អានតួអត្ថបទ
អ៊ីស្រាអែល

បេក្ខជន​បក្សស្តាំនិយម​ Reuven​ Rivlin​ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​អ៊ីស្រាអែល​​ បិទទំព័រ​ដឹកនាំ​របស់​លោក​​Peres

នៅថ្ងៃ​អង្គារ​នេះ អ៊ីស្រាអែល​បាន​បិទ​ទំព័រ​គ្រប់គ្រង​របស់​លោកស្ហ៊ីមន ​​ពេរេស Shimon Peres ដោយ​បាន​​​បោះឆ្នោត​​ ​​អោយ​បេក្ខជន​​គណបក្ស​ស្តាំនិយម​លីគូដ គឺ​លោក រ៉ឺវេន រីវលីន ជាប់​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី​។ ​​លោក​រីវលីន បាន​​ទទួល​បាន​ការគាំទ្រខ្ពស់​​​ពី​នាយក​រដ្ឋមន្ត្រី​បេនយ៉ាមីន នេតាយ៉ាហ៊ូ។ យោងតាម​​អ្នកវិភាគ​​កាសែត​ឆ្វេង​និយម​​មួយរូប​ ​​ ​លោក​រីវលីន នឹង​​ប្រើ​តំណែងប្រធានាធិបតី​អ៊ីស្រាអែល ​​ដើម្បី​ជំរុញ​ការ​​សាងសង់​តំបន់​អាណានិគម​ជនជាតិ​ហ្ស៊ីហ្វ ​នៅស៊ីសហ្សកដានី ​​អោយ​កាន់តែ​ដំណើរការ​​ទៅមុខ​ថែមទៀត។

លោក Reuven Rivlin (ឆ្វេង) ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​អ៊ីស្រាអែល និង​​លោក​​ Peres(ស្តាំ)
លោក Reuven Rivlin (ឆ្វេង) ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​អ៊ីស្រាអែល និង​​លោក​​ Peres(ស្តាំ) REUTERS/Yin Bogu/Pool/Files
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ​នេះ សភា​អ៊ីស្រាអែល ​បាន​បោះឆ្នោត​អោយ​លោក រ៉ឺវេន រីវលីន ​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី ទី១០​របស់​អ៊ីស្រាអែល បិទ​បញ្ចប់ទំព័រ​គ្រប់គ្រង​របស់​លោក​ ស្ហ៊ីមន ពេរេស។ ​លោក​រីវលីន អាយុ ៧៥ឆ្នាំ ​ជា​បេក្ខជន​​ស្តាំនិយម ​មក​ពី​គណបក្ស​លីគូដ ​បាន​ទទួល​សម្លេង​ឆ្នោត​គាំទ្រ ៦៣សម្លេង​ ឈ្នះ​លើ​លោក ម៉ីអៀ ស្ហ៊ីទ្រីត ជា​​​គូប្រជែង​មកពី​គណបក្ស​កណ្តាល​និយម ដែល​ទទួល​បាន​សម្លេង​ត្រឹម​តែ ​៥៣សម្លេង។ ​

លោក​រីវលីន​ត្រូវបាន​គេ​ទទួលស្គាល់ថា ជា​​អ្នក​អភិរក្ស​និយម​និន្នាការ​ស្តាំ​បំផុត ក្នុងបក្ស​លីគូដ របស់​នាយករដ្ឋមន្ត្រី​បិនយ៉ាមីន នេតាយ៉ាហ៊ូ។ លោក​រីវលីន ​ជំទាស់​នឹង​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន។ គេ​រំពឹង​​ថា ប្រធានាធិបតីអ៊ីស្រាអែល​​ថ្មី​រូបនេះ នឹង​ជំរុញ​ការ​​សាងសង់​តំបន់​អាណានិគម​ជនជាតិ​ហ្ស៊ីហ្វ ក្នុង​តំបន់​ស៊ិសហ្សកដានី អោយ​កាន់តែ​លឿន​ទៅមុខ​ទៀត។
នៅអ៊ីស្រាអែល តំណែង​ប្រធានាធិបតី​​គ្រាន់តែ​ជា​តំណែង​​​ ​កិត្តិយស​​មួយ​ប៉ុណ្ណោះ ព្រោះថា​​ អំណាច​ប្រតិបត្តិ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​នាយករដ្ឋមន្ត្រី​ទាំងស្រុង។ ទោះយ៉ាង​នេះ​ក្តី ប្រធានាធិបតី​ជា​អ្នក​តែងតាំង​នាយករដ្ឋមន្ត្រី។​

ការបោះឆ្នោត​ប្រធានាធិបតី​អ៊ីស្រាអែល នៅ​ថ្ងៃ​អង្គារ​នេះ បាន​បង្ហាញពី​ការ​បិទបញ្ចប់​ទំព័រ​ដឹកនាំ​របស់​លោក​ស្ហ៊ីមន ​ពេរេស ដែល​​ជាម្ចាស់​ពានរង្វាន់​សន្តិភាព ឆ្នាំ​១៩៩៤។ លោក​ពេរេស ​នឹង​បញ្ចប់​​ភារកិច្ច​ប្រធានាធិបតី​របស់​លោក នៅ​ចុង​ខែ​កក្កដា ខាងមុខ ​​មុន​ថ្ងៃ​លោក​ប្រារព្ធ​ខួប​កំណើត​​​អាយុ​៩១ឆ្នាំ។ ​តាំង​ពី​​បាន​ចូល​កាន់តំណែង​ក្នុង​ឆ្នាំ​២០០៧មក ​​លោក​ពេរេស ​​​​បាន​បង្ហាញ​ការគាំទ្រ​​ដល់​ដំណើរការ​សន្តិភាព ​អោយ​កត់សម្គាល់​ ក្នុង​ឆាកអន្តរជាតិ ពិសេស​ក្នុង​សំណុំរឿងស្វែង​រក​​​សន្តិភាព​​ជាមួយ​ប៉ាឡេស្ទីន ​​​​សំណុំរឿង​​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​​​ទំនាក់ទំនង​យុទ្ធសាស្ត្រ ​ជាមួយ​អាមេរិក​ដែល​​ជា​ប្រទេស​ដៃគូ​​​​​របស់​អ៊ីស្រាអែល។

នៅ​ខែ​ឧសភា​មុននេះ ​​លោក​ពេរេស ធ្លាប់​បាន​ចោទ​នាយករដ្ឋមន្ត្រី នេតាយ៉ាហ៊ូ ថា​បាន​​​​​ធ្វើ​អោយ​ខូចខាត​​ដល់​ការ​សន្និដ្ឋាន​​​កិច្ចព្រមព្រៀង​​ជាមួយ​ប៉ាឡេស្ទីន កាលពីឆ្នាំ​២០១១។ ការ​ចរចា​​ជាមួយ​ប៉ាឡេស្ទីន​នេះ ជា​ការ​ចរចា​​​សំងាត់​រវាង​​​​​​លោក​ពេរេស ​និង​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន ម៉ាមូត​ អាបាស៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ