អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី​ទាមទារ​ឲ្យ​អូតង់​បញ្ជាក់​ពី​វិធានការ​ពង្រាយ​ទ័ព នៅ​អឺរ៉ុប​ខាង​កើត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍ទី ៣ មេសា រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី បាន​កោះប្រជុំ​សម្ព័ន្ធ​មិត្ត របស់​រុស្ស៊ី ដូចជា​បេឡូរុស្ស៊ី អារមេនី កាហ្សាស់ស្ថាន គៀហ្សីស្ថាន និង​តាហ្សីគីស្ថាន នៅទីក្រុង​ម៉ូស្គូ។ កាលពីថ្ងៃ​អង្គារ ទី ១ មេសា អង្គការ​អូតង់ បាន​សម្រេច​ផ្អាក ព្យួរ​រាល់​សហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការចង​ភ្ជាប់​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន​ទៅក្នុង​ទឹកដី​រុស្ស៊ី។

©REUTERS/Laurent Dubrule
ផ្សាយពាណិជ្ជកម្ម

ជំនួប​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ដែល​ធ្លាប់​ជា​សហភាព​សូវៀត ធ្វើឡើង ដើម្បី​ឆ្លើយតប​នឹង​ចំណាត់ការ​របស់​អង្គការ​អូតង់។ កាលពី​ថ្ងៃ​អង្គការ​អូតង់ សម្រេច​ព្យូរ​សហប្រតិបត្តិការ​ទាំង​យោធា និង​ស៊ីវិល ជាមួយ​រុស្ស៊ី។ ក្រុម​រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​សមាជិក​អូតង់​ថែម​ទាំង បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​ទ័ព​ នៅ​អូតង់ ធ្វើ​ផែនការ​ថ្មី ដើម្បី​ពង្រឹង​ផ្នែកការពារ​របស់​អង្គការ​អូតង់។ នៅក្នុង​ផែនការ​នោះ មាន​រួមបញ្ចូល​វិធានការ​បញ្ជូន​ទ័ព​អូតង់ និង​សព្វាវុធ​ទៅ​ប្រទេស​សមាជិក​អូតង់ ដែលស្ថិតនៅ​ភាគខាងលិច​អឺរ៉ុប។ អូតង់​គ្រោង​ផងដែរ ថា នឹង​បង្កើន​សមយុទ្ធ​យោធា កាន់តែ​ច្រើន​ជាង​មុន ដើម្បី​អាច​ធ្វើការ​ពង្រាយទ័ព​យ៉ាង​ប្រសិទ្ធភាព​ចូល​ទៅកាន់​តំបន់​ដែល​អាច​រង​ការឈ្លានពាន។

 
រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី បាន​ទាមទារ នៅថ្ងៃ​នេះ សុំ​ឲ្យ​អូតង់​បញ្ជាក់​ឲ្យ​ច្បាស់ ពី​យុទ្ធសាស្រ្ត​ពង្រាយ​ទ័ព​របស់ខ្លួន នៅ​ប្រទេស​អឺរ៉ុប ដែល​ស្ថិតនៅក្បែរ​រុស្ស៊ី។ តាមរុស្ស៊ី អូតង់​ត្រូវ​ឆ្លើយតប​នឹង​សំណួរ​របស់​រុស្ស៊ី និង​ត្រូវ​តែ​ហ៊ាន​បញ្ជាក់​ថា តើ​ចំណាត់ការ​របស់​អូតង់​ធ្វើឡើង ដោយ​គោរព​ទៅតាម​បទបញ្ជា​រួមគ្នា ដែល​អូតង់ និង​រុស្ស៊ី​បាន​ចុះជាមួយ​គ្នា​ដែរ​ទេ។

នៅក្នុង​ជំនួប​កំពូល​ដែល​បិទ​បញ្ចប់​កាលពីថ្ងៃ​ពុធ​ម្សិលមិញ អង្គការ​អូតង់​ក៏​បាន​ព្យាយាម​និយាយ​ធានា​សន្តិសុខ​ដល់​ប្រទេស​អឺរ៉ុប​មួយចំនួន ដែល​ស្ថិតនៅក្បែរ​ទឹកដី​រុស្ស៊ី។ ប្រទេស​ដែល​ស្ថិតនៅ​ជាប់​រុស្ស៊ី​ព្រួយបារម្ភ​ពី​សន្តិសុខជាតិ​របស់ខ្លួន បន្ទាប់​ពី​ឃើញ​រុស្ស៊ី​ចាប់​ពង្រាយ​ទ័ព សន្ធឹកសន្ធាប់ នៅ​តាម​ព្រំដែន​ខាងកើត រុស្ស៊ី ជាពិសេស​នៅ តាម​ព្រំដែន​ជាមួយ​អ៊ុយក្រែន។ តាម​មេបញ្ជាការ​ទ័ព​អាមេរិកម្នាក់ ទ័ព​រុស្ស៊ី​ជាទ័ពឆ្នើម ទទួល​ការបណ្តុះ​បណ្តាល​ខ្ពស់ និង​មាន​សមត្ថភាព​ប្រយុទ្ធ​ដណ្តើម​បាន​ទីតាំង តែ​ក្នុងរយៈពេល ៤ ទៅ​៥​ថ្ងៃ ប្រសិន​បើ​គេ​បាន​ទទួល​បញ្ជា​ពី​ថ្នាក់លើ។ ប្រទេស​អឺរ៉ុប​ដែល​ជា​សមាជិក​អូតង់​ខ្លាចថា រុស្ស៊ី ដែល​បាន​ចងភ្ជាប់​ទឹកដី​គ្រីមេ​ចូល​ជា​ទឹកដី​របស់ខ្លួនហើយនោះ នឹង​អាច​ប្រើទ័ព​ឈ្លានពាន​ប្រទេស​ពួកគេ​បន្តទៀត។

នៅក្នុង​ជំនួប​កំពូល​អូតង់ នៅ​ព្រុចស៊ែល ប្រទេស​ជុំវិញ​សមុទ្រ​បាល់ទិក ដែល​បារម្ភខ្លាំង​ពី​សន្តិសុខ​របស់ខ្លួន ទល់​នឹង​ការគំរាមកំហែងរបស់​រុស្ស៊ី ថែម​ទាំង​បាន​ទាមទារ​ឲ្យ​មាន​ការបោះ​មូលដ្ឋានទ័ព​ជាអចិន្ត្រៃយ៍​របស់​អូតង់​ក្នុង​ទឹកដី​របស់ខ្លួន។ អគ្គលេខាធិការ​របស់​អង្គការ​អូតង់​បាន​អះអាងថា អូតង់​នៅមិនទាន់​ឈាន​ដល់​ដំណាក់កាល​នោះទេ ព្រោះ​អូតង់​មិនចង់​ចាក់សាំង​លើ​ភ្លើង គឺ​រុញ​ឲ្យ​រុស្ស៊ី​កាន់តែខឹង​ក្រោធ​នោះទេ។ អូតង់​ចង់​បន្ថយភាព​តានតឹង និង​ដើរ​តាម​ផ្លូវចរចា​ការទូត ដោយ​ជៀសវាង​ការប្រឈមមុខ​ផ្នែក​អាវុធ​ជាមួយ រុស្ស៊ី។

ប៉ុន្តែ យ៉ាងណាក៏ដោយ ក្នុងពេល​រង់ចាំ​ឲ្យ​រុស្ស៊ី​ដកទ័ព​ចេញពី​ព្រំដែន​ជាមួយ​អ៊ុយក្រែន ប្រទេស​សមាជិក​របស់​អង្គការ​អាត្លង់ទិក​មួយ​ចំនួន បាន​សម្រេច​ចិត្ត ពង្រឹង​វត្តមាន​ទ័ព តាមតែ​អាច​ធ្វើ​ទៅបាន នៅក្នុង​ទឹកដី​ប្រទេស​សមាជិក អូតង់ ដែល​ស្ថិតនៅ​ក្បែរ​រុស្ស៊ី។ ជាក់ស្តែង តាំង​តែ​ពី​អូតង់​សំគាល់​ឃើញ​ទ័ព​រុស្ស៊ី ត្រូវ​ពង្រាយ​យ៉ាងច្រើន នៅតាម​ព្រំដែន​អ៊ុយក្រែន អូតង់​បាន​បញ្ជូន​យន្តហោះ​ចម្បាំង កាន់តែច្រើន ទៅហោះហើរ​ការពារ​ដែនអាកាស​ឲ្យ​ប្រទេស​សមាជិក នៅ​តំបន់​សមុទ្រ​បាល់ទិក។ កាលពី​ដើម​សប្តាហ៍មុន អាមេរិក​ជាសមាជិក​មួយដែរ ទើប​បាន​បញ្ជូន​យន្តហោះ​ចម្បាំង ១០គ្រឿងទៀត ទៅ​ហោះ​ក្នុង​ដែន​អាកាស​របស់​ប្រទេស​លេតូនី អេស្តូនី និង​លីទុយអានី ដែល​បើតាម​អូតង់ គឺ​នៅមិនទាន់​មាន​សមត្ថភាព​យោធា​គ្រប់គ្រាន់​ដើម្បី​ការពារ​ដែនអាកាស​របស់ខ្លួន។ អាមេរិក ដែល​ទើប​បញ្ជា​ឲ្យ​អង្គការ​ណាសា​ផ្អាក​សហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ ម្សិលមិញ បាន​បញ្ជូន​នាវា​ចម្បាំង​របស់ខ្លួន​រួចហើយ ទៅក្នុង​សមុទ្រ​ខ្មៅ។

ជំនួប​រដ្ឋមន្រ្តីការបរទេស​អាមេរិក​ និង​រុស្ស៊ី​ដើម្បី​ពិភាក្សា​ស្តីពី​វិបត្តិ​អ៊ុយក្រែន នៅ​ប៉ារីស មិន​បាន​ផ្តល់​លទ្ធផល​អ្វីសោះ
ជំនួប​រដ្ឋមន្រ្តីការបរទេស​អាមេរិក​ និង​រុស្ស៊ី​ដើម្បី​ពិភាក្សា​ស្តីពី​វិបត្តិ​អ៊ុយក្រែន នៅ​ប៉ារីស មិន​បាន​ផ្តល់​លទ្ធផល​អ្វីសោះ REUTERS/Jacquelyn Martin/Pool

វិបត្តិ​អ៊ុយក្រែន៖ រុស្ស៊ី​មានអារម្មណ៍​ខ្លួន​ត្រូវ​ប្រទេស​លោកខាងលិច​បោកប្រាស់
ដើម្បី​អាច​យល់​រឿងនេះ គេត្រូវ​ត្រលប់​ទៅមើល​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩០ នៅពេល​ដែល​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ដើម្បី​ទាក់ទាញ​សូវៀត​ឲ្យ​គាំទ្រ ការបង្រួបបង្រួម​អាល្លឺម៉ង់ បាន​សន្យា​ទៅ​ភាគី សហភាព​សូវៀតថា នឹង​ អូតង់ សម្ព័ន្ធមិត្ត​ខាងលិច នឹង​មិន​ដាក់ជើង ពង្រីក​ឥទ្ធិពល​របស់ខ្លួន ទៅតំបន់​ខាងកើត​ទេ។ ប៉ុន្តែ នៅឆ្នាំ ១៩៩៩ ប្រទេស​ប៉ូឡូញ សាធារណរដ្ឋ​ឆែក និង​ហុងគ្រី ដែល​បែក​ចេញ​ពី​សហភាព​សូវៀត​បាន​ចូលរួម​ជាមួយ អូតង់។ ប្រាំឆ្នាំ​ក្រោយ នៅឆ្នាំ ២០០៤ ប៊ុលហ្គារី រូម៉ានី ស្លូវ៉ាគី និង​ប្រទេស​ជាប់សមុទ្រ​ប៉ាល់ទិក​ទាំងបី បាន​ចូលរួម​ជាមួយ​អូតង់។ ការចូលរួម​ជា​សមាជិក​របស់​ប្រទេស​អតីត​សហភាព​សូវៀត ទៅក្នុង​អង្គការ​អូតង់ ដែល​ដឹកមុខ​ដោយ​អាមេរិក ត្រូវ​បាន​រុស្ស៊ី​ចាត់ទុក​ជា​ការក្បត់​ការសន្យា​របស់​អូតង់ និង​ជា​ការគំរាមកំហែង​ដល់​ដែន​ឥទ្ធិពល​របស់​រុស្ស៊ី។

នៅឆ្នាំ ២០០៨ ប្រទេស​អ៊ុយក្រែន ដែល​ស្ថិតនៅ​ជាប់​រុស្ស៊ី​ច្រើន​ជាងគេ សឹង​តែ​បាន​ចុះ​ឈ្មោះ ក្លាយ​ជា​សមាជិក​របស់​អូតង់ ទៅហើយ។ ប៉ុន្តែ គឺ​នាយក​រដ្ឋមន្រ្តី អាល្លឺម៉ង់​ដែល​បាន​ជួយទប់​កុំទាន់​​ឲ្យ​អ៊ុយក្រែន ចូល​ជា​សមាជិក​របស់​អូតង់ ដែល​នោះ នឹង​បង្ក​ឲ្យ​រុស្ស៊ី​ក្តៅ​ក្រហាយ។

ដោយសារ​តែ​ចាញ់កល​ប្រទេស​លោកខាងលិច ម្តង ជាពីរដង រុស្ស៊ី លែង​ជឿទុកចិត្ត​ប្រទេស​លោក​ខាងលិច ទៀត។ ជាពិសេស នៅពេល​អាមេរិក​ចាប់ផ្តើម​លូកដៃ​ចូលកិច្ចការ​នយោបាយ​របស់​អ៊ុយក្រែន ដែល​តាមពិតទៅ ជាទឹកដី ស្ថិតនៅ​ចុងច្រមុះ​របស់​រុស្ស៊ី និង​ដែល​រុស្ស៊ី​កំពុង​ទាក់ទាញ​មកចូលរួម ក្នុង​សហព័ន្ធ​ដែល​រុស្ស៊ី​ដឹកនាំ។

តាមរយៈការចងភ្ជាប់​គ្រីមេ មកក្នុង​ទឹកដី​របស់ខ្លួន រុស្ស៊ី​នៅ​តែ​បង្ហាញ​ភាពត្រឹមត្រូវ​តាម​ច្បាប់ និង​ភាព​សមហេតុ សមផល ក្នុងការការពារ​ទឹកដី និង​ដែន​ឥទ្ធិពល​របស់ខ្លួន​ប្រឈមមុខ​នឹង​ការពង្រីក​ឥទ្ធិពល​របស់​ប្រទេស​លោកខាងលិច។ សម្រាប់​ម៉ូស្គូ វា​មិនមែន​ជា​ការឈ្លានពាន ហើយ​ការពង្រាយទ័ព​នៅក្នុង​ទឹកដី​របស់ខ្លួន គឺ​ជារឿង​ស្របច្បាប់។

សម្រាប់​អូតង់ និង​ប្រទេស​លោកខាងលិច ម៉ូស្គូ​កំពុង​ប្រើកម្លាំង​ចង់​រំលោភឈ្លានពាន​ចង់​គ្រប់គ្រង​ប្រទេស​តូចតាច អតីត​សហភាព​សូវៀត ឲ្យ​មកនៅក្នុង​ដែន​ឥទ្ធិពល​របស់​ខ្លួន។ ក្នុង​គំនិត​របស់​ប្រទេស​លោកខាងលិច រុស្ស៊ី​មិន​ព្រម​ទទួលស្គាល់​ការពិត នោះ គឺ​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ដែល​រំដោះខ្លួន​ចេញ​ពី​សហភាព​សូវៀត លែង​ចង់​ស្ថិតនៅក្រោម​ដែន​ឥទ្ធិពលរបស់​រុស្ស៊ី​ដូចមុនទៀតហើយ។ អូតង់​ជាដើម បាន​និយាយ​ការពារ​ខ្លួនថា ប្រទេស​អតីត​សហភាព​សូវៀត បាន​ចុះចូល​ជាមួយ​អូតង់ ក៏​ដើម្បី​សុំ​ឲ្យ​អូតង់​ជួយ​ការពារ​សន្តិសុខ​​របស់ពួកគេ ពីការគំរាមកំហែង​របស់​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ