អាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 04 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 04 តុលា 2012

លោក​មីត រ៉ូមនី​មានប្រៀប​លើ​លោក​អូបាម៉ា​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​ជុំទីមួយ

លោក​អូបាម៉ា និង​លោក​រ៉ូមនី គូប្រជែង​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក
លោក​អូបាម៉ា និង​លោក​រ៉ូមនី គូប្រជែង​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក
REUTERS/Michael Reynolds

ដោយ សេង ឌីណា

មុនដល់​ពេល​​បោះឆ្នោត​ប្រធានាធិបតី នៅថ្ងៃ​ទី៦ វិច្ឆិកា ខាងមុខ លោក​អូបាម៉ា និង​លោក​មីត រ៉ូមនី (Mitt Romney) ត្រូវ​ធ្វើការ​ជជែក​ដេញដោល​គ្នា មួយទល់នឹងមួយ ចំនួន ៣លើក។ ការ​ជជែក​ដេញដោលគ្នា​​លើកទី១ បាន​ប្រព្រឹត្តធ្វើទៅ កាល​ពី​យប់​ម្សិលមិញ ហើយ​សាធារណមតិ​ជាទូទៅ នៅអាមេរិក យល់ថា លោក​មីត រ៉ូមនី គឺ​ជា​អ្នក​មាន​ប្រៀប​លើ​លោក​អូបាម៉ា។

សេចក្តីរាយការណ៍​របស់ សេង ឌីណា
 

04/10/2012

នៅក្នុងប្រវត្តិ​នៃការ​ជជែកដេញដោល​គ្នា រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក នាពេល​កន្លងមក គេ​កម្រនឹង​ឃើញ​មាន​ការជជែកដេញដោលគ្នា​ណា ដែល​​មតិ​ស្ទើរតែជាឯកច្ឆន្ទ កំណត់​​ច្បាស់ៗ​ថា​ បេក្ខជន​ណា​ឈ្នះ ហើយ​បេក្ខជន​ណា​ចាញ់​ ដូចជា ការ​ជជែក​ដេញដោល​គ្នា​​ រវាង​លោក​អូបាម៉ា និង​លោក​រ៉ូមនី កាល​ពីយប់មិញ។

អ្នកវិភាគ​ស្ទើរតែ​គ្រប់គ្នា​ទាំងអស់ សុទ្ធតែ​យល់ថា លោក​មីត រ៉ូមនី បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ គឺ​ជា​អ្នកមាន​ប្រៀប​លើ​លោក​អូបាម៉ា។ ពលរដ្ឋ​អាមេរិក ដែល​ជា​អ្នក​គូស​សន្លឹកឆ្នោត កំណត់​ជោគវាសនា​បេក្ខជន​ទាំងពីរ ក៏​ហាក់ដូចជា​មើលឃើញ​ដូចគ្នា​នេះដែរ។ ការស្ទាបស្ទង់មតិ​​ជាច្រើន ដែល​ធ្វើ​ឡើងភ្លាមៗ ក្រោយ​ការ​ជជែកដេញដោល​គ្នា យប់មិញ​នេះ សុទ្ធតែ​​បង្ហាញ​ថា ពលរដ្ឋ​អាមេរិក​ប្រមាណ​ជា ៦៧% ឆ្លើយថា លោក​មីត រ៉ូមនី គឺ​ជា​អ្នក​ឈ្នះ ក្នុងការ​ជជែកដេញដោល​គ្នា​នេះ។
 
ក៏ប៉ុន្តែ មានការ​ចោទជាសំណួរថា តើ​ជោគជ័យ​ក្នុងការ​ជជែកដេញដោល​គ្នា​នេះ អាច​នឹង​ជួយ​លោក​រ៉ូមនី​បាន​ប៉ុណ្ណា ក្នុងការ​ដណ្តើម​សន្លឹកឆ្នោត​ពី​លោក​អូបាម៉ា?
 
គិត​រហូត​មកទល់​នឹង​មុន​​ពេល​មាន​ការ​ជជែក​ដេញដោល​គ្នា កាល​ពីយប់មិញ គ្រប់ការ​ស្ទាបស្ទង់មតិ​ទាំងអស់ សុទ្ធតែ​បង្ហាញ​ថា លោក​អូបាម៉ា​ គឺ​ជា​អ្នក​មាន​​ឱកាសឈ្នះ ក្នុងការ​បោះឆ្នោត​នៅ​ខែក្រោយ។ ការស្ទាបស្ទង់មតិ​របស់​ Reuters/Ipsos នៅ​ក្រោយ​ការ​ជជែកដេញដោល​គ្នា​នេះ បង្ហាញ​ថា លោក​អូបាម៉ា នៅតែ​នាំមុខ​លោក​រ៉ូមនី គឺ ៤៧% ទល់នឹង ៤១%។ ហើយ​នៅសល់​តែ​មួយខែ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​បោះឆ្នោត។
 
អ្នក​វិភាគ​ជាច្រើន ដែល​ជំនាញ​ខាង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ បាន​អះអាង​ថា កន្លងមក ការជជែកដេញដោល​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​មាន​ឥទ្ធិពល​តិចតួចណាស់ ទៅលើ​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់ឆ្នោត។ អ្នកណា​ដែល​បាន​សម្រេចចិត្ត​ជ្រើសរើស​បេក្ខជន​ណាមួយ​ហើយ កម្រ​នឹង​ប្តូរ​ចិត្ត​វិញ ដោយសារ​តែ​ការ​ជជែកដេញដោល​គ្នា​ រវាង​បេក្ខជន​ណាស់។ ក៏ប៉ុន្តែ ឱកាស​សម្រាប់​លោក​រ៉ូមនី នៅតែ​មាន​ ដោយសារ​តែ​នៅមាន​ពលរដ្ឋ​អាមេរិក​ច្រើន​ទៀត ដែល​នៅមិនទាន់​សម្រេច​ចិត្ត​ច្បាស់លាស់​នៅឡើយ។
 
ដូច្នេះ លោក​រ៉ូមនី នៅសល់​ពេល​មួយខែ និង​ការជជែកដេញដោលគ្នា​ពីរលើក​ទៀត ដើម្បី​ដេញ​ឲ្យទាន់ និង​យកឈ្នះ​លោក​អូបាម៉ា៕

tags: នយោបាយ - សហរដ្ឋអាមេរិក
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close