“បណ្តាញពួកភ្នាក់ងាររុស្ស៊ី” ត្រូវបានវែកមុខរកឃើញនៅស.រ.អា.
ការបរិហារនេះ ទើបប្រកាសដោយ “ប៉ូលិសអង្កេតអាមេរិកាំង” FBI ដែលចោទបុគ្គល១១នាក់ មានដើមកំណើតពីរុស្ស៊ី និងក្រុមហ៊ុន២ របស់ពួកគេ ថាតែងបានលក់ទៅឲ្យរុស្ស៊ី នូវគ្រឿង Microélectronique សម្រាប់ប្រើក្នុងស្ថាប័នយោធា និងចារកិច្ច នៅរុស្ស៊ី។ ប៉ុន្តែ ក្រសួងការបរទេសរុស្ស៊ីបញ្ចេញប្រតិកម្មថា ការចោទប្រកាន់ដែលថាពួកគេបាននាំបច្ចេកវិជ្ជាយោធា ចេញពីអាមេរិក មករុស្ស៊ី ជាចារកិច្ចឧស្សាហកម្មស្អីណា តាមពិតទៅ គឺ គ្រាន់តែជាជំនួញ ផ្តិតជាប់ដោយលក្ខណៈឧក្រិដ្ឋប៉ុណ្ណោះ។
ក្នុងចំណោម១១នាក់នោះ តាមដែល Reuters ផ្សាយថ្ងៃនេះ យោងទៅលើលទ្ធផលអង្កេត មាន៣នាក់កំពុងស្ថិតនៅប្រទេសរុស្ស៊ី ចំណែកអ្នកខ្លះទៀត មិនដឹងជានៅទីណាទេ។ ជាប់ក្នុងការឃុំឃាំងនៅស.រ.អា. គឺទើប២នាក់ប៉ុណ្ណោះ ៖ ម្នាក់ឈ្មោះ Alexandre Fishenko ដើរតួសំខាន់ជាងគេក្នុងសំណុំរឿងចងក្រងដោយ FBI។ គាត់ជាថៅកែក្រុមហ៊ុន ឈ្មោះ Arc Electronics មានទីស្នាក់ការ នៅក្រុង Houston រដ្ឋ Texas និងម្នាក់ទៀតឈ្មោះ Alexandre Posobilov ជានាយកផ្នែកទិញ របស់ក្រុមហ៊ុននេះ ជំនាញខាងទិញគ្រឿង Microélectronique ពីផលិតករនានា នៅអាមេរិក សម្រាប់លក់វា បន្តមករុស្ស៊ី។ លក់នេះ គឺតាមរយៈ ក្រុមហ៊ុន ឈ្មោះ Apex System មានទីស្នាក់ការនៅក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។
ពិតជាក្រុមហ៊ុនទាំង២នេះ ដែលជាប់ក្នុងការចោទប្រកាន់របស់ FBI ថាបាននាំគ្រឿង Microélectronique High Tech ពីអាមេរិកមកកាន់ប្រទេសរុស្ស៊ី។ គ្រឿង Microélectronique នោះ តាមច្បាប់ គឺស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតនៃរដ្ឋាភិបាលអាមេរិក ពីព្រោះ វាអាចត្រូវគេប្រើ ក្នុងគោលដៅយោធា បែបយ៉ាងសម្រាប់ប្រព័ន្ធ Radar, ប្រព័ន្ធខាងតាមដានផ្លូវហោះនៃកាំជ្រួចមីស្ស៊ីល, ប្រព័ន្ធខាងតម្រង់ទិសហោះនៃកាំជ្រួចនោះ បូកទាំង សម្រាប់ដំឡើងនៅនឹងយន្តហោះចម្បាំងដ៏ទំនើបរបស់រុស្ស៊ី អាធុន Mig-35។
FBI មុនដំបូង បានលួចស្តាប់ការនិយាយឆ្លើយឆ្លងតាមទូរស័ព្ទ រួចមក បានធ្វើការឆែកឆេរ នៅតាមលំនៅ និង ការិយាល័យធ្វើការ របស់ក្រុមហ៊ុន Arc Electronics ចំនួន៧កន្លែង ហើយរឹបអូសយកបានឯកសារ សរុបទៅចំនួន ១៨ឡាំង ដែលបម្រើជាតឹកតាងសម្រាប់ចោទប្រកាន់។
គិតតាំងពីឆ្នាំ២០០២មក ក្រុមហ៊ុន Arc Electronics បានលក់គ្រឿង Microélectronique អាមេរិកាំង មករុស្ស៊ី ក្នុងទឹកប្រាក់សរុបគឺជាង ៥០ លានដុល្លារ លក់នេះ ដោយឆ្លងកាត់តាមប្រទេសទី៣ មានកាណាដាជាដើម។
ឈ្មោះ Alexandre Fishenko ដែលសព្វថ្ងៃ អាយុ ៤៦ឆ្នាំទៅហើយ ស្របនឹងច្បាប់អាមេរិកាំង គឺអាចត្រូវកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេលដល់៧៥ឆ្នាំឯណោះ ក្នុងនោះគឺតាមបទរកស៊ី នៅអាមេរិក ដោយគ្មានអាជ្ញាប័ណ្ណ, តាមបទលាងលុយ និងតាមបទលួចយកការណ៍ឲ្យរុស្ស៊ី។ ឈ្មោះនេះ បានធ្វើចំណាកស្រុកពីរុស្ស៊ី ទៅរស់នៅស.រ.អា. ក្នុងឆ្នាំ ១៩៩៤ ហើយក្នុងឆ្នាំ ២០០៣ បានទទួលសញ្ជាតិអាមេរិក៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati













អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ