អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខ​​រដ្ឋាភិបាល​​​អឺរ៉ុប​ប្រជុំគ្នា​ ក្រោយ​ក្រុមប្រឆាំង​អឺរ៉ុប​បាន​ទទួល​សម្លេង​កើនឡើង​​​ក្នុង​ការ​បោះឆ្នោត​សភា​អឺរ៉ុប​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្រុង​ព្រុចសែល ​ល្ងាច​ថ្ងៃ​អង្គារ​នេះ មេដឹកនាំ​រដ្ឋាភិបាល​សហភាព​អឺរ៉ុបទាំង​២៨​ប្រទេស ​​​នឹង​ជួប​​ពិភាក្សា​​គ្នា ​ពី​មេរៀន​ដែល​​ខ្លួន​ទទួលបាន​ ​ក្រោយ​ពេល​សម្លេង​ឆ្នោត​​​របស់​ក្រុមអ្នក​​​ប្រឆាំង​នយោបាយ​អឺរ៉ុប​ មាន​ការ​កើនឡើង​គួរអោយ​កត់សម្គាល់​ ក្នុង​ការ​បោះឆ្នោត​​សភា​អឺរ៉ុប កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ។ គេ​កត់សម្គាល់​ខ្លាំង​ចំពោះ​គណបក្ស​ស្តាំនិយម​ជ្រុល​​​​បារាំង ដែល​ទទួ​ល​បាន​សម្លេង​ខ្ពស់​នាំមុខគេ​នៅបារាំង។ ​ក្នុង​ជំនួប​​ថ្ងៃ​អង្គារ​នេះដែរ ​មេដឹកនាំ​​បណ្តា​ប្រទេស​​អឺរ៉ុប​ក៏​ត្រូវពិភាក្សា​ពី​បេក្ខភាព​ប្រធាន​គណៈកម្មការ​​អឺរ៉ុប​ថ្មី​ដែរ។

មេដឹកនាំ​បណ្តា​ប្រទេស​អឺរ៉ុប ជួបគ្នា​ ​នៅ​ក្រុងព្រុចសែល កាលពី​ខែមិនា។
មេដឹកនាំ​បណ្តា​ប្រទេស​អឺរ៉ុប ជួបគ្នា​ ​នៅ​ក្រុងព្រុចសែល កាលពី​ខែមិនា។ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

សហភាពអឺរ៉ុបទាញបាន​​មេរៀន​​ពី​ការបោះឆ្នោត​សភា​​អឺរ៉ុប កាលពី​ចុង​សប្តាហ៍​

លទ្ធផល​ការបោះឆ្នោត​សភាអឺរ៉ុប ​នៅ​​ចុងសប្តាហ៍​កន្លងទៅ ​​បង្ហាញច្បាស់​​ពី​ការកើនឡើង​នៃ​ចំនួន​អ្នក​ប្រឆាំង​នយោបាយ​​អឺរ៉ុប ព្រោះថា​គណបក្ស​ស្តាំនិយម​ជ្រុល នៅ​តាម​ប្រទេស​ជាច្រើន ដូច​ជា​បារាំង អង់គ្លេស អេស្ប៉ាញ អ៊ីតាលី ​អូទ្រីស ដាណឺម៉ាក ប៉ូឡូញ រឺក៏​ហុងគ្រី​ បាន​ទទួល​សម្លេង​​ឆ្នោត​​ខ្ពស់។ បារាំងត្រូវបាន​គេចាប់​អារម្មណ៍​ខ្លាំង ព្រោះ​បក្សរណសិរ្ស​ជាតិ​របស់​លោកស្រី​ម៉ារីន ឡឺពេន បានទទួលសម្លេង​ជិត​២៥ភាគរយ ​​នាំមុខ​គណបក្ស​សង្គម​និយម​​កាន់អំណាច​របស់​ប្រធានាធិបតី​ហូឡង់ និង​បក្ស​UMP របស់​អតីត​ប្រធានាធិបតី​​សាកូហ្ស៊ី។ ​បក្ស​កាន់អំណាច​ស្ថិត​ក្នុង​លំដាប់​ទី៣​ប៉ុណ្ណោះ។ នេះ​ជា​ប្រវត្តិសាស្ត្រ​​សម្រាប់​បក្សស្តាំនិយម​ជ្រុល​បារាំង។ ​បក្ស​ជ្រុលនិយម​នេះ ក៏ធ្លាប់​មាន​វត្តមាន​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី បារាំង​ជុំទី២ កាលពី​ឆ្នាំ​២០០២ដែរ។ បក្ស​ស្តាំ​និយមជ្រុល​នេះ ត្រូវគេ​ចាត់ទុក​ថា ជាបក្ស​ប្រឆាំង​ជនបរទេស ប្រឆាំង​​សាសនា​អ៊ីស្លាម ជ្រុល​ហួសហេតុ។​

នៅអង់គ្លេស​វិញ គេ​កត់សម្គាល់​ថា ​បក្ស​យូឃីប បាន​ទទួល​​​សម្លេងដល់​ទៅ​​​២៩ភាគរយ។ ​​ការដែល​​សម្លេង​ឆ្នោត​គាំទ្រ​​បក្ស​ស្តាំនិយមជ្រុល​នៅបណ្តា​ប្រទេស​​អឺរ៉ុប​ទាំងនេះ បាន​កើនឡើង​ មិន​បាន​បង្ហាញ​ថា អនាគតនយោបាយ​​​​ប្រទេស​និមួយៗ​ទាំងនេះ​ សំដៅ​វាយប្រហារ​អឺរ៉ុបទេ ​តែស្តែង​ថា ​ប្រជាជន​​​​បោះឆ្នោត​ប្រឆាំង​នយោបាយ​​អន្តោប្រវេសន៍ ​រឺក៏​ប្រឆាំង​​​នឹង​​សាសនា​អ៊ីស្លាម​ដែល​ពួកគេ​គិតថា បាន​រាលដាល​​ចូល​មក​អឺរ៉ុប។ ​ប្រជាជន​ចង់អោយ​អឺរ៉ុប​កែប្រែ​នយោបាយ​ឡើងវិញ។ ​គួររំលឹក​ថា ​នយោ​បាយអន្តោប្រវេសន៍​សហភាព​អឺរ៉ុប​អនុញ្ញាត​អោយ​ប្រជាជន​អឺរ៉ុប​ ធ្វើដំណើរ​ដោយ​សេរី​​ក្នុង​សហភាពអឺរ៉ុប ទាំង​២៨ប្រទេស។ ​ប្រទេស​មួយចំនួន​​ដូច​ជា​អង់គ្លេស ​ខ្លាច​ប្រជាជន​បរទេស​​ ​ចូលម​ក​ដណ្តើម​ការងារ​​ធ្វើ​ក្នុង​ស្រុក។ ប្រជាជន​​អង់គ្លេស​អាច​នឹង​បោះឆ្នោត​អោយ​អង់គ្លេស​​ដើរចេញ​ពីអឺរ៉ុបបាន។ ​

ដើម្បី​ស្រោចស្រង់​ស្ថានភាព​នេះ ​ថ្ងៃ​អង្គារ​នេះ ​មេដឹកនាំអឺរ៉ុប​ទាំង​២៨ប្រទេស ត្រូវ​គិតគូរ​ឡើងវិញ​​នូវ​នយោបាយ​អន្តោប្រវេសន៍ រឺ​ក៏​ជួយ​អ្នកដែល​គ្មាន​​ការងារធ្វើ។ ​បើ​មិនប្តូរ​រឺ​កែសម្រួល​នយោបាយ​​​​ចេញ​ទេ ​ស្ថានភាព​​អាចនឹង​ធ្ងន់ធ្ងរក្នុង​ការបោះឆ្នោត​លើកក្រោយ​ទៀត។ ​​ពិសេស​នៅ​បារាំង​តែម្តង ​ក្រោយ​​​ចេញ​លទ្ធផល​ការ​បោះឆ្នោត​សភា​​អឺរ៉ុប​​​នេះ ​​​បារាំង​ត្រូវគេ​ចាត់ទុក​ថា​ជា​​ប្រទេសដែល​ចង់​មាន​​លទ្ធិ​ផ្តាច់ការ​​ក្នុងស្រុក​​​ ខ្ពស់​ជាងគេ។ ​​ បារាំងដែលមាន​គោលការណ៍​​​គោរពសិទ្ធិមនុស្ស ធានា​សេរីភាព​នោះ ​​បាន​ខូចមុខមាត់​ក្នុង​ឆាកអន្តរជាតិ។ ​ប្រធានាធិបតី​បារាំង​បាន​ទទួលស្គាល់​​​បញ្ហាចេញពី​ការ​បោះឆ្នោត​សភា​អឺរ៉ុប​​​។ ម្សិលមិញ ​លោកហូឡង់​​លើកឡើង​ថា ​អឺរ៉ុប​​ពេលនេះ ​គឺ​ពិបាក​នឹង​យល់។ ​​លោក​ហូឡង់​បាន​ស្នើ​អោយ​សហភាពអឺរ៉ុប បង្ហាញ​នូវ​អ្វី​ដែល​ច្បាស់លាស់ អ្វី​ដែល​សាមញ្ញ និង​មាន​ប្រសិទ្ធភាព។ ​​លោកហូឡង់​សន្យា​​​ធ្វើ​​កំណែទម្រង់សម្រាប់​បារាំង​ សន្យា​លើកស្ទួយ​សហគ្រាស​ ការវិនិយោគ​ ដើម្បីបង្កើន​ការងារ​ធ្វើ។ រដ្ឋាភិបាល​បារាំង​នឹង​បង្ហាញ​​ផែនការ​កំណែទម្រង់​នេះនៅសប្តាហ៍ក្រោយ។

តែ​នេះ​ជា​ការ​សន្យា​ជាន់​លើ​សន្យា ព្រោះថា ​​បក្ស​កាន់អំណាច​របស់​លោកហូឡង់​​​ទើប​តែ​​​បានសន្យា​កំណែទម្រង់​ផ្សេងៗ​ក្រោយពេល​​​ចាញ់ឆ្នោត​ឃុំសង្កាត់ ថ្មីៗនេះប៉ុណ្ណោះ។​ ហើយ​ឥឡូវនេះ បក្ស​នេះបន្ត​​សន្យា​ថែមទៀត ក្រោយ​​ចាញ់ឆ្នោត​សភា​អឺរ៉ុប។ ​ថ្ងៃ​អង្គារ​នេះ​ បក្ស​ស្តាំនិយម​ជ្រុលបារាំង​ បាន​ទាមទារ​អោយ​បារាំង​រំលាយ​សភា​ចោល។ ដោយសារ​​បក្សកាន់​អំណាច​ធ្លាក់​ចុះ​ក្នុងលំដាប់​ទី៣ នៃ​ការបោះឆ្នោត​សភា​អឺរ៉ុប បក្ស​ស្តាំនិយមជ្រុល​ចំអក​ថា សភា​បារាំង​បច្ចុប្បន្ន លែង​ជា​ស្ថាប័ន​តំណាងប្រជាជនបារាំង​​ទៀតហើយ។​ មេដឹកនាំ​បក្សស្តាំ​និយម​ជ្រុល​​ទាមទារ​៣ចំណុច​​ទៅ​លោកហូឡង់​​ ​គឺ​បញ្ឈប់​​សន្ធិសញ្ញា​អន្តរ​អាត្លង់ទិក ដាក់​វេតូ​​ចំពោះ​តួកគី​ក្នុង​សហភាពអឺរ៉ុប និង​ដាក់​អោយ​សហគ្រាស​​ដឹកជញ្ជូន និងថាមពល Alstom ​​ ក្លាយជា​សហគ្រាស​រដ្ឋ។ ​​

ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់​ អេនហ្កឺឡា មែរគែល​វិញ បាន​លើកលើក​ជា​ដំណោះស្រាយ​ថា នយោបាយ​គាំទ្រ​ការងារ នយោបាយ​អោយ​មានការប្រជែងគ្នា ​រឺក៏​នយោបាយ​​កំណើន ​គឺ​សុទ្ធ​តែ​ជា​ចម្លើយ​សមស្រប​បំផុត​សម្រាប់​អ្នកដែល​ប្រឆាំង​អឺរ៉ុប។ ដូច្នេះ ក្នុងជំនួបល្ងាច​​​ថ្ងៃអង្គារ​នេះ ​ ​ដំណោះស្រាយ​​គាំទ្រ​ការងារ លើកស្ទួយ​សហគ្រាស គឺជា​អ្វីដែល​​​​មេដឹកនាំ​អឺរ៉ុប​ទាំង​២៨ ប្រទេស​ត្រូវលើកឡើង ដើម្បី​​​ដណ្តើម​យក​អ្នកបោះឆ្នោត​គាំទ្រ​អឺរ៉ុប​ អោយ​បាន​មកវិញ ក្នុង​ការ​បោះឆ្នោត​​អឺរ៉ុប​ក្រោយៗទៀត។

ការជ្រើសរើស​បេក្ខភាព​ប្រធាន​​​គណៈកម្មការ​អឺរ៉ុ​ប​ថ្មី មាន​ការពិបាក​

ដោយសារ​គ្មាន​បក្ស​ណាមួយ​ទទួលសម្លេង​ភាគច្រើន​ក្នុង​សភា​អឺរ៉ុប ក្នុង​ការបោះឆ្នោត​សភា​អឺរ៉ុប កាលពីចុងសប្តាហ៍ ការ​រើស​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ពេលនេះ ជួប​ការ​ពិបាក។ ​​​​គេ​ចាប់អារម្មណ៍​លើ​លោក​ហ្សង់ក្លូត ចាំងកឺ​ ​មកពី​បក្ស​ប្រជាប្រិយ​អឺរ៉ុប ​ជាបក្ស​ស្តាំនិយមនិន្នាការ​កណ្តាល ​​ទទួលបាន​​កៅអី​២១៣នៅ​សភា។ ហើយ​បន្ទាប់​មក​គឺលោក​ម៉ាកទីន ស្ហ៊ូល មកពី​​បក្ស​សង្គមនិយម​ប្រជាធិបតេយ្យ​ទទួល​​កៅអី​សភា​១៩០។

​ដោយសារ​ការខ្វះ​សម្លេងភាគច្រើន​នេះ មេដឹកនាំ​អឺរ៉ុប​ក៏ប្រហែលជា​រើស​យក​បេក្ខជន​ផ្សេងពីលទ្ធផល​បោះឆ្នោត​​នេះដែរ។ ទោះយ៉ាង​នេះក្តី ​យោងតាម​សន្ធិសញ្ញា​ក្រុងលីស្បូន មេដឹកនាំ​សហភាព​អឺរ៉ុប​ត្រូវ​រើស​ប្រធានគណៈកម្មការ​អឺរ៉ុប ដោយ​ពឹងផ្អែក​លើ​លទ្ធផល​បោះឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ