សម័យប្រជុំសភាកូរ៉េខាងជើងមិនបានផ្តល់អាទិភាពលើកំណែទម្រង់សេដ្ឋកិច្ចទេ

នៅថ្ងៃអង្គារ ទី២៥ កញ្ញានេះ សភាកូរ៉េខាងជើងបានបើកសម័យប្រជុំប្រចំាឆ្នំាលើកទី២ របស់ខ្លួន។ តាមឆន្ទៈរបស់អគ្គមគ្គុទ្ទេសក៍ថ្មី គីម ជុងអុន សម័យប្រជុំសភាលើកទី២នេះត្រូវផ្តោតសំខាន់លើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេស។ តែយោងតាមសារព័ត៌មានផ្លូវការចេញផ្សាយថ្ងៃនេះឲ្យដឹងថា កិច្ចពិភាក្សាមិនបាននិយាយពីគម្រោងធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសជាយថាហេតុទេ។
តំាងពីបានក្លាយជាអគ្គមគ្គុទ្ទេសក៍ថ្មី នៅក្រោយមរណៈភាពឪពុកក្នុងខែធ្នូ ឆ្នំា ២០១១ មក លោក គីម ជុងអុនបានប្រកាសឲ្យដឹងពីឆន្ទៈរបស់ខ្លួនក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេស។ កំណែទម្រង់សេដ្ឋកិច្ចក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ។ អ្វីដែលរបបទីក្រុងព្យុងយ៉ាងចង់បាន គឺការបើកចំហវិស័យសេដ្ឋកិច្ចដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ពិសេសជនជាតិចិន និងការអនុញ្ញាតឲ្យប្រជាកសិកររក្សាទុកនូវផលិផលរបស់ខ្លួនមួយភាគធំក្នុងទិសដៅបង្កើនការអភិវឌ្ឍន៍វិស័យកសិកម្ម។ ទន្ទឹមគ្នានេះ អគ្គមគ្គុទ្ទេសក៍ថ្មី គីម ជុងអុនក៏ធ្លាប់គូសបញ្ជាក់ម្តងហើយ ម្តងទៀត ពីភាពចំាបាច់ក្នុងការលើកតំកើនជីវភាពរស់នៅប្រចំាថ្ងៃរបស់ពលរដ្ឋកូរ៉េខាជើងគ្រប់រូប។
នៅក្នុងប្រទេសមួយផ្តាច់ចេញពីពិភពលោក ដូចយ៉ាងកូរ៉េខាងជើងបច្ចុប្បន្ន គេពិបាកនឹងទទួលបានព័ត៌មានជាក់ច្បាស់ណាស់ តែបើយោងតាមសារព័តមានផ្លូវការចេញផ្សាយថ្ងៃនេះឲ្យដឹងថា សម័យប្រជុំសភាប្រចំាឆ្នំាលើកទី២ ថ្ងៃនេះហាក់ដូចជាមិនបាននិយាយដល់កំណែទម្រង់លើវិស័យសេដ្ឋកិច្ចឡើយ។ អ្វីដែលសភាបានសម្រេចនោះ គឺការបន្តបន្ថែមមួយឆ្នំាទៀតនូវ « ការសិក្សា » ដែលជាកាតព្វកិច្ចចំាបាច់របស់ពលរដ្ឋកូរ៉េខាងជើងគ្រប់រូប ដូចដែលអគ្គមគ្គុទ្ទេសក៍ថ្មី គីម ជុងអុនចង់បាន។
ក្រុមអ្នកសង្កេតការណ៍បានមើលឃើញថា ការធ្វើកំណែទម្រង់ណាមួយនៅកូរ៉េខាងជើង គឺជាហានិភ័យមួយដែលថ្នាក់ដឹកនំាមិនសូវជាហ៊ានប្រថុយប្រថានប៉ុន្មានទេ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ