រុស្ស៊ី-ស៊ីរី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 06 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 06 សីហា 2012

រុស្ស៊ី​បញ្ឈប់​ការ​ហោះហើរ​ទៅកាន់​ប្រទេស​ស៊ីរី

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Aeroflot
យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Aeroflot
REUTERS/Luke MacGregor

ដោយ កែវ ឆាយា

សេចក្តីនេះ​ប្រកាស​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏ធំបំផុត​នៅ​រុស្ស៊ី និង​នៅ​អឺរ៉ុប​ខាង​កើត គឺ​ក្រុមហ៊ុន Aeroflot ។ មូលហេតុ​នៃ​ការ​បញ្ឈប់​ជើងហោះហើរ គឺ​មកពី​ចំនួន​អ្នកធ្វើដំណើរ​តាមផ្លូវ​នេះ​ចេះតែ​ថយចុះទៅ​ជា​ដរាប តាំងពី​មាន​អធិករណ៍​ប្រដាប់អាវុធ​ផ្ទុះឡើង ក្នុង​ប្រទេស​ស៊ីរី លុះ​ទាល់តែ​នា​ពេល​ចុងក្រោយ សឹង​គ្មាន​មនុស្ស​ជិះសោះ។

សេចក្តីរាយ​ការណ៍​របស់​​ កែវ ឆាយា
 

06/08/2012

មកទល់ឥឡូវ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន Aeroflot តែង​បាន​ធ្វើការ​ហោះហើរ​ជារឿយៗ ពី​ក្រុង Moscou ត្រង់ភ្លឹង ទៅកាន់​ក្រុង Damas រដ្ឋធានី​ស៊ីរី ដល់ទៅ​២ជើង ក្នុង​មួយសប្តាហ៍ តាម​យន្តហោះ​ម៉ាក Airbus-A320។
 
ប៉ុន្តែ តាមសម្តី​លោក​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ស៊ីរី Mahmud Said ការនេះ​មិនមែន​មានន័យ​ថា រវាង​រុស្ស៊ី និង​ស៊ីរី លែងមាន​ជើង​យន្តហោះ ហោះហើរ​ជារឿយៗ​ទៀតឡើយ។ គ្រាន់តែ​ការ​ហោះហើរ ពីម៉ូស្គូ​ទៅកាន់​ក្រុង​ដាម៉ាស នឹង​បន្ត​ប្រព្រឹត្តទៅ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេង ដែល​តម្រូវឲ្យ​អ្នកដំណើរ​ប្តូរជើង​យន្តហោះ​ម្តង​ឬ​២ដង ទម្រាំ​ទៅដល់​ក្រុង​ដាម៉ាស ក្រោយពី​ចេញ​ពី​ម៉ូស្គូ​ទៅ។
 
លោក Mahmud Said ក៏ចង្អុល​ឲ្យឃើញ​ដែរ​ថា សហភាព​អឺរ៉ុប ក្នុង​ក្របខ័ណ្ឌ​នៃ​ទណ្ឌកម្ម​ប្រឆាំង​ស៊ីរី ហាម​មិនឲ្យ​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីរី Syrian Air ចុះចត នៅតាម​អាកាសយានដ្ឋាន ទាំង​២៧ប្រទេស ដែល​ជា​សមាជិក​សហភាព​នេះ។ ម្យ៉ាងទៀត ដោយមកពី​ស្ថានការណ៍​តានតឹង​ខ្លាំង ពោរពេញ​ទៅដោយ​គ្រោះថ្នាក់​ក្នុង​ប្រទេស​ស៊ីរី ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​អឺរ៉ុប​ជាច្រើន ក៏​ឈប់​ធ្វើការ​ហោះហើរ​ទៅកាន់​ប្រទេស​ស៊ីរី​ដែរ។
 
ចំណែកក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Aeroflot ដោយ​ប្រកាស​អំពី​ការ​សម្រេចចិត្ត​បញ្ឈប់​ការ​ហោះហើរ​ពី​ម៉ូស្គូ​ទៅ​ក្រុង​ដាម៉ាស ក៏​រំលឹក​ដែរ​ថា នាពេល​ចុងក្រោយ តែង​មាន​អ្នកដំណើរ​ជិះ​ពេញៗ​ក្នុង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីរី Syrian Air ដែល​ហោះ​ពី​ក្រុង​ដាម៉ាស មក​ម៉ូស្គូ។
 
ទាក់ទង​នឹង​ជើង​យន្តហោះ​ពី​ស៊ីរី មក​ម៉ូស្គូ កាសែត​រុស្ស៊ី Kommersant លេខ​ថ្ងៃនេះ ព្រួយបារម្ភ អំពី​ជាតិ​រុស្ស៊ី ដែល​សព្វថ្ងៃ​រស់នៅ​ទាំង​ហែហម​ទៅដោយ​ហានិភ័យ​សម្រាប់​ជីវិត​ខ្លួន។ ប៉ុន្តែ តាម​ព័ត៌មាន​ទទួលបាន​ដោយ​កាសែត​នេះ រដ្ឋអំណាច​រុស្ស៊ី​មិន​ប្រញាប់ប្រញាល់​នឹង​ជម្លៀស​ជនរួមឈាម​ខ្លួន ចេញពី​ប្រទេស​ស៊ីរី ដែល​កំពុង​ឆាបឆេះ​ដោយ​ភ្លើង​សង្គ្រាម​ឡើយ។ ស្ថានទូត​រុស្ស៊ី នៅ​ក្រុង​ដាម៉ាស បាន​ឲ្យដឹង​ថា បច្ចុប្បន្ន ចុះឈ្មោះ​ក្នុង​បញ្ជី​ស្ថានទូត ជា​ពលរដ្ឋ​រុស្ស៊ី រស់នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​ជំនិត​នឹង​រុស្ស៊ី គឺ​មាន​ជាតិ​រុស្ស៊ី ដល់​ទៅ​១ម៉ឺន​នាក់។
 
ជាការកត់សម្គាល់ ក្រុមហ៊ុន Aeroflot ដែល​មាន​យន្តហោះ ចំនួន​១២២គ្រឿង ធុន Boeing និង Airbus ក្នុង​ឋានៈ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ជាងគេ​នៅ​អឺរ៉ុប​ខាង​កើត សព្វថ្ងៃ​ធ្វើការ​ហោះហើរ ទៅកាន់ ៥៤ប្រទេស នៃ​គ្រប់​ទ្វីប​ទាំងអស់៕

tags: រុស្ស៊ី - ស៊ីរី - អាកាសចរណ៍
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close