រុស្ស៊ីជាប់លេខ៣០ ខាងសេរីភាពប្រើអ៊ិនធ័រណែត

ចំណាត់ថ្នាក់នេះ មានចែងក្នុងរបាយការណ៍ ក្រោមឈ្មោះថា “Freedom on the Net 2012” ទើបចេញផ្សាយដោយអង្គការក្រៅរដ្ឋាភិបាលអាមេរិកាំង Freedom House ពោលគឺ អំពីកម្រិតនៃសេរីភាព ខាងប្រើបណ្តាញអ៊ិនធ័រណែត។ អង្គការនេះ ដែលកើតមក តាំងពីឆ្នាំ ១៩៤១ ម៉្លេះ ល្បីខាងស្រាវជ្រាវអំពីសេរីភាពនយោបាយ និង សេរីភាពស៊ីវិល នៅក្នុងលោក។
របាយការណ៍នេះ លើកឡើងថា ជាប់លេខ១នាំមុខគេ គឺប្រទេស Estonie, ជាប់លេខ២ គឺ ស.រ.អា. ហើយលេខ៣ គឺ អាល្លឺម៉ង់។ ស្ថិតក្នុងចំណោម ១០ ប្រទេសនាំមុខគេ តាំងពីលេខ៤ ដល់លេខ១០ គឺ អូស្ត្រាលី ហុងគ្រី អ៊ីតាលី ហ្វីលីពីន អង់គ្លេស អាហ្សង់ទីន និងសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។
រីឯប្រទេសជាប់លេខចុងប៉ូចគេ ក្នុងចំណោម ៤៧ប្រទេស ដែលត្រូវបានសិក្សា ដោយក្រុមអ្នកស្រាវជ្រាវ ៥០នាក់ របស់ Freedom House ក្នុងរយៈពេល ពីខែមករាឆ្នាំ២០១១ ដល់ ខែឧសភាឆ្នាំ២០១២ ខាងរឹតត្បិតសេរីភាពប្រើអ៊ិនធ័រណែត គឺ ចិន គុយបា និង អ៊ីរ៉ង់។
ករណីអ៊ីរ៉ង់ បណ្តាញអ៊ិនធ័រណែតទាំងមូល គឺស្ថិតនៅក្រោមការត្រួតពិនិត្យ របស់អាជ្ញាធរ ដែលអាចច្រោះ ហើយខ្ទប់បិទ Websiteនេះ ឬនោះ ដល់ទៅរាប់ម៉ោង។
ករណី Estonie ដែលជាប់លេខ១នាំមុខគេ ត្រូវ Freedom House កត់សម្គាល់ថា សេរីភាពខាងប្រើអ៊ិនធ័រណែត ឥតមាននរណាហ៊ានបំពានឡើយ ប៉ុន្តែ អាជ្ញាធរបានអនុម័តច្បាប់យ៉ាងតឹងរ៉ឹង ការពារព័ត៌មានរបស់បុគ្គល។
ករណីរុស្ស៊ី ដែលជាប់លេខ៣០ ត្រូវបាន Freedom House កត់សម្គាល់ថា ក្នុងឆ្នាំ២០១១ មានបណ្តាជន៤៩% ទៅហើយ ប្រើអ៊ិនធ័រណែត គឺជិត៣ដង ច្រើនជាង៦ឆ្នាំមុន ដែលមានតែ១៨%។ Freedom House សរសើររដ្ឋាភិបាលរុស្ស៊ី ដែលគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍន៍បណ្តាញអ៊ិនធ័រណែត។ យ៉ាងណាមិញ គិតមកទល់ឆ្នាំ២០០៨ សាលារៀនភាគច្រើននៅរុស្ស៊ីបានតភ្ជាប់ទៅហើយ ទៅនឹងបណ្តាញនេះ។
ប៉ុន្តែ Freedom House ព្រួយបារម្ភ ចំពោះការត្អូញត្អែររបស់ពួកអ្នកការពារសិទ្ធិមនុស្ស ដែលថា ប៉ូលីសនិងស្ថាប័នរដ្ឋអាជ្ញារុស្ស៊ី រមែងធ្វើគំនាប តាមទូរស័ព្ទទៅពួក Bloggers ឲ្យលុបចេញទៅ អត្ថបទណា ដែលទិតៀនរដ្ឋអំណាច ក្រោមលេសថា វាអាចប៉ះពាល់ ដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។
អង្គការ Freedom House ក្នុងរបាយការណ៍ខ្លួន ចង្អុលឲ្យឃើញ ថា ថ្វីត្បិតតែ រដ្ឋធម្មនុញ្ញ រុស្ស៊ី ធានា នូវ សិទ្ធិ សម្រាប់ បញ្ចេញមតិ ដោយសេរី ក្តី ក៏មាត្រានេះ នៃ ច្បាប់គោល រុស្ស៊ី តែងត្រូវ អាជ្ញាធរ រំលោភបំពាន ហើយ នៅមិនទាន់ មានទេ ច្បាប់ពិសេស ដែល ការពារ សេរីភាព វោហា នៅតាម បណ្តាញ អ៊ិនធ័រណែត៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ