ដែល​បាន​យក​គ្រឿង​ចក្រ​មក​ឈូស​ឆាយ​ វាយ​កំទេច​ ឈាបនដ្ឋាន​ ដើម្បី​យក​ដី​ទំហំ​៣​ហិចតា ​ដែល​ស្ថិត​នៅ​មុខ​ វត្ត​ពោធិព្រឹក្ស​ ហៅ​វត្ត​ខ្ទរ។​ ដោយ​សារ​កំហឹង​ ប្រជាពលរដ្ឋ​ក៍​បាន​ឈាន​ទៅ​ដុត​កំទេច​គ្រឿង​ចក្រ​អេស្កាវ៉ាទ័រ​របស់​ក្រុមហ៊ុន​មួយ​គ្រឿង​ រួម​ទាំង​ទុយោ​បូម​ខ្សាច់​ ដែល​ដាក់​ក្នុង​បរិវេណ​ទី​បច្ឆា​នេះ​ផង​ដែរ។

 លោក ​សម ​រង្ស៊ី ​បាន​ហៅ​ព្រឹត្តិការណ៍​នោះ​ថា ​គឺ​ជា​ជោគជ័យ​មួយ​ ដែល​កើត​ឡើង​ពី​ការ​សាមគ្គី​របស់​ប្រជា​ពលរដ្ឋ។​ ជាមួយ​នឹង​ការ​សរសើរ​មិន​ដាច់​ពី​មាត់ ​លោក ​សម រង្ស៊ី​ ក៍​បាន​ប្រកាស​ពី​ការ​បន្ត​ជួយ​គាំ​ទ្រ ​និង​ការពារ​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ផ្សេង​ៗ​ទៀត។

ក្រៅ​ពី​ករណី​នេះ ​លោក ​សម រង្ស៊ី​ មិន​បាន​ថ្លែង​សារ​នយោបាយ​អ្វី​សំខាន់​ទៀត​នោះ​ទេ។
ក្រោយ​ពី​ចូល​រួម​ពិធី​បុណ្យ​កាន់​បិណ្ឌ ​នៅ​វត្ត​ពោធិ៍​ព្រឹក​រួច​មក ​លោក ​សម រង្ស៊ី ​ក៍​បាន​បន្ត​ដំណើរ​ទៅ​ចូល​រួម​ពិធីបុណ្យ​កាន់​បិណ្ឌ ​នៅ​វត្ត​ជ្រៃ​មាស​សាគរ ​ហៅ​វត្ត​ថ្មី ​ស្ថិត​ក្នុង​ឃុំ​ព្រែក​ដំបង​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល​ផង​ដែរ។​ បើ​តាម​លោក ​យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ​លោក ​សម រង្ស៊ី​ ក៍​គ្រោង​ធ្វើ​ពិធី​បង្សុកូល ​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​ដល់​ជន​រងគ្រោះ​ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​មុខ​រដ្ឋសភា​ចាស់​ កាល​ពី​ឆ្នាំ​១៩៩៧​ផង​ដែរ។​ អ្វី​ជា​ការ​កត់​សំគាល់​ នេះ​គឺ​ជា​ឆ្នាំ​ដំបូង​ហើយ ​ដែល​លោក ​សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ជា​មួយ​ប្រជាពលរដ្ឋ​កម្ពុជា​ ក្រោយ​ពី​បាន​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ​ចាប់​ពី​ឆ្នាំ២០០៩ ដល់​ឆ្នាំ​២០១៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ