អានតួអត្ថបទ
ភូមា

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ប្រាប់ថា​អាប់មុខ​ ដោយសារ​អ្នកសារព័ត៌មាន​ម្នាក់​ទទួលទោស​ជាប់គុក​១ឆ្នាំ​

អង្គការ​អ្នកកាសែត​គ្មានព្រំដែន​​​​​បាន​លើកឡើង​ថា ​មិនអាច​ទទួល​យក​បានឡើយ នូវ​ការ​ដែល​តុលាការ​​​កាត់ទោស​អោយ​​​អ្នកកាសែត​ភូមា​មួយរូប​ ជាប់គុក​១ឆ្នាំ​ ​កាលពី​ថ្ងៃចន្ទ​ដើម​សប្តាហ៍​នេះ។​ ​កាលពីថ្ងៃ​ចន្ទ ​អ្នកកាសែត​ភូមា​ហ្សាវ ផៃ Zaw Phay ត្រូវបាន​តុលាការ​​ដាក់ទោស​អោយ​​ជាប់​ពន្ធនាគារ​មួយឆ្នាំ ពីបទ​​រំលោភ​​កម្មសិទ្ធិ​ និង​រំខានមន្ត្រី​រដ្ឋការ។ ​នៅថ្ងៃ​សុក្រ​នេះ ​​ ​សារព័ត៌មាន​​​ជាច្រើន​បាន​ដាក់​ពណ៌​លើ​​ទំព័រ​មុខ​ខ្លួន​ជាពណ៌​​​ខ្មៅ​ងងឹត ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការកាត់ទោស​នេះ។ ​

សារព័ត៌មាន​ភូមា យូនីធី​ ដែល​​​​អ្នកកាសែត​៤រូប និង​នាយកប្រតិបត្តិ​មួយរូប ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កន្លងមក ដោយសារ​​ចុះផ្សាយ​​អត្ថបទ​​ស្តី​ពី​​ការលួច​ផលិត​អាវុធ​គីមី
សារព័ត៌មាន​ភូមា យូនីធី​ ដែល​​​​អ្នកកាសែត​៤រូប និង​នាយកប្រតិបត្តិ​មួយរូប ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កន្លងមក ដោយសារ​​ចុះផ្សាយ​​អត្ថបទ​​ស្តី​ពី​​ការលួច​ផលិត​អាវុធ​គីមី ©irrawadi
ផ្សាយពាណិជ្ជកម្ម

យោងតាម​សារព័ត៌មាន​បារាំង អា អេហ្វ ប៉េ AFP នៅថ្ងៃ​សុក្រ​នេះ​ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​​បាន​​​ចេញ​សេចក្តី​រាយការណ៍​ ​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់ខ្លួន ចំពោះ​​​​សេរីភាព​ព័ត៌មាន​នៅ​ភូមា។ សេរីភាព​​​ដែល​អាច​រង​​ផល​វិបាក​​​ ដោយ​​សារ​​ការកាត់ទោស​អ្នក​កាសែត​​ភូមាមួយរូប​ កាលពី​ថ្ងៃ​ចន្ទ។ អង្គការ​អ្នកកាសែត​គ្មានព្រំដែន​​លើកឡើង​ថា មិនអាច​ទទួល​យក​បានឡើយ​នូវ​​ការ​កាត់ទោស​​អ្នកកាសែត​រូបនោះ​​ អោយ​ជាប់គុក​១ឆ្នាំ​ ដោយសារ​តែ​ជាប់ចោទ​ពី​បទ​ថា បាន​បង្កការ​រំខាន​​មន្ត្រី​រដ្ឋការ​នោះ។ ​

លោក​ Zaw Phay ហ្សាវ ផៃ ត្រូវតុលាការ​កាត់ទោស ​អោយ​ជាប់គុក​១ឆ្នាំ ​ ពីបទ​បាន​រំលោភ​ចូល​កម្មសិទ្ធិ​ និង​បង្ក​ការរំខាន​ដល់​មន្ត្រី​រដ្ឋការ។ លោក​ហ្សាវ ផៃ បំរើការ​អោយ​​សារព័ត៌មាន​​​​Democratic Voice of Burma ប្រែថា ​សម្លេង​ប្រជា​ធិបតេយ្យ​​​ភូមា។ ​កាលពី​ឆ្នាំ​២០១២ ​លោក​ផៃ ​បានចុះ​​​ទៅ​មន្ទីរ​អប់រំ​​នៅ​តំបន់​ Magway ម៉ាក់វ៉ៃ ​​ស្ថិត​នៅភាគ​កណ្តាល​ប្រទេស​ ដើម្បី​​សួរព័ត៌មាន​អ្នក​ទទួលខុសត្រូវ​ផ្នែក​អប់រំ​មួយរូប ក្នុង​ក្របខណ្ឌ​នៃ​​​​បទយកការណ៍​​ស្តីពី​អាហារូបត្ថម្ភ​សម្រាប់​ការ​សិក្សា។ ​ឱពុក​របស់​និស្សិត​​ដែល​ជួយ​នាំ​លោក​ទៅ​ជួប​មន្ត្រី​ផ្នែកអប់រំ​រូបនោះ ក៏​ត្រូវជាប់គុក​ផងដែរ។ ​

សារព័ត៌មាន​ សម្លេង​ប្រជា​ធិបតេយ្យ​​​ភូមា បាន​បរិហារ​ការកាត់ទោស​​របស់តុលាការ​ភូមា ដោយ​លើកឡើងថា ការងារ​របស់​លោក​ហ្សាវ ប៉េ គឺទាក់ទង​នឹង​ផលប្រយោជន៍​សាធារណៈ​ប៉ុណ្ណោះ។ គួររំលឹក​ថា ​សារព័ត៌មាន​​សម្លេង​ប្រជា​ធិបតេយ្យ​​​ភូមា ​ធ្លាប់​​ជាសារព័ត៌មាន​ភៀសខ្លួន​នៅ​​ក្រៅប្រទេសភូមា កាលពី​ពេល​ភូមា​ស្ថិត​ក្រោម​របប​សឹក​ចាស់។ បុគ្គលិក​របស់​​សារព័ត៌មាន​នេះ​ជាច្រើន​រូប ធ្លាប់​បាន​ជាប់ពន្ធនាគារ​​ក្នុង​របបសឹក​ចាស់ ជាប់ទោស​ពី​បទ​​បាន​ធ្វើបទយកការណ៍​​​​ក្នុង​ប្រទេស។

ក្រោយ​របបសឹក​ភូមា​ដួលរលំ​​នៅ​ដើមឆ្នាំ​២០១១មក រដ្ឋាភិបាល​ថ្មី​បាន​ធ្វើកំណែទម្រង់​ជាច្រើន ដោយ​​បាន​លុបចោល​​នូវ​ការ​ត្រួត​ពិនិត្យ​​​​​ខ្លឹមសារ​​ចុះផ្សាយ​​​​របស់​សារព័ត៌មាន ដោះលែង​អ្នកសារព័ត៌មានដែល​ជាប់ឃុំ​​ ​និង​អនុញ្ញាត​​អោយ​សារព័ត៌មានឯកជន​​ប្រចាំ​ថ្ងៃ​​ជាច្រើន​ បានចុះផ្សាយ​ទៀតផង។ ​​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​​នៅព្រួយបារម្ភ​​នៅឡើយ ចំពោះ​​ច្បាប់​ថ្មីទាក់ទង​នឹង​សារព័ត៌មាន​ដែល​គេ​​គិតថា​ មិន​សមស្រប​ចំពោះ​អ្នក​សារព័ត៌មាន។​ ទាក់ទង​នឹង​ការ​គោរព​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន ​ភូមា​ជា​ប្រទេសជាប់​លេខ​​១៤៥ ជាលេខលំដាប់​​ចុងក្រោយ ​ក្នុង​ចំណោម​ប្រទេស​​សរុប​១៨០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ