អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

រុស្ស៊ី​ប្រាប់ថា​ដក​កងទ័ព​ចេញពី​ព្រំដែន​អ៊ុយក្រែន​ តែ​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​ក្រុងគៀវ​

នៅថ្ងៃ​ចន្ទ​ម្សិលមិញ​ ក្រសួង​​ការពារ​ជាតិរុស្ស៊ី​​បាន​ប្រកាស​​ថា រុស្ស៊ី​​កំពុង​ដក​កងទ័ព​​​​នៅ​តាម​ព្រំដែន​ជាមួយ​អ៊ុយក្រែន​។ ​ប៉ុន្តែនៅថ្ងៃ​អង្គារ​នេះ ​​អង្គការ​អូតង់​​បាន​​ប្រាប់​ថា មិនទាន់អាច​បញ្ជាក់បានទេ​ថា តើ​រុស្ស៊ី​ពិត​ជា​បានដកទ័ព​មែន​រឺយ៉ាងណា។ ​​​អាជ្ញាធរ​អ៊ុយក្រែន​ដែល​បារម្ភ​ខ្លាច​រុស្ស៊ី​ឈ្លានពានអ៊ុយក្រែន បាន​សំដែង​ការប្រុង​ប្រយ័ត្ន​ចំពោះ​ព័ត៌មាន​នៃ​ការ​ដក​កងទ័ព​រុស្ស៊ី​ពី​ព្រំដែនអ៊ុយក្រែន។ ទោះ​យ៉ាងណា​ក្តី​ ​រុស្ស៊ី​​បានសម្រេច​​​ដំឡើងថ្លៃ​ឧស្ម័ន​ដែល​ត្រូវ​ផ្តល់​អោយ​​អ៊ុយក្រែន​ បន្ត​ដាក់​សម្ពាធ​លើរដ្ឋាភិបាល​ក្រុងគៀវ។ នៅអ៊ុយក្រែន​​ថ្ងៃ​អង្គារ​នេះ សភា​ក្រុងគៀវ​បានបោះឆ្នោត​សម្រេច​​​អោយ​សកម្មជន​គាំទ្រ​​​អឺរ៉ុប ​​ដែល​ធ្លាប់បាន​តស៊ូ​នៅ​ក្រុងគៀវ ដាក់អាវុធ​ចុះ​អោយអស់។

ទាហាន​រុស្ស៊ី នៅ​បន្ទាយ​ទាហាន​មួយកន្លែង​នៅ​គ្រីមេ
ទាហាន​រុស្ស៊ី នៅ​បន្ទាយ​ទាហាន​មួយកន្លែង​នៅ​គ្រីមេ REUTERS/Thomas Peter
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទម្សិលមិញ រុស្ស៊ី​បាន​ដកកងទ័ព​ខ្លួន​​​ជា​បន្តបន្ទាប់​ចេញ​ពីព្រំដែន​អ៊ុយក្រែន។ ​ប៉ុន្តែ​ ក្រសួង​ការពារជាតិ​អ៊ុយក្រែន​មិន​​បាន​ដឹង​ពីចំនួន​ទ័ព​ដែល​រុស្ស៊ី​បាន​ដក​​ទេ។ កាលពី​ថ្ងៃ​សុក្រ អ្នកទទួលខុសត្រូវ​អាមេរិក​នានា​ប្រាប់​ថា ​​កងទ័ព​រុស្ស៊ី​នៅ​តាម​ព្រំដែន​អ៊ុយក្រែន មាន​ប្រមាណ​៤ម៉ឺននាក់។ ប៉ុន្តែ ខាង​អឺរ៉ុប​គិតថា ទ័ព​រុស្ស៊ី​​​​មាន​ប្រមាណ​៣ម៉ឺន​នាក់​ប៉ុណ្ណោះ។

គេក៏​​មិនបាន​ដឹង​ដែរ​ថា រុស្ស៊ី​ដកទ័ព​នេះដើម្បី​ផ្លាស់​វេន​ជាមួយ​ទ័ព​ថ្មី រឺក៏​ដើម្បី​សម្រប​តាម​​​​ការយល់ឃើញ​របស់​អាមេរិក ដែល​ថា ​ការដកកងទ័ព​​គឺជា​​ដំណោះស្រាយ​រកច្រកចេញ​សម្រាប់​វិបត្តិ​អ៊ុយក្រែន។ កាលពី​យប់​ថ្ងៃ​អាទិត្យ ក្រោយ​​ពី​បាន​ជួបជាមួយ​ប្រមុខការទូត​រុស្ស៊ី ស៊ែរហ្កី ឡាវ្រ៉ូវ ប្រមុខ​ការទូត​​អាមេរិក ចន ឃែររី បាន​លើកឡើង​​ពី​ការយល់ឃើញបែបនេះ។

ម្សិលមិញ​ ក្នុង​ការ​ពិភាក្សា​ជាមួយ​ប្រមុខដឹកនាំ​អាល្លឺម៉ង់​ អង់ហ្កឺឡា មែរគេល ប្រធានាធិបតី​រុស្ស៊ី ​​ពូទីន ​បាន​​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កំណែទម្រង់ក្នុង​​ស្ថាប័ន​​​អ៊ុយក្រែន ​​ដើម្បី​ការពារ​ប្រជាជន​ដែល​រស់​នៅ​គ្រប់តំបន់​​ក្នុងទឹកដី​អ៊ុយក្រែន។ រុស្ស៊ី​លើកឡើង​ទៀតថា ការ​កើនឡើង​នៃ​កងកម្លាំង​នៅ​តាមព្រំដែន​ជាមួយ​អ៊ុយក្រែន គឺធ្វើឡើង​ក្នុង​ក្របខណ្ឌ​យោធា​ប៉ុណ្ណោះ។ កន្លងមក ក្រុងម៉ូស្គូ​តែង​បដិសេធ​ថា ​មិនបាន​ផ្តុំទ័ព​នៅ​តាម​ព្រំដែន​រុស្ស៊ី-អ៊ុយក្រែន​នោះទេ។ រុស្ស៊ី​​ពន្យល់​ថា ​អ្នកជំនាញអន្តរជាតិ​ធ្លាប់​ចុះ​ទៅ​រុស្ស៊ីពិនិត្យ​ស្ថានភាព​ និង​បាន​សន្និដ្ឋានថា គ្មាន​សកម្មភាព​យោធា​​អ្វី​ខុសធម្មតា​នោះទេ។

ទោះ​ជា​បាន​ដកកងទ័ព​ពី​ព្រំដែន​អ៊ុយក្រែន​ក្តី​ រុស្ស៊ី​នៅតែ​បន្ត​ដាក់សម្ពាធ​លើ​អ៊ុយក្រែន​។ នៅថ្ងៃ​អង្គារ​នេះ ក្រុមហ៊ុន​ឧស្ម័នដ៏ធំ​របស់​​រុស្ស៊ី ឈ្មោះថា ​ហ្កាសព្រូម Gazprom ​បាន​ប្រកាស​ដំឡើង​ថ្លៃ​ឧស្ម័ន​ដល់​អ៊ុយក្រែន ដល់​​៣៨៥ដុល្លារ​៥០សេន ក្នុង​​មួយពាន់​ម៉ែត្រគូប សម្រាប់​ត្រីមាស​ទី២។ តម្លៃ​នេះ គឺ​កើន​ដល់​ជាង​១ភាគ៣ នៃ​តម្លៃ​កន្លងមក។ រុស្ស៊ី​បាន​សម្រេចបិទ​បញ្ចប់​អត្ថ​ប្រយោជន៍​ឧស្ម័ន​​​ដែល​ខ្លួន​ធ្លាប់​ផ្តល់​​អោយ​អ៊ុយក្រែន កាលពី​ខែ​​ធ្នូ​ ឆ្នាំ​២០១៣ ក្នុងពេល​ដែល​លោក វិចទ័រ​ យ៉ានូកូវិច នៅធ្វើជា​ប្រធានាធិបតីអ៊ុយក្រែន​នៅឡើយ។

នៅថ្ងៃ​អង្គារ​​នេះ​​រហូត​ដល់​​ថ្ងៃ​ពុធ​ស្អែក រដ្ឋមន្ត្រី​ការបរទេស​ប្រទេសសមាជិក​​អង្គការ​អូតង់​ទាំង២៨​ បាន​​ជួបពិភាក្សា​គ្នា​ នៅ​ក្រុង​ព្រុចសែល​​សម្រេច​គាំទ្រ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត​អោយ​ខ្លាំងក្លា​បន្ថែម​ទៀត ដើម្បីប្រឈម​​នឹង​រុស្ស៊ី​ក្នុង​​​វិបត្តិ​អ៊ុយក្រែននេះ។ ទន្ទឹមនេះដែរ ​​ សភា​អ៊ុយក្រែន​​​ក៏​បាន​អនុម័ត​​សម្រេច​​អោយ​មាន​សមយុទ្ធ​យោធា​ ក្នុង​ទឹកដី​អ៊ុយក្រែន​ជាមួយ​បណ្តា​ប្រទេស​​អូតង់ និង​សហភាព​អឺរ៉ុប ចាប់ពី​ខែ​ឧសភា​ដល់​ខែ​តុលា​ ខាងមុខ​នេះ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ