លោក Robert Gates អញ្ជើញទៅតូក្យូដើម្បីពង្រឹងយុទ្ធសាស្ត្រអាមេរិក
បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសចិនអស់រយៈពេលបួនថ្ងៃ ប្រកបដោយជោគជ័យមក លោករដ្ឋមន្ត្រីក្រសួងការពារអាមេរិក រ៉ូបឺត ហ្កេត (Robert Gates) បានអញ្ជើញទៅដល់ប្រទេសជប៉ុន នៅថ្ងៃទី១២មករា ម្សិលមិញ។ ដំណាក់កាលទីពីរនៃទស្សនកិច្ចនេះ ផ្តោតជាពិសេស ទៅលើការស្វែងរកយុទ្ធសាស្ត្រយោធារួមជាមួយជប៉ុន សំណុំរឿងមូលដ្ឋានទ័ពអាមេរិកនៅកោះអូគីណាវ៉ា ដ៏ចម្រូងចម្រាស់ និងកូរ៉េខាងជើង។
លោក រ៉ូបឺត ហ្កេត បានជួបពិភាក្សាជាមួយសមភាគី និងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនរួចហើយ បន្ទាប់មកលោកនឹងចូលជួបនាយករដ្ឋមន្ត្រីជប៉ុនលោក ណាអូតូ កាន់ នៅថ្ងៃព្រហស្បតិ៍នេះដដែល។ ជំនួបពិភាក្សាដែលបន្តលើកឡើង ការវិវឌ្ឍន៍របស់កូរ៉េខាងជើង ក្នុងការផលិតកាំជ្រួចមីស្ស៊ីល។ កាំជ្រួចមីស្ស៊ីលរយៈឆ្ងាយដែលអាចគំរាមកំហែងដោយផ្ទាល់រហូតដល់សហរដ្ឋអាមេរិក។
បើតាមលោករដ្ឋមន្ត្រីការពារប្រទេសអាមេរិក ដែលនឹងអញ្ជើញទៅដល់កូរ៉េខាងត្បូងនៅថ្ងៃសុក្រស្អែក កូរ៉េខាងជើងអាចនឹងផលិតកាំជ្រួចអន្តរទ្វីបបានក្នុងចំនួនមានកំណត់។ ប៉ុន្តែសូមរំលឹកថា ក្រុងព្យុងយ៉ាងបានបាញ់សាកល្បងកាំជ្រួចមីស្ស៊ីលបីដងរួចមកហើយ ហើយនៅលើកចុងក្រោយក្នុងឆ្នាំ២០០៩ មីស្ស៊ីលនោះបានហោះរំលងជប៉ុនទៅធ្លាក់នៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក។
ដើម្បីប្រឈមនឹងការគំរាមកំហែងនេះ អាមេរិក និងជប៉ុន បានអភិវឌ្ឍ រួមគ្នា ប្រព័ន្ធខែលមីស្ស៊ីលប្រឆាំងមីស្ស៊ីល នៅលើនាវា។ ប្រព័ន្ធខែលមីស្ស៊ីល ប្រឆាំងមីស្ស៊ីល ដែល សមភាគីជប៉ុននិងអាមេរិក ទំនងកំពុងសិក្សាអំពីលទ្ធភាពលក់បច្ចេកវិទ្យាទៅឲ្យប្រទេសទីបី ពោលគឺកោះតែវ៉ាន់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន kyodo។
ទាក់ទងនឹងប្រទេសកូរ៉េខាងជើងវិញ លោក រ៉ូបឺត ហ្កេត បានអំពាវនាវឲ្យក្រុងព្យុងយ៉ាងបង្ហាញពីចេតនាពិត តាមរយៈសកម្មភាពពិត និងជាក់ស្តែង ក្នុងការវិលមកកាន់តុចរចាវិញ!
សកម្មភាពជាក់ស្តែង ដែល គឺគ្មានអ្វីក្រៅពី “បញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ ការបាញ់សាកល្បងកាំជ្រួចមីស្ស៊ីល មិនបង្ករឿងជាមួយកូរ៉េខាងត្បូង” ប្រទេសជិតខាង ឲ្យប៉ះពាល់ដល់ជីវិតជនស៊ីវិលនិងយោធានោះឡើយ។ កាយវិការបង្កហេតុ ជាបុព្វហេតុនាំឲ្យមានអស្ថិរភាព និងភាពតានតឹងនៅក្នុងឧបទ្វីប។
នៅទីបញ្ចប់គឺសំណុំរឿងមូលដ្ឋានទ័ពអាមេរិកនៅកោះអូគីណាវ៉ា។ រដ្ឋមន្ត្រីការពារប្រទេសអាមេរិកនិងរដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងសុទិដ្ឋនិយមចំពោះប្រធានបទរុះរើមូលដ្ឋានទ័ពដ៏រសើបនេះ ដោយសង្ឃឹមថានឹងអាចមានដំណើរការទៅមុខបាន និងអាចកាត់បន្ថយផលរំខានដល់ប្រជាជនរស់នៅជិតនោះ។
សូមបញ្ជាក់ថាសម្ព័ន្ធមិត្តទាំងពីរបានយល់ព្រមគ្នាកាលពីខែឧសភា២០១០ថា នឹងរុះរើមូលដ្ឋានទ័ពអាមេរិក Futenmaចេញពីកណ្តាលក្រុងទៅចុងកោះវិញ តែប្រជាជនជប៉ុនប្រឆាំងនិងទាមទារឲ្យដកចេញទាំងស្រុងពីកោះអូគីណាវ៉ាតែម្តង៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









