អានតួអត្ថបទ
អ៊ុយក្រែន

កងទ័ព​អ៊ុយក្រែន​វាយលុក​កាន់កាប់​ផ្នែកមួយ​នៃ​ទីតាំង​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី

ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​អ៊ុយក្រែន​បាន​ប្រកាស​ទទួលស្គាល់​ថា ផ្នែក​មួយ​នៃ​ទីតាំង​​​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​ត្រូវ​បាន​កងទ័ព​ជាតិ​អ៊ុយក្រែន​វាយលុក​ចូល​កាន់កាប់ នៅថ្ងៃ​ចន្ទនេះ។ ការប្រកាស​របស់​ក្រុមឧទ្ទាម​ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​គៀវ​បាន​អះអាង​ថា ខ្លួន​កំពុង​បើក​ការ​វាយប្រហារ​ទៅលើ​ក្រុង​មួយ​ចំនួន នៅ​ជុំវិញ​ទីតាំង​ធ្លាក់​យន្តហោះ​នេះ។ ការ​វាយប្រយុទ្ធគ្នា ដែល​បាន​រារាំង​ដំណើរ​ក្រុម​ប៉ូលិស​ហូឡង់ និង​អូស្រ្តាលី​មិន​ឲ្យ​ចូល​ទៅកាន់​ទីតាំង​នោះ​ជាលើកទី២ នៅថ្ងៃចន្ទ។

បំណែក​យន្តហោះ​ម៉ាឡេស៊ី MH17 ដែល​ធ្លាក់​នៅ​ខាង​កើត​ប្រទេស​អ៊ុយក្រែន
បំណែក​យន្តហោះ​ម៉ាឡេស៊ី MH17 ដែល​ធ្លាក់​នៅ​ខាង​កើត​ប្រទេស​អ៊ុយក្រែន REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ទទួលបរាជ័យ កាល​ពីថ្ងៃ​អាទិត្យ ក្រុម​ប៉ូលិស​ហូឡង់ និង​អូស្រ្តាលី អមដំណើរ​ដោយ​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​មក​ពី​អង្គការ OSCE បាន​ព្យាយាម​​សាជាថ្មី​នៅថ្ងៃ​ចន្ទ ដើម្បី​​ចូល​ទៅ​ក្នុង​តំបន់​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី។ ក៏ប៉ុន្តែ ជាថ្មីម្តងទៀត​ ក្រុម​ប៉ូលិស និង​អ្នក​សង្កេតការណ៍​អន្តរជាតិ​ត្រូវ​បង្ខំ​ចិត្ត​បក​ក្រោយ​វិញ ដោយសារ​តែ​មាន​ការ​វាយប្រយុទ្ធគ្នា រវាង​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន និង​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី នៅ​ក្នុង​តំបន់​នោះ។

មន្រ្តីយោធា​អ៊ុយក្រែន​បាន​អះអាង​ថា កងទ័ព​ជាតិ​អ៊ុយក្រែន​បាន​​បើក​ការ​វាយប្រហារ ដើម្បី​ដណ្តើម​កាន់កាប់​​ក្រុង​មួយ​ចំនួន ដែល​នៅ​ជុំវិញ​ទីតាំង​ធ្លាក់​យន្តហោះ ក៏ប៉ុន្តែ មិនបាន​បើក​ប្រតិបត្តិការ​យោធា​នៅ​ចំ​ទីតាំង​ធ្លាក់​យន្តហោះ​នោះទេ។

មេដឹកនាំ​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​អ៊ុយក្រែន​​ក៏​បាន​ប្រកាស​ទទួលស្គាល់​ដែរ​ថា ខ្លួន​បាន​បាត់បង់​ការ​គ្រប់គ្រង​ទៅលើ​ផ្នែក​មួយ នៃ​ទីតាំង​ធ្លាក់​យន្តហោះ ដោយ​ត្រូវ​ទាហាន​រដ្ឋាភិបាល​វាយដណ្តើម​កាន់កាប់​នៅថ្ងៃ​ចន្ទ​នេះ។ ក្រុម​ឧទ្ទាម​ក៏​បាន​ធ្វើការ​បរិហារ​រិះគន់​រដ្ឋាភិបាល​ទីក្រុង​គៀវ​ផងដែរ​ថា​បាន​បើក​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​តំបន់​ធ្លាក់​យន្តហោះ​នេះ បើទោះបី​​ជា​ដឹង​ថា ក្រុម​ប៉ូលិស និង​អ្នក​សង្កេតការណ៍​អន្តរជាតិ​គ្រោង​នឹង​ធ្វើ​ដំណើរ​ចូល​ទៅកាន់​ទីនោះ ហើយ​ថា ផ្នែកខ្លះ​នៃ​ទីតាំង​ធ្លាក់​យន្តហោះ​កំពុងតែ​ទទូលរង​ការ​ខូចខាត​ដោយ​ការ​បាញ់ផ្លោង​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​។

នៅ​ថ្ងៃ​ចន្ទនេះ​ដែរ អាជ្ញាធរ​អ៊ុយក្រែន​បាន​អះអាង​ថា ទិន្នន័យ​ដែល​គេ​ទទួលបាន​ពី​ការ​វិភាគ​ទៅលើ​ប្រអប់ខ្មៅ​បង្ហាញ​ថា យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ​លេខ MH17 ត្រូវ​ធ្លាក់​ដោយ​ត្រូវ​អំបែង​គ្រាប់​មីស៊ីល។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​អង់គ្លេស ដែល​ទទួលបន្ទុក​វិភាគ​ប្រអប់ខ្មៅ​របស់​យន្តហោះ​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ ជុំវិញ​ការ​អះអាង​របស់​អាជ្ញាធរ​អ៊ុយក្រែន​នេះ​ទេ។ មន្រ្តី​ស៊ើបអង្កេត​ហូឡង់ ដែល​ជា​អ្នក​ទទួល​បន្ទុក​ដឹកនាំ​ការស៊ើបអង្កេត​ករណី​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​នេះ​​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ដែរ ដោយ​លើកឡើង​ថា ពួកគេរង់ចាំ​ឲ្យ​មានព័ត៌មាន​គ្រប់ជ្រុងជ្រោយ​ជាមុនសិន ទើប​អាច​ធ្វើការ​សន្និដ្ឋាន​ទៅលើ​​អ្វី​ដែល​បាន​កើតឡើង​ទៅលើ​យន្តហោះ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ