អានតួអត្ថបទ
បារាំង​-រវ៉ាន់ដា

ប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា ៖ តុលាការ​សម្រេច​ដាក់​ទោស​២៥​ឆ្នាំ​លើ​អតីត​ប្រធាន​កង​ស៊ើបការណ៍

ប៉ាស្កាល់ ស៊ីមប៊ីកង់វ៉ា (Pascal Simbikangwa) អតីត​ប្រធាន​ឯកភាព​ស៊ើបការណ៍​សម្ងាត់​របស់​​​ប្រធានាធិបតី ក្នុង​សម័យ​កាន់​អំណាច​ប្រល័យ​ពូជសាសន៍​ឆ្នាំ​១៩៩៤ ត្រូវ​បាន​តុលាការ​ដំបូង​ក្រុង​ប៉ារីស កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ​។ Pascal Simbikangwa ​ជា​ជន​សង្ស័យ​​ផ្សំ​គំនិត​​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា​ដំបូង​ ដែលកាត់​ទោសដោយ​តុលាការ​​បារាំង​ ក្រោម​គោលការណ៍​យុត្តាធិកា​សកល Compétence universelle។

រូបថត​ឯកសារ Pascal Simbikangwa.
រូបថត​ឯកសារ Pascal Simbikangwa. Interpol
ផ្សាយពាណិជ្ជកម្ម

២៥​ឆ្នាំ​ក្នុង​គុក ជា​ទោស​ដ៏​ធ្ងន់​ ! ដែល​តុលាការ​បារាំង​ បាន​ដាក់​ទោស​លើរូប Pascal Simbikangwa ពីបទ​បាន​​ផ្សំ​គំនិត​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ នៅ​រវ៉ាន់ដា កាលពី​២០​ឆ្នាំ​មុន។

 

មាន​អាយុ​៥៤​ឆ្នាំ ពិការ​ ជិះ​កៅអី ជាប់​រហូត​តាំង​ពី​ឆ្នាំ​១៩៨៦​មក អតីត​ប្រធាន​ឯកភាព​ស៊ើបការណ៍​សម្ងាត់​ប្រធានាធិបតី​រវ៉ាន់ដា ត្រូវ​បាន​តុលាការ​ជា​ប្រវត្តិសាស្ត្រ​​ រក​ឃើញ​ថា​ជា​អ្នក​ប្រព្រឹត្ត​និង​ផ្សំ​គំនិត​ធ្វើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​។ សាលក្រម​​បាន​ធ្លាក់​មក​ បន្ទាប់​ពី​មាន​សវនការ​រយៈពេល​៧​សប្តាហ៍ និង​ពិគ្រោះ​សម្រេច​រយៈពេល​១២​ម៉ោង។

តុលាការ​សាលា​ដំបូង​ប៉ារីស មិន​ដាក់​ទោស​អស់​មួយ​ជីវិត​ ដូច​ការ​ទាមទារ​របស់​មហាអយ្យការ​មែន​ប៉ុន្តែ​គ្រប់គ្នា ក្នុង​សំឡេង​ភាគ​ច្រើន​ដាច់​ខាត បាន​ថ្កោល​ទោស Pascal Simbikangwa ក្នុង​នាម​ជា​ឧក្រិដ្ឋជន​ មិន​មែន​គ្រាន់​តែ​ជា​អ្នក​ផ្សំ​គំនិត​ទេ ព្រោះ​ជន​រូប​នេះ បានរួម​ចំណែក​យ៉ាង​ពេញ​ទំហឹង​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ តាម​រយៈ​ការ​​​ចែក​ចាយ​អាវុធ ការ​​ចេញ​បញ្ជា ឱ្យ​មាន​ការ​សម្លាប់​រង្គាល​ផ្តាច់​ពូជ។

នេះ​គឺ​សាលក្រម​ ប្រកប​ដោយ​និមិត្តរូប និង​អត្ថន័យ​បំផុត ដែល​ជា​សារ​បញ្ជូន​ទៅ​ឱ្យ​គ្រប់​ជន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដារ​ ដែល​កំពុង​ជ្រក​កោន​​លើ​ទឹក​ដី​បារាំង។ នេះ​ក៏​ជា​គំរូ​មួយ​សម្រាប់​សំណុំ​រឿង​ប្រល័យ​ពូជសាសន៍​ ២៧ទៀត ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើប​អង្កេត។

សម្រាប់​សង្គម​ស៊ីវិល​វិញ ថ្ងៃ​នេះ​ជា​ថ្ងៃ​រីករាយ​ ព្រោះ​បាន​ឃើញ​ពន្លឺ​​​យុត្តិធម៌​បឋម​ ដល់​ជន​រងគ្រោះ​បាត់​បង់​ជីវិត​ប្រមាណ​ជិត​៨​សែន​នាក់។ ប៉ុន្តែ​ខាង​ចុង​ចោទ បាន​ប្រកាស​ថា​នឹង​ធ្វើ​ឧទ្ទរណ៍​ សុំ​លើក​លែង​ទោស ព្រោះ​ យល់​ថា​សាក្សី​​មាន​លក្ខណៈ​ផុយស្រួយ និង​ជា​ដំណើរ​ការ​តុលាការ​មាន​នយោបាយ​លាយ​លំ។ ក្នុង​អំឡុង​ពេល​សវនការ​បាន​បដិសេធ​ទាំង​ប្រទាំង​ប្រទើស ថា​មិន​ដែល​បាន​ឃើញ​ខ្មោច​មនុស្ស​ស្លាប់សោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ