កិច្ចសន្ទនាទ្វេភាគី “ដោយផ្ទាល់និងគ្រប់ជ្រុងជ្រោយ” ទៅលើបញ្ហាស៊ីរីនិងអ៊ីរ៉ង់

កិច្ចសន្ទនានេះ តាមដែលប្រភពការទូតអាមេរិកប្រកាសឲ្យដឹង បានប្រព្រឹត្តទៅ នៅក្រុងម៉ូស្គូ ថ្ងៃព្រហស្បតិ៍ទី១៦សីហា នៅឯក្រសួងការបរទេសរុស្ស៊ី ដោយពីខាងស.រ.អា. បានចូលរួម គឺមនុស្សទី៣ នៃក្រសួងការបរទេសអាមេរិក លោកស្រីអនុរដ្ឋមន្ត្រីការបរទេស Wendy Sherman។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិក មានលើកឡើងថា លោកស្រីអនុរដ្ឋមន្ត្រីការបរទេស Wendy Sherman បានជួបពិភាក្សាជាសាច់ការ នៅម៉ូស្គូ គឺជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីដល់ទៅ២រូប ៖ ម្នាក់គឺលោក Guennadi Gatilov ទទួលបន្ទុកខាងមុខព្រួញស៊ីរី និងម្នាក់ទៀត លោក Serguei Riabkov ខាងមុខព្រួញអ៊ីរ៉ង់។ ហើយការពិភាក្សានោះសោត ដូចជាសព្វមួយដងអ៊ីចឹង មានលក្ខណៈ “ត្រង់ផ្ទាល់ និងគ្រប់ជ្រុងជ្រោយ” តែម្តង។
ទាក់ទងនឹងបញ្ហាស៊ីរី លោកស្រី Wendy Sherman បានថ្លែងទៅគូសន្ទនារុស្ស៊ីថា ស.រ.អា.មិនគាំទ្រទេ “ដល់ការពន្យារអាណត្តិរបស់បេសកកម្មអ.ស.ប. ខាងត្រួតពិនិត្យនិងសង្កេតការណ៍ នៅប្រទេសស៊ីរី ហៅកាត់ថា Misnus។
ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដូចដែលមានគ្រោងទុក ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានប្រកាសថា បេសកកម្ម Misnus នេះ ដែលបានផ្តើមដំណើរការក្នុងប្រទេសស៊ីរី តាំងពីខែមេសាមក ត្រូវអស់សុពលភាព គឺនៅកណ្តាលអធ្រាត្រ ក្នុងយប់ឆ្លងទៅថ្ងៃទី២០សីហាខាងមុខ។
តាមលោកស្រី Wendy Sherman ទីក្រុងវ៉ាស៊ីនតោនគាំទ្រដល់វត្តមាននៃពួកអ្នកសង្កេតការណ៍របស់អ.ស.ប. ក្នុងចំនួនតិចតួច ឲ្យប្រចាំក្នុងប្រទេសស៊ីរី ហើយបញ្ហានេះកំពុងត្រូវយើងពិភាក្សា នៅឯក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ៖ តើតាមរបៀបណា ដែលកិច្ចការនេះអាចធ្វើទៅកើត។ ទន្ទឹមនេះ លោកស្រីលើកឡើងជាថ្មី ពីក្តីប្រាថ្នា “ចង់ឲ្យមានចាប់ផ្តើមឡើង ដំណោះស្រាយនយោបាយ នៅស៊ីរី សម្រាប់ជាផលប្រយោជន៍យូរអង្វែងរបស់សហគមន៍អន្តរជាតិ”។
ជាការកត់សម្គាល់ ទីក្រុងម៉ូស្គូបន្តស្ថិតនៅជាបង្អែកដ៏មាំបំផុត នៃរបបគ្រប់គ្រងនៅស៊ីរី ហើយដោយរួមជាមួយប៉េកាំង បានប្រើសិទ្ធិវេតូ អស់៣លើកទៅហើយ ខ្ទប់មិនឲ្យក្រុមប្រឹក្សាសន្តិសុខអនុម័តទៅកើត សេចក្តីសម្រេចដែលគំរាមដាក់ទណ្ឌកម្ម ទល់នឹងទីក្រុងដាម៉ាស។
ម្សិលមិញ ក្រោយពីមានចប់ទៅ កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ តំណាងរបស់រុស្ស៊ីបានសុំឲ្យពួកប្រទេសមហាអំណាច ដោយរួមជាមួយប្រទេស Arabie Saoudite និង Iran អំពាវនាវទៅកាន់រដ្ឋាភិបាលស៊ីរី និងភាគីប្រឆាំងនៅស៊ីរី ឲ្យខ័ណ្ឌបញ្ចប់ទៅ អធិករណ៍ក្នុងប្រទេសនេះ។
ស្តីអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក Wendy Sherman រំលឹកទៅគូសន្ទនារុស្ស៊ី “ឲ្យជឿថា នយោបាយការទូតបានមានភ័ព្វសំណាងជានិច្ច សម្រាប់ដោះស្រាយបញ្ហានេះឲ្យបានរួច”៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati












អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ