អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេក្រុម​ឧទ្ទាម​ម្នាក់​ទទួលស្គាល់​ថា មាន​​មីស៊ីល​ប៊ូកនៅក្នុង​ទឹកដី​ភាគខាងកើត នៅថ្ងៃ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រុស្ស៊ី​នៅថ្ងៃ​ព្រហស្បតិ៍​ទី ២៤​កក្កដា បាន​ចេញមុខ​បដិសេធ​ថា ខ្លួន​មិន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ពីរគ្រឿង​របស់​អ៊ុយក្រែន។ តាម​ទីក្រុង​គៀវ អ្នកបើកបរ​យន្តហោះ​បាន​រួច​ជីវិត ដោយមកពី​ពួកគេចុច​គន្លឹះ​ធាក់​កៅអី​មុន​ពេល​យន្តហោះ​ត្រូវ​គ្រាប់មីស៊ីល កាលពីថ្ងៃ​ពុធ។ ​​​ពួកឧទ្ទាម​ចង់​ផ្តាច់​ខ្លួន​ពី​ទឹកដី អ៊ុយក្រែន​ប្រកាស​ថា ខ្លួន​ជា​អ្នកបាញ់ទម្លាក់​យន្តហោះ​ចម្បាំង​របស់​អ៊ុយក្រែន ប៉ុន្តែ ក្រសួងការពារ​អ៊ុយក្រែនវិញ​អះអាងថា មីស៊ីល​បាញ់​ចេញ​ពីទឹកដី​រុស្ស៊ី។ នៅ​ថ្ងៃ​ពី​ថ្ងៃ​ពុធ​ម្សិលមិញដែរ មេដឹកនាំ​ក្រុម​ឧទ្ទាមប្រឆាំង​រដ្ឋាភិបាល​អ៊ុយក្រែន ម្នាក់​ចេញមុខ​ទទួល​ស្គាល់​ថា ក្រុម​ឧទ្ទាម​ធ្លាប់​មាន​មីស៊ីល​ប្រភេទ​ប៊ូក ​SA ១១ ដែល​អាមេរិក​វាយតម្លៃថា ជា​អ្នកវាយប្រហារ​យន្តហោះ​ដឹកអ្នកដំណើរ​ម៉ាឡេស៊ី MH ១៧ កាលពី​ថ្ងៃព្រហស្បតិ៍ ទី ១៧​កក្កដា។​

លោក​Alexander Khodakovski ​មេកងវរសនាតូច​របស់​ក្រុម​ឧទ្ទាម​អ៊ុយក្រែន​អះអាងប្រាប់​Reurtes ​ថា ក្រុម​ឧទ្ទាម​មាន​គ្រាប់​មីស៊ីល​ប៊ូក នៅថ្ងៃ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី
លោក​Alexander Khodakovski ​មេកងវរសនាតូច​របស់​ក្រុម​ឧទ្ទាម​អ៊ុយក្រែន​អះអាងប្រាប់​Reurtes ​ថា ក្រុម​ឧទ្ទាម​មាន​គ្រាប់​មីស៊ីល​ប៊ូក នៅថ្ងៃ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី ©REUTERS/Maxim Zmeyev/Files
ផ្សាយពាណិជ្ជកម្ម

ជាលើកទីមួយ ដែល​ក្រុម​ឧទ្ទាមអ៊ុយក្រែន​ប្រកាស​​​ទទួល​ស្គាល់​ថា ក្រុម​ខ្លួន​ធ្លាប់មាន​មីស៊ីល​ប្រភេទ ប៊ូក ដែល​អាច​ជា​មីស៊ីល​បាញ់​ទម្លាក់យន្តហោះ​ម៉ាឡេស៊ី។ អ្នកដែល​អះអាងថា ក្រុម​ឧទ្ទាម​មាន​មីស៊ីល​ប៊ូក ហើយ​មីស៊ីល​ប៊ូក​អាច​ទទួល​បាន​ពី រុស្ស៊ី គឺ​លោក​​Alexander Khodakovsky ដែល​ជា​មេបញ្ជាការ​កងវរសេនាតូច​របស់​ពួក​ក្រុម​ឧទ្ទាម​ម្នាក់ ក្នុង​ចំណោម​មេដឹកនាំ​សំខាន់ៗ​របស់​ចលនា​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​នៅ​តំបន់​ភាគខាងកើត​អ៊ុយក្រែន។

 
សុំ​បញ្ជាក់ថា នៅតំបន់​ទាមទារ​ផ្តាច់ទឹកដី​ភាគខាងកើត​អ៊ុយក្រែន ក្រុមឧទ្ទាម​មាន​បែងចែក​ជា​ច្រើន​បក្ស ជា​ច្រើន​ក្រុម។ លោក​ Alexander គឺ​ជា​ មេបញ្ជាការ​ទ័ព​របស់​កងវរសេនាតូច មួយ​​នៅតំបន់​ខាងកើត ដែល​មិន​សូវ​ចុះ​សម្រុង​ប៉ុន្មាន​ជាមួយ​រដ្ឋមន្រ្តី​ការពារជាតិរបស់​រដ្ឋាភិបាល​ដែល​បង្កើត​​ឡើង​ដោយ​ពួកឧទ្ទាម។

 នៅក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters លោក​​ Alexander Khodakovsky​ បាននិយាយ​ថា​ លោក​ធ្លាប់លឺ​គេ​និយាយ​ពី​មីស៊ីល​ប៊ូក ដែល​ត្រូវ​ដឹក​មក​ពី​តំបន់​លូអង់ ដែល​ជា​តំបន់​មួយ​ទៀត​របស់ក្រុម​ឧទ្ទាម​។ តាម​លោក​ Alexander នៅថ្ងៃ​ដែល​យន្តហោះម៉ាឡេស៊ី​ផ្ទុះធ្លាក់ មីស៊ីល​ប៊ូក​មាន​វត្តមាន​នៅក្នុង​តំបន់​ដូណេស ប៉ុន្តែ លោកជឿថា គេ​បាន​បញ្ជូន​វា​ចេញ​រួច​ទៅ​ហើយ ពី​តំបន់​នោះ​ដើម្បី​បំបាត់​ភស្តុតាង​។

បើទោះជាមេក្រុម​ឧទ្ទាម​ទទួលស្គាល់​ថា មីស៊ីល​ប៊ូក​មាននៅក្នុងដៃ​របស់​ឧទ្ទាម​នៅ​​ភាគ​ខាង​កើត​អ៊ុយក្រែន ប៉ុន្តែ​លោក​បាន​ទម្លាក់កំហុស​ទៅលើ​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​តាម​លោក គឺ​ជា​អ្នកញុះញង់​ឲ្យ​ពួកឧទ្ទាម​ប្រើមីស៊ីល។ តាម​លោក​ Alexander កងទ័ព​អ៊ុយក្រែន ដឹងថា ពួក​ឧទ្ទាម​មាន​មីស៊ីល​ទំនើបនៅ​តំបន់​ដូណេស។ នៅថ្ងៃ​ធ្លាក់​យន្តហោះម៉ាឡេស៊ី កងទ័ព​អ៊ុយក្រែន​បាន​បង្កើន​ការវាយប្រហារ​យ៉ាងសន្ធប់​ទៅលើ​មូលដ្ឋាន​ទ័ព​របស់​ក្រុម​ឧទ្ទាម។ ពោល​គឺ​ចង់​ញុះញង់​ឲ្យ​ក្រុម​ឧទ្ទាម​បាញ់​គ្រាប់មីស៊ីល​តបតវិញ ហើយ​គ្រាប់មីស៊ីល​មួយ​អាច​រត់​ទៅកម្ទេច​​យន្តហោះ​​ដឹក​​ជន​ស៊ីវិល​របស់​ម៉ាឡេស៊ី​ដែល​កំពុង​រត់​នៅលើ​អាកាស​នៅថ្ងៃ​នោះ។

បើទោះបី​ជា​លោក Alexander Khodakovsky ​មិន​ដឹងច្បាស់ទេថា តើ​ក្រុម​ឧទ្ទាម​ផ្សេងទៀត ដែល​មិន​ស្ថិតនៅក្រោម​បញ្ជា​របស់​លោកអាច​បាញ់​មីស៊ីល​ប៊ូក ឬ​ក៏អត់នោះ ប៉ុន្តែ​លោក​បញ្ជាក់ថា ជា​យថាហេតុ ពួកឧទ្ទាម​បាន​ទទួល​មីស៊ីល​ពី រុស្ស៊ី ដើម្បី​ការពារ​ទីតាំង​របស់ខ្លួន​ពី​ការវាយប្រហារ​របស់​ទ័ព​អាកាស​អ៊ុយក្រែន។ បើសិន​ជាអ៊ុយក្រែន​មិន​វាយប្រហារ​តាម​ជើង​អាកាស ក្រុម​ឧទ្ទាម​ក៏មិន​រត់រក​ មីស៊ីល​ពី​រុស្ស៊ីដែរ។​​​​​ ​

លោក​Alexander Borodai ​ វិញ ដែល​ជា​នាយក​រដ្ឋមន្រ្តី​របស់​តំបន់ដូណេស ដែល​ប្រកាស​ឯករាជ្យ និង​ស្និទ​នឹង​ទីក្រុង​ម៉ូស្គូ បានប្រាប់​ទូរស្សន៍អង់គ្លេស BBC​ថា ក្រុម​ឧទ្ទាម​មាន​គ្រាប់មីស៊ីល។

យ៉ាងណាក៏ដោយ ការប្រកាស​ទទួល​ស្គាល់​របស់​មេបញ្ជាការទ័ព​ឧទ្ទាម​ដែល​ថា​ក្រុម​ឧទ្ទាម​មាន​មីស៊ីល​ប្រភេទប៊ូក រឹតតែ​ធ្វើ​ឲ្យ​ការសន្និដ្ឋាន​របស់​អាមេរិកកាន់តែ​ច្បាស់​ប្រាកដ​ជាងមុន។ អាមេរិក​វាយតម្លៃ ថា យន្តហោះ​ម៉ាឡេស៊ី​ត្រូវ​បំផ្លាញ​ដោយ​គ្រាប់មីស៊ីល ដែល​អាច​បាញ់​ចេញ​ដោយ​ភាន់ច្រលំ​របស់​ក្រុម​ឧទ្ទាម។ ក្រុម​ឧទ្ទាម​អ៊ុយក្រែន​ដែល​យល់​ស្មានថា យន្តហោះ​ដឹកអ្នកដំណើរ​ម៉ាឡេស៊ី​ជា​យន្តហោះ​ចម្បាំង​របស់​កងទ័ព​អ៊ុយក្រែន។​​

មិនដល់​មួយខែ​ផង យន្តហោះ​ចម្បាំង​៤​គ្រឿង​ត្រូវ​ពួក​ឧទ្ទាម​បាញ់​ទម្លាក់
មន្រ្តីស៊ើបការណ៍​សម្ងាត់​អាមេរិក​កំពុង​សិក្សា​លើ​សម្មតិកម្ម​ដែល​​រដ្ឋាភិបាល​អ៊ុយក្រែនបាន​លើកឡើង ដែល​ថា មីស៊ីល​ដែល​បាញ់ទម្លាក់​យន្តហោះចម្បាំង​អ៊ុយក្រែន កាលពីថ្ងៃ​ពុធ បាញ់​ចេញ​ពី​ទឹកដី​រុស្ស៊ី។ តាម​អាមេរិក​​ កន្លែង​ដែល​យន្តហោះ​ចម្បាំង​អ៊ុយក្រែន​ត្រូវ​រង​ការវាយ​ប្រហារ​ គឺ​ស្ថិតនៅ​ភាគខាងកើត ក្នុង​តំបន់​ដូនេស ដែល​ជាប់​ជាមួយ​ព្រំដែន​រុស្ស៊ី។ អស្ថិរភាព​នយោបាយ និង​អសន្តិសុខ​បច្ចុប្បន្ន នៅ​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ឆ្លៀត​បញ្ជូន​ទាហាន​របស់​ខ្លួន​ទៅ​បង្កប់បន្តិចម្តងៗ ​ក្នុង​ទឹកដីភាគខាងកើត​​អ៊ុយក្រែន គឺ​ទៅជួយ​ច្បាំង​ក្រុមឧទ្ទាម​និយម​រុស្ស៊ី ដែល​កំពុង​ប្រយុទ្ធ ទាមទារ​បំបែក​ទឹកដី​ពី​រដ្ឋាភិបាល​អ៊ុយក្រែន។ នេះ​បើតាម​ការអះអាង​របស់​មន្រ្តី​​អាមេរិក ទៅទូរទស្សន៍​អាមេរិក CNN។

តាម​មន្រ្តីអាមេរិកដដែល ទ័ព​រុស្ស៊ី​ពី​១២ ០០០ ទៅ​១៥ ០០០​នាក់​មិន​បាន​ចាកចេញ​ពី​ព្រំដែន​រុស្ស៊ី អ៊ុយក្រែន ដូច​ការប្រកាស​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​កន្លងមកទេ។ ទ័ព​រុស្ស៊ី​ជាង​មួយម៉ឺននាក់ បាន​បំបែក​ខ្លួន ជាក្រុម​តូចៗ និង​បន្លំ​ខ្លួន​ចូលក្នុង​ទឹកដី​អ៊ុយក្រែន​ ដោយ​ក្រុម​ខ្លះចូល​ទៅ​បង្វឹក​ហាត់​ក្រុម​ឧទ្ទាម​ឲ្យ​ចេះ​ប្រើ​សព្វាវុធ ចំណែក​ក្រុម​ខ្លះ​បោះទីតាំង​នៅលើ​ព្រំដែន​​រុស្ស៊ី​អ៊ុយក្រែន​តែម្តង។ បោះទីតាំង​ផ្ទាល់​នៅលើ​ព្រំដែន​រុស្ស៊ី​ អ៊ុយក្រែន​នឹង​អាច​ធ្វើ​ឲ្យ​ទ័ព​រុស្ស៊ី អាច​បាញ់​គ្រាប់មីស៊ីល វាយប្រហារ​ទៅលើ​យន្តហោះ​របស់​ទ័ព​អ៊ុយក្រែន​ ដោយ​មិន​អាច​ឲ្យ​គេ​ដឹងថា គ្រាប់នោះ​បាញ់​ចេញ​ពី​ទឹកដី​រុស្ស៊ី ហើយ​គឺ​ទ័ព​រុស្ស៊ី​ដែល​ជាអ្នកបាញ់នោះ។

មន្រ្តី របស់​អង្គការ​អូតង់ និង​អាមេរិក​​បាន​សំដែង​ការព្រួយបារម្ភ​​ដែល​​ឃើញ​រុស្ស៊ី​នៅ​តែ​បន្ត​ផ្តល់សព្វាវុធទៅ​ឲ្យ​ក្រុម​ឧទ្ទាម នៅក្រោយ​ ​យន្តហោះ​ម៉ាឡេស៊ី ផ្ទុះ​ធ្លាក់ នៅ​តំបន់​ភាគ​ខាង​កើត អ៊ុយក្រែន រុស្ស៊ី។ ប្រទេសលោកខាងលិច ជាពិសេស​អាមេរិក​បាន​ចោទ​ក្រុម​ឧទ្ទាម​ថា ជា​អ្នកបាញ់​មីស៊ីល​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​ដឹកអ្នកដំណើរ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ ប៉ុន្តែ រុស្ស៊ី​បាន​បដិសេធតាំងពី​ដំបូងទី​ថា ខ្លួន​មិនជាប់ពាក់ព័ន្ធ​នឹង​រឿង​ផ្ទុះ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​ទេ។ ផ្ទុយទៅវិញ ក្នុង​រឿង​ផ្ទុះ​ធ្លាក់​ឆេះ​យន្តហោះ​ដែល​សម្លាប់​អ្នកដំណើរ​​ទាំងអស់ ២៩៨នាក់ រុស្ស៊ី​នៅតែ​ចោទប្រកាន់ថា គឺ​យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​ជា​អ្នកបាញ់​យន្តហោះ​ម៉ាឡេស៊ី។

កាលពី​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​រុស្ស៊ី​បាន​​​ប្រកាស​ពង្រឹង​កងទ័ព​​យោធា​ឡើងវិញ។ តាម​រដ្ឋមន្រ្តីការពារ​ជាតិ​រុស្ស៊ី ទឹកប្រាក់​ប្រមាណ១,៧៥​លាន​អឺរ៉ូ​ ​នឹង​ត្រូវ​ចំណាយ​ពីពេលនេះ ដល់​ឆ្នាំ ២០២០ ដើម្បី​កែលម្អ ពង្រឹង​វិស័យ​យោធា​រុស្ស៊ី​នៅ​តំបន់​សមុទ្រ​ខ្មៅ ជាពិសេស​នៅ​តំបន់​គ្រីមេដែល​រុស្ស៊ី​ទើប​ភ្ជាប់ក្នុង​ទឹកដី​របស់ខ្លួន។

រុស្ស៊ី​ចាប់ពង្រឹង​វត្តមាន​ទ័ព​របស់ខ្លួន​នៅ​សមុទ្រ​ខ្មៅ ដោយសារ​តែ​រុស្ស៊ី​ចង់​ទប់ទល់​នឹង​ការគំរាម​កំហែង​របស់​អង្គការ​អូតង់ របស់​ប្រទេស​លោកខាងលិច ដែល​បាន​តាម​ទីក្រុង​ម៉ូស្គូ កំពុង​​ពង្រឹង​​ទ័ព​របស់ខ្លួន នៅក្នុង​ប្រទេស​ក្បែរ​ ទៅរក​ព្រំដែន​រុស្ស៊ី។ ម្យ៉ាងទៀត ដោយ​គាំទ្រ ផ្តល់​អាវុធ​ដល់​ក្រុម​ឧទ្ទាម រុស្ស៊ី​សង្ឃឹម​ឃើញ​អស្ថិរភាព ចលាចល​នៅក្នុង​ប្រទេស​អ៊ុយក្រែន ពោល​គឺធ្វើយ៉ាងណា​ដើម្បី​​កុំ​ឲ្យ​ប្រទេស​នេះ​ស្ងប់សុខ ដើម្បី​រួមដៃ​ជាមួយប្រទេស​លោក​ខាង​លិច មក​គំរាមកំហែង​​រុស្ស៊ី​។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ