លោករ៉ុង ឈុន ជាប់បណ្តឹងនៅតុលាការខេត្តកណ្តាលរឿងដឹកនាំកូដកម្មកម្មករ

ព្រះរាជអាជ្ញាតុលាការសាលាដំបូងខេត្តកណ្ដាល បានចេញដីកាកោះហៅលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា ដើម្បីសាកសួរ ពីបទញុះញង់ឲ្យកម្មករធ្វើកូដកម្មដោយខុសច្បាប់ និងបទបរិហាកេរ្តិ៍ជាសាធារណៈ។ ពាក្យបណ្តឹងនោះ ធ្វើឡើងដោយប្រធានក្រុមហ៊ុនរោងចក្រកាត់ដេរ តៃយ៉ាង នៅជិតផ្សារបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
ដីកាកោះរបស់តុលាការខេត្តកណ្តាល ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ របស់លោក ទេព មុនិន្ទ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានអញ្ជើញលោក រ៉ុង ឈុន ឲ្យចូលនៅតុលាការ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ៩ព្រឹក ដើម្បីសាកសួរ ពីដំណើររឿង ដែលឈ្មោះ JACK LIU អគ្គនាយក នៃសហគ្រាស តៃ យ៉ាង ប្ដឹងពីបទញុះញង់ឲ្យកម្មករធ្វើកូដកម្មដោយខុសច្បាប់ និងបទបរិហាកេរ្តិ៍ជាសាធារណៈ។
បណ្តឹងចោទប្រកាន់លោករ៉ុងឈុនដូច្នេះ ដោយសារតែលោក រ៉ុង ឈុន និងមេដឹកនាំសហជីពកម្មករជាច្រើនទៀត បានចូលរួមដឹកនាំកម្មករតវ៉ា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ នៅរោងចក្រកាត់ដេរ តៃយ៉ាង នៅជិតផ្សារបែកចាន ក្នុងខេត្តកណ្តាល ដែលបានប្តូរឈ្មោះ មកពីរោងចក្រកាត់ដេរ តៃយៀនទី១ តៃយៀនទី២ និងរោងចក្រ ខាំវែល។ ក្រុមកម្មករបានតវ៉ា ទាមទារ ៥ ចំណុច ក្នុងនោះ រួមមាន ប្រាក់អត្ថប្រយោជន៍ការងារ ជាដើម។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ លោក រ៉ុង ឈុន បានចាត់ទុកថា ការប្តឹងផ្តល់រូបលោក រួមទាំងតំណាងសហជីពកម្មករ ៩ នាក់ផ្សេងទៀត ក្នុងរឿងដឹកនាំកូដកម្មនោះ មិនមែនជារឿងចម្លែកទេ គឺនិយោជក ជាថៅកែរោងចក្រកាត់ដេរ តែងតែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើការគាបសង្កត់មកលើកម្មករ និងមេដឹកនាំសហជីពកម្មករ។
លោក រ៉ុង ឈុន បានលើកឡើងថា កូដកម្ម ដែលលោកដឹកនាំតវ៉ានោះ មិនមែនខុសច្បាប់ទេ គឺសហជីពបានធ្វើលិខិតស្នើសុំបទអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ។ ម្យ៉ាងទៀត មុននឹងឈានដល់កូដកម្ម សហជីពកម្មករ បានជូនដំណឹងទៅកាន់អាជ្ញាធរ ក្រសួងការងារ ក្រសួងសង្គមកិច្ច និងក្រុមហ៊ុនរោងចក្រ ជាដើម។
លោក រ៉ុង ឈុន បានលើកឡើងថា "យើងបានជូនដំណឹងរួចហើយ ទៅកាន់និយោជក និងស្ថាប័នពាក់ព័ន្ធ មុននឹងធ្វើកូដកម្ម។ ដូច្នេះអត់មានអ្វី ដែលថា ខ្ញុំទៅញុះញង់កម្មករទេ។ យើងមិនមែនដើរទៅញុះញង់កម្មករ ឲ្យធ្វើបាតុកម្ម កូដកម្មនោះទេ លុះត្រាតែកម្មករទទួលការរំលោភពីនិយោជក ទើបយើងធ្វើអន្តរាគមន៍។ ម្យ៉ាងទៀត អ្វីដែលយើងធ្វើ វាស្ថិតនៅក្នុងច្បាប់ ទាំងច្បាប់ស្តីពីការងារ និងទាំងច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចជាអនុញ្ញាអន្តរជាតិ ILO ក៏បានធានាសេរីភាពសហជីព ក៏ដូចជា កម្មករ ក្នុងការទាមទារ តាមរយៈបាតុកម្ម ឬកូដកម្ម"។
ដោយអះអាងថា ជាប់រវល់ក្នុងការងារមមាញឹក នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ លោក រ៉ុង ឈុន បានឲ្យដឹងនៅថ្ងៃនេះថា លោកបានស្នើសុំទៅតុលាការ តាមរយៈមេធាវី ដើម្បីសុំលើកពេលចូលឆ្លើយបំភ្លឺ ទៅថ្ងៃក្រោយវិញ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ