កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 15 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 15 តុលា 2012

អារម្មណ៍​អ្នក​នយោបាយ​និង​អ្នក​ស្និទ្ធ​ចំពោះ​​ការ​សោយ​ទិវង្គត​របស់​សម្តេច​ឪ​

ទង់ជាតិ​បង្ហូត​នៅពាក់កណ្តាលដង នៅព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ ថ្ងៃ១៥តុលា២០១២  ដើម្បី​ជា​ការកាន់ទុក្ខ​អតីតព្រះមហាក្សត្រខ្មែរ​ សម្តេចព្រះ​នរោត្តម សីហនុ
ទង់ជាតិ​បង្ហូត​នៅពាក់កណ្តាលដង នៅព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ ថ្ងៃ១៥តុលា២០១២ ដើម្បី​ជា​ការកាន់ទុក្ខ​អតីតព្រះមហាក្សត្រខ្មែរ​ សម្តេចព្រះ​នរោត្តម សីហនុ
REUTERS/Samrang Pring

ដោយ លាង ដឺលុច

អារម្មណ៍​សោក​ស្តាយ​ និង​ភ្ញាក់ផ្អើល គឺ​ជា​អារម្មណ៍​រួម​នៃ​អ្នក​នយោបាយ​ជាតិ និង​ មនុស្ស​សិ្នទ្ធ​នឹង​សម្តេច​ឪ​នរោត្តម សីហនុ​ដែល​បាន​សោយ​ទិវង្គត​នៅ​ព្រឹក​ថ្ងៃ​ទី​ចន្ទ​១៥​តុលា​២០១២។ ពួក​គេក៏​និយាយ​ដូច​គ្នា​ថា សម្តេច​ឪ​គឺ​ជា វីរៈបុរស​នៃ​កម្ពុជា ហើយ​អ្នក​ខ្លះ​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​នយោបាយ​កម្ពុជា នៅ​ពេល​ព្រះ​មហាវីរៈក្សត្រ​អស់​ព្រះជន្ម។
 

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ
 

15/10/2012 by លាង ដឺលុច

 លោក​ខៀវ កាញារីទ្ធ​ អ្នកនាំ​ពាក្យ​​រដ្ឋាភិបាល​បាន​អត្ថាធិប្បាយ​អោយ​ដឹង​ថា «កម្ពុជា​បាន​បាត់​បង់​​វីរៈ​បុរស​ជាតិ​មួយ​រូប»។ អ្នក​នយោបាយ​រូប​នេះ​បន្ត​ថា លោក​មាន​អនុស្សាវរីយ៍​ល្អៗ​ជា​ច្រើន​ជា​មួយ​សម្តេច​តា។

លោក​ចាប ញ៉ាលីវុទ្ធ អតីត​អភិបាល​ខេត្ត​និង​ជា​បង​ប្អូន​ម្តាយ​តែ​មួយ​ជា​មួយ​ព្រះអង្គ​ម្ចាស់​រណឬទ្ធិ បាន​ចាត់​ទុក​សម្តេច​តា គឺ​ជា​ព្រះមហាក្សត្រ​អស្ចារ្យ​មួយ​អង្គ​បន្ទាប់ពី​ព្រះ​មហាក្សត្រ​ជ័យវរ្ម័ន​ទី​៧។ លោក​បាន​ថ្លែង​អោយ​ដឹង​ថា«ព្រះអង្គ​គឺ​ជា​ក្សត្រ​ដែល​ស្រឡាញ់​ជាតិ និង​ស្រឡាញ់​យុត្តិធម៌​ពិត​ប្រាកដ»។
 
ចំណែក​ឯ​ក្មួយ​ប្រុស​និង​ជា​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្តេច​ឪ គឺ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​វិញ ព្រះអង្គ​បាន​បន្ទូល​ថា៖ «ព្រះអង្គ​បាន​បន្យល់​ទុក​កេរ្តិ៍មរតក​ច្រើន​ណាស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​កម្ពុជា និង​ក្នុង​ពិភពលោក។ ព្រះអង្គ​គឺ​ជា​ស្ថាបនិក​នៃ​ក្រុម​​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ។
 
លោក​គៀត សុគន្ធ អនុ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចាត់ទុ​ក​ការ​សោយ​ទិវង្គត​របស់​សម្តេច​តា គឺ​ជា​ការ​បាត់បង់​អ្នក​ស្នេហាជាតិ​មួយ​រូប។ លោក​បន្ត​យ៉ាង​ដូច្នេះ​៖«ខ្ញុំ​ខក​ចិត្ត និង​អស់​សង្ឃឹម​ចំពោះ​ដំណឹង​នេះ។ សម្តេចឪ ព្រះអង្គ​មាន​ឥទ្ធិពល​លើ​នយោបាយ​បរទេស​ទាក់ទង​នឹង​បញ្ហា​បូរណភាព​ទឹកដី។ បរទេស​ខ្លាច​ព្រះអង្គ​ច្រើន»។
 
លោកហៃ លីអ៊ាង អគ្គ​នាយក​ក្រុមហ៊ុន PPM បាន​រម្លឹក​អោយ​ដឹង​យ៉ាង​មោទនៈ​អំពី​ស្នា​ព្រះហស្ថ​​របស់​សម្តេច​សីហនុ​ក្នុង​ទស្សវត្សរ៍​៦០។ អ្នក​ជំនួញ​រូប​នេះ​បញ្ជាក់​ថា សម្តេច​ឪ​នរោត្តម​សីហនុ​ជា​មេ​ដឹកនាំ​ឆ្នើម​ទាំង​លើ​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ក្នុង​សម័យ​នោះ។
«កម្ពុជា​ធ្លាប់​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ច្រើន​ជាង​គេ​នៅ​ក្នុង​ទស្សវត្សរ៍​៦០។ ការ​បាត់បង់​សម្តេច​ឪ​នៅ​ពេល​នេះ វា​អាច​ជា​ការ​បាត់បង់​តុល្យភាព​នយោបាយ​ផង​ដែរ» នេះ​ជា​ការ​អត្ថាធិប្បាយ​របស់​លោក​ហៃ លីអ៊ាង។
 
អ្នកកាសែតជនជាតិបារាំង លោក Pierre Gillette ដែលធ្លាប់ត្រូវបានអញ្ជើញ​អោយចូលជួប​សវនាការជាមួយសម្តេចឪនោះ ពិពណ៌នាថា សម្តេចតាមានតួនាទីយ៉ាងសំខាន់​ក្នុងឆាក​នយោបាយជាតិ និងអន្តរជាតិ។ អតីតនិពន្ធនាយកកាសែតភាសាបារាំង Cambodge Soir បានរម្លឹកថា« ព្រះមហាវីរៈក្សត្រគឺជាអ្នកអានសារព័ត៌មានព័ត៌មានជាភាសាបារាំងដ៏សកម្ម។ ព្រះអង្គចូល​ចិត្ត​អាន​ព័ត៌មានកីឡា។ ក្រៅពីនោះពេលខ្ញុំជួបសវនាការជាមួយព្រះអង្គ ព្រះអង្គ​ចូលចិត្ត​រម្លឹក​ច្រើនពី​ព្រឹត្តិការណ៍នៃការទាមទារឯករាជ្យពីអាណាព្យបាលបារាំង»។
 
​គួរ​បញ្ជាក់​អោយ​ដឹង​ផង​ដែរ​ថា ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស​អំពី​ការ​សោយទិវង្គត​របស់​សម្តេច​ឪ មេ​ដឹក​នាំ​បរទេស​ក៏​បាន​ថ្លែង​ការណ៍​រំលែក​ទុក្ខ​ផង​ដែរ។ ជាក់​ស្តែង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ចិន។ អគ្គរដ្ឋទូត​ ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា​ក៏​ថ្លែងការណ៍​ខ្លី​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​សម្តេច​ម៉ែ និង​រាជ​វង្សានុវង្ស និង​ជាមួយ​ប្រជាជន​ខ្មែរ​ផង​ដែរ៕

tags: កម្ពុជា - នរោត្តម សីហនុ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close