រុស្ស៊ីបានបណ្តេញទីភ្នាក់ងារស.រ.អា.ខាងអភិវឌ្ឍន៍អន្តរជាតិ USAID ចេញពីប្រទេស

ដំណឹងនេះត្រូវបានបញ្ជាក់ល្ងាចម្សិលមិញ នៅក្រុងវ៉ាស៊ីនតោន ដោយអ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសអាមេរិក លោកស្រី Victoria Nuland ដ្បិតរដ្ឋាភិបាលរុស្ស៊ីបានទុកពេលដល់ថ្ងៃទី១ តុលាខាងមុខ ឲ្យទីភ្នាក់ងារនេះ ខ័ណ្ឌបញ្ចប់សកម្មភាពខ្លួនទៅ ក្រោយពីបានដំណើរការអស់២០ឆ្នាំ នៅរុស្ស៊ី។
ជាបឋមគួររំលឹកថា “ទីភ្នាក់ងារស.រ.អា.ខាងអភិវឌ្ឍន៍អន្តរជាតិ” USAID ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦១ ដោយប្រធានាធិបតីស.រ.អា.សម័យនោះ គឺលោក John Kennedy ក្នុងគោលដៅជួយជ្រោមជ្រែងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រជាធិបតេយ្យនៅក្នុងលោក។ បច្ចុប្បន្ន ទីភ្នាក់ងារ USAID ដំណើរការនៅតាមប្រទេសចំនួនជាង១០០ឯណោះ។ USAID បានផ្តើមសកម្មភាពខ្លួននៅប្រទេសរុស្ស៊ីសម័យថ្មី គឺក្នុងឆ្នាំ ១៩៩២ បានន័យថា មួយឆ្នាំ ក្រោយពីសហភាពសូវៀតរលំរលាយទៅ។ ថ្លែងទៅពួកអ្នកកាសែត អ្នកនាំពាក្យផ្លូវការនៃក្រសួងការបរទេសអាមេរិក លោកស្រី Victoria Nuland គូសបញ្ជាក់ថា ៖បើកុំតែមានការទាមទារពីខាងអាជ្ញាធររុស្ស៊ី ដែលទុកពេលដល់ថ្ងៃទី១ តុលាឲ្យ USAID បញ្ចប់ការងារខ្លួននៅលើដែនដីរុស្ស៊ី កុំអីទីភ្នាក់ងារនេះនឹងនៅតែបន្តការងារខ្លួនដដែល។ ការទាមទារនេះ សឲ្យឃើញថា វិមានក្រេមឡាំងលែងត្រូវការ ការងារ USAID ទៀតឡើយ។
ទោះយ៉ាងណាក្តី ក៏ភាគីអាមេរិកមានមោទនភាពនឹងសមិទ្ធិផលដែលសម្រេចបានដោយ USAID ក្នុងសកម្មភាពខ្លួនរយៈពេល២០ឆ្នាំកន្លងទៅនៅរុស្ស៊ី ខាងគាំទ្រដល់ប្រជាធិបតេយ្យ ដល់ការ ការពារសិទ្ធិមនុស្ស និងដល់ការអភិវឌ្ឍន៍សង្គមស៊ីវិលនៅរុស្ស៊ី។ សូម្បីអត្ថិភាពខ្លួនក្នុងប្រទេសរុស្ស៊ីខិតដល់ទីអវសានក្តី ក៏ USAID នៅតែភក្តីដដែលចំពោះបុព្វហេតុខាងគាំទ្រដល់សកម្មភាពនៃរាល់អង្គការក្រៅរដ្ឋាភិបាលនៅរុស្ស៊ី។ តាមលោកស្រី Victoria Nuland ការសម្រេចចិត្ត តើគួរធ្វើសហប្រតិបត្តិការជាមួយ USAIDឬក៏ទេ គឺត្រូវប្រទេសនីមួយៗអនុម័តដោយម្ចាស់ការខ្លួនឯងទេតើ។ ហើយទទួល ឬ មិនទទួលជំនួយពីក្រៅ វាជាសិទ្ធិអធិបតេយ្យរបស់រដ្ឋនីមួយៗ។
ស.រ.អា. តែងថ្លែងហើយ ថ្លែងទៀត ពីក្តីព្រួយបារម្ភរបស់ខ្លួន ចំពោះស្ថានភាពខាងសិទ្ធិមនុស្សនៅរុស្ស៊ី ចំពោះវិធីអនុម័តច្បាប់ទាក់ទងនឹងអង្គការក្រៅរដ្ឋាភិបាលនៅរុស្ស៊ី។ តាមពួកអ្នកវិភាគ ការដែល USAID ដាច់ចិត្តបញ្ឈប់សកម្មភាពខ្លួននៅរុស្ស៊ី ក៏មកពីអាជ្ញាធររុស្ស៊ីប្រកាន់ឥរិយាបថជាសត្រូវចំពោះអង្គការក្រៅរដ្ឋាភិបាលណានៅរុស្ស៊ី ដែលទទួលហិរញ្ញប្បទានពីក្រៅ ដោយចាត់ទុកអង្គការបែបនេះ ជា”ភ្នាក់ងារបរទេស”។ ទាក់ទងនឹងសកម្មភាព USAID ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC ថ្ងៃនេះបានបង្ហើបឲ្យដឹងថា មួយឆ្នាំៗសម្រាប់តម្រូវការរបស់ទីភ្នាក់ងារនេះ មានរំលែកប្រមាណ១% នៃថវិកាស.រ.អា.៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ