ទីក្រុងម៉ូស្គូត្រៀមខ្លួននឹងផ្តើមបេសកកម្មការទូតនៅក្នុងទីក្រុងដាម៉ាស់
សិទ្ធិវេតូរបស់ប្រទេសរុស្ស៊ី និងចិនប្រឆំាងនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីវិបត្តិស៊ីរី បានបង្កឲ្យមានប្រតិកម្មយ៉ាងផុសផុលពីសំណាក់សហគមន៍អន្តរជាតិ ពិសេសពីក្រុមប្រទេសអារ៉ាប់។ ប្រឈមមុខនឹងការរិះគន់ ទិតៀននេះ ទីក្រុងម៉ូស្គូត្រៀមខ្លួននឹងធ្វើការបកស្រាយនូវមូលហេតុនៃការប្រើសិទ្ធិវេតូរបស់ខ្លួន។ នៅថ្ងៃអង្គារ ទី៧ កុម្ភៈស្អែក លោកប្រមុខការទូតរុស្ស៊ី Serguei Lavrov នឹងផ្តើមបំពេញទស្សនកិច្ចនៅក្នុងប្រទេសស៊ីរី។
ការដែលរុស្ស៊ីបានប្រើសិទ្ធិវេតូប្រឆំាងនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីវិបត្តិស៊ីរី ជាភស្តុតាងដែលបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងម៉ូស្គូមិនព្រមបោះបង់ចោលសម្ព័ន្ធមិត្តស៊ីរីរបស់ខ្លួនទេ។ ស៊ីរីដែលជាម៉ូយទិញគ្រឿងសព្វាវុធដ៏សំខាន់របស់រុស្ស៊ី។ តែប្រឈមមុខនឹងអំពើហិង្សាដែលកំពុងបន្តសម្លាប់ជីវិតមនុស្សនៅក្នុងប្រទេសស៊ីរី រុស្ស៊ីបានបន្តព្យាយាមឲ្យសហគមន៍អន្តរជាតិអនុម័តចេញនូវផែនការមួយដែលសំដៅដាក់ទ័ណ្ឌកម្មលើរដ្ឋាភិបាល និងក្រុមអ្នកប្រឆំាងរដ្ឋាភិបាល។ សម្រាប់ទីក្រុងម៉ូស្គូ គ្មានហេតុផលណាមួយដែលខ្លួនត្រូវផ្តល់ភ្លើងខៀវឲ្យសហគមន៍អន្តរជាតិចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសស៊ីរីទេ ហើយក៏គ្មានហេតុផលណាមួយដែលត្រូវទាមទារឲ្យមានការផ្លាស់ប្តូររបបថ្មីនៅស៊ីរីតាមបែបលទ្ធិប្រជាធិបតេយ្យដែរ។ គ្រប់ពេលទំាងអស់ លោកប្រមុខការទូតរុស្ស៊ី Serguei Lavrov បានជំទាស់នឹងការប្រើប្រាស់កម្លំាង និងគ្រប់សេចក្តីសម្រេចចិត្តណាដែលសំដៅដាក់ទ័ណ្ឌកម្មលើរបបស៊ីរី ហើយនំាទៅរកសេណារីយោដូចប្រទេសលីប៊ី។
ដើម្បីជាសក្ខីកម្មបញ្ជាក់ពីការប្រើសិទ្ធិវេតូរបស់ខ្លួន ទីក្រុងម៉ូស្គូបានលើកយកហេតុផលថា គម្រោងសេចក្តីសម្រេចចិត្តដែលបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខមិនបានឆ្លុះបញ្ចំាងការពិតនៅក្នុងប្រទេសស៊ីរីទេ។ យោងតាមទីក្រុងម៉ូស្គូ ដំណោះស្រាយឲ្យវិបត្តិនយោបាយនៅស៊ីរីមិនអាចធ្វើឡើង ដោយអំពាវនាវឲ្យមានការផ្លាស់ប្តូររបបនយោបាយ ឬមួយក៏ដាក់ទ័ណ្ឌកម្មទៅលើភាគីតែម្ខាងនោះទេ ព្រោះថា វាជាជម្លោះរបស់គ្រប់ភាគីដែលពាក់ព័ន្ធ។ ទន្ទឹមគ្នានេះ រុស្ស៊ីថែមទំាងបានទម្លាក់កំហុសដាក់ក្រុមប្រទេសខាងលិច ថាជាអ្នកទទួលខុសត្រូវចំពោះបរាជ័យនៅក្នុងកិច្ចចរចានៅទីក្រុងញូវយ៉ក។
ប្រមុខការទូតរុស្ស៊ីនៅតែមានជំនឿថា គេអាចរកដំណោះស្រាយឲ្យវិបត្តិនយោបាយស៊ីរីតាមផ្លូវចរចា។ គឺនៅក្នុងបរិបទនេះហើយ ដែលលោក Serguei Lavrov នឹងធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស់នៅថ្ងៃអង្គារស្អែកដើម្បីជួបចរចាជាមួយលោកប្រធានាធិបតីស៊ីរី Bachar el Assad។ លោក Serguei Lavrov នឹងព្យាយាមនិយាយបញ្ចុះបញ្ចូលលោក Bachar el Assad ឲ្យបើកកិច្ចចរចាថ្នាក់ជាតិជាមួយគ្រប់ភាគីនៅក្នុងជម្លោះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ