អានតួអត្ថបទ
រុស្ស៊ី-អូតង់

រុស្ស៊ី​ថានឹង​កែប្រែ "យុទ្ធសាស្ត្រ​ទ័ព" ខ្លួន​ដើម្បី​ទុក​ទប់ទល់​នឹង​អូតង់

សេចក្តីនេះ ថ្លែងព្រឹកមិញ ក្នុង​បទសម្ភាសន៍ ទៅ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RIA Novosti ដោយ​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី លោក មីខាអ៊ីល ប៉ូប៉ូវ ដែល​ចង្អុល ឲ្យឃើញថា សហរដ្ឋអាមេរិក កំពុង​បង្កើន​ក្រុមទ័ពអូតង់ ប្រចាំនៅតាម​បីប្រទេស​បាល់ទ៍ ទាំង គ្រោងបញ្ជូនទៅ​នូវ​សព្វាវុធ​ធុនធ្ងន់ៗ បូកទាំង​រថក្រោះ ទៅកាន់ ប្រទេស​អេស្តូនី ជាដើម។

រថក្រោះ​របស់​រុស្ស៊ី​នៅ​ក្បែរ​ព្រំដែន​ជាមួយ​អ៊ុយក្រែន
រថក្រោះ​របស់​រុស្ស៊ី​នៅ​ក្បែរ​ព្រំដែន​ជាមួយ​អ៊ុយក្រែន REUTERS/Alexander Demianchuk
ផ្សាយពាណិជ្ជកម្ម

 

មូលហេតុនៃសេចក្តីថ្លែងការណ៍នេះ គឺមកពី​បក្សសម្ព័ន្ធ​អូតង់ ស្របនឹង​ការចុះផ្សាយ នៃ​កាសែតអាល្លឺម៉ង់​មួយ​កាលពីម្សិលម៉្ងៃ មាន​គម្រោង​ពង្រាយ​មូលដ្ឋាន​យោធា៥ថ្មី ប្រចាំនៅ តាម​បីប្រទេស​បាល់ទ៍ គឺ លីទុយអានី ឡេតូនី អេស្តូនី ព្រមទាំងនៅ ប៉ូឡូញ​ និង រូម៉ានី ដែលសុទ្ធតែ មានព្រំដែន​ជាប់នឹង​រុស្ស៊ី។ តាមគម្រោង​អូតង់ នៅនឹង​មូលដ្ឋាននេះ​នីមួយៗ នឹង​ដាក់ឲ្យ​ឈរជើង គឺ​យោធា​អូតង់ ៦០០នាក់​សម្រាប់​អំឡុងពេល​យូរតែម្តង។ ផែនការនេះ ត្រូវ​លើកយក​ទៅ​ពិភាក្សា ក្នុង​ជំនួបកំពូល​អូតង់ នៅ​ប្រទេស​អង់គ្លេស​ថ្ងៃ ៤-៥ កញ្ញា​ខាងមុខ។

លោក មីខាអ៊ីល ប៉ូប៉ូវ អនុប្រធាន ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី  ក្នុង​បទសម្ភាសន៍​នោះ លំអិត​ថា ៖ ការកែប្រែ « យុទ្ធសាស្ត្រ​ទ័ពរុស្ស៊ី »  គឺតម្រូវ ដោយ​កត្តា​នយោបាយ​ក្រៅប្រទេស មួយចំនួន បែបយ៉ាង ទន្ទឹមនឹងការ​ដែល​អូតង់​ចេះតែ​វាតទី រំកិលមក​ទិស​ខាងកើត មកជិតនឹង រុស្ស៊ី ក៏ចោទឡើង​ទាំងបញ្ហា បណ្តាល​មកពី ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆាំងមីស្ស៊ីល ដែល​ស.រ.អា.​បន្ត​បង្កើតឡើង នៅ​អឺរ៉ុប​ខាងកើត សម្រាប់​បន្សោយ​ជាមុន សក្តានុពល​កងកម្លាំង​បរមាណូ​របស់ រុស្ស៊ី ព្រមទាំង​មកពីស្ថានការណ៍​នៅអ៊ុយក្រែន។ ម៉្លោះហើយ បានជា​តាម​ប្រសាសន៍​គាត់ យុទ្ធសាស្ត្រ​ទ័ព ដែល​រុស្ស៊ី បានអនុម័ត​តាំងពី៤ឆ្នាំមុន គឺ​ក្នុងឆ្នាំ ២០១០ មិនអាច​ឆ្លើយ តបនឹង កាលៈទេសៈថ្មី បាន​ពេញលក្ខណៈ​ឡើយ។ ការកែប្រែ ត្រូវសម្រេច​ឲ្យបាន​មុនដំណាច់ឆ្នាំ​នេះ។

គួរនិយាយថា នៅលើផ្លូវធានា​ដល់​សន្តិសុខជាតិ​ខ្លួន សម្រាប់​ប្រឈមនឹង ប្រព័ន្ធខែល​មីស្ស៊ីល ប្រឆាំងមីស្ស៊ីល​របស់អូតង់ នៅលើ​ដែនដី​ប៉ូឡូញ រុស្ស៊ី​បានដំឡើង​ទៅហើយ​ឲ្យ ប្រចាំការ នៅ ខេត្ត​កាលីនីនក្រាដ ប៉ែកខាងលិច​បង្អស់​របស់ខ្លួន គឺកាំជ្រួច​មីស្ស៊ីល មាន​ប្រសិទ្ធិភាព​ខ្ពស់ ធុន Iskander ដែល​វង់សកម្ម​របស់វា បាញ់ដល់​ចម្ងាយ ៥០០គ.ម. គ្របដណ្តប់​បាន​យ៉ាងងាយ លើដែនដី​ប៉ូឡូញ​ទាំងមូល​ពីកើត ទៅលិច ក៏ដូចជា​គ្របដណ្តប់​លើ ដែនដី​នៃ​បីប្រទេស​បាល់ទ៍ តូចច្រម៉ក់ៗ នៅ​ជាប់នឹង​រុស្ស៊ី។ តាមដែល​ក្រសួង​ការពាររជាតិ​រុស្ស៊ី​បាន​បង្ហើបឲ្យដឹង កាំជ្រួច Iskander នេះ ក៏នឹងត្រូវ​រុស្ស៊ីដំឡើង នៅ​ប៉ែកខាងត្បូង​ប្រទេស នៅជិត​ព្រំដែន រូម៉ានី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ