កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 02 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 02 តុលា 2012

ប្រតិកម្ម​រិះគន់​តុលាការ ជុំវិញ​ការ​ផ្តន្ទាទោស​លោក​ម៉មសូណង់ដូ តែ​រដ្ឋាភិបាល​ច្រានចោល

ប្រតិកម្ម​រិះគន់​តុលាការ ជុំវិញ​ការ​ផ្តន្ទាទោស​លោក​ម៉មសូណង់ដូ តែ​រដ្ឋាភិបាល​ច្រានចោល
ប្រតិកម្ម​រិះគន់​តុលាការ ជុំវិញ​ការ​ផ្តន្ទាទោស​លោក​ម៉មសូណង់ដូ តែ​រដ្ឋាភិបាល​ច្រានចោល

ដោយ លី ម៉េងហួរ

សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ប្រទេសបារាំង គណបក្សប្រឆាំង អង្គការ​ការពារ​អ្នកកាសែត និង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​-​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ រិះគន់​តុលាការ ចំពោះ​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ២០ ឆ្នាំ លើ​លោក​ម៉ម​សូណង់ដូ​។ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋាភិបាល ក៏​មិន​នៅ​អោបដៃ សង្ងំស្ងៀម​ទៀតឡើយ គឺ​តាមរយៈ​លោក កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អតីត​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង បាន​ហៅ​ប្រតិកម្ម​គាំទ្រ​លោក​ម៉ម​សូណង់ដូ ថា​ជា​ការបង្កើត​វប្បធម៌​គាំទ្រ​អ្នកទោស ហើយ​បែរជា​មក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្របច្បាប់​ទៅវិញ​។​

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
 

02/10/2012 by លី ម៉េងហួរ

 

កាលពី​ថ្ងៃ​ចន្ទ ទី​១​តុលា​ម្សិលមិញ តុលាការក្រុង​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​លោក​ម៉ម​សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ ដ៏​មាន​ប្រជាប្រិយភាព ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុង​រឿងក្តី​បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាមរយៈ​ជម្លោះដីធ្លី​នៅ​ខេត្ត​ក្រចេះ​។ អ្នកភូមិ ១៣ នាក់​ផ្សេង​ទៀត ក៏​ត្រូវបាន​តុលាការ​ផ្តន្ទាទោស ចាប់ពី ១០ ខែ រហូតដល់ ៣០ ឆ្នាំ​។ ក៏ប៉ុន្តែ​សេចក្តីសម្រេច​របស់​តុលាការ​ដូច្នេះ បាន​ធ្វើឲ្យ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប គណបក្សប្រឆាំង អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​-​អន្តរជាតិ និង​អង្គការ​ការពារ​អ្នកកាសែត ជាដើម បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ ដាច់ដោយឡែក​ពីគ្នា រិះគន់​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ថា​មិន​ឯករាជ្យ​។
 
​សេចក្តីសម្រេច​ផ្តន្ទាទោស​លោក​ម៉ម​សូណង់ដូ ជា​រឿង​នយោបាយ​។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។ រីឯ​សហភាព​អឺរ៉ុប តាមរយៈ​លោកស្រី Catherine Ashton យល់ថា ការកាត់ទោស​លោក​ម៉ម​សូណង់ដូ ធ្វើឲ្យប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​។ សហរដ្ឋអាមេរិក តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស លោកស្រី Victoria Nuland បាន​សម្ដែង​កង្វល់ ចំពោះ​ការកាត់ទោស​លោក ម៉ម សូណង់ដូ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក ម៉ម សូណង់ដូ ជាបន្ទាន់ ដើម្បី​បញ្ជាក់​ឲ្យឃើញថា ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា មិន​ស្ថិត​នៅក្រោម​ឥទ្ធិពល​នយោបាយ​។​
 
ប្រទេស​​​បារាំង តាម​រយៈ​​អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​ លោក ហ្វី​លីព ឡៃ​លី​យោ ( Philippe Lalliot ) បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍ ដោយ​បង្ហាញ​​ពី​ការព្រួយបារម្ភ ចំពោះ​ការ​កាត់ទោស​លោក ម៉ម សូណង់ដូ ពលរដ្ឋ​​កម្ពុជា សញ្ជាតិ​​បារាំង​។ សេចក្តីថ្លែងការណ៍នៅថ្ងៃនេះ ប្រទេស​បារាំង បានបង្ហាញការ​សោកស្តាយ ចំពោះ​ការកាត់​ទោស​​​​នេះ​។ ប្រទេស​បារាំង អំពាវនាវ​​​ឱ្យ​​អាជ្ញាធរ​​កម្ពុជា ធានាថា នីតិវិធី បណ្តឹង​ឧទ្ធណ៍ នឹង​អនុញ្ញាត​ឱ្យ​មាន​ការត្រួត​ពិនិត្យ​រឿងក្តី​នេះ​ឡើង​វិញ​ឆាប់ៗ ប្រកបដោយ​យុត្តិធម៌ និង​សមធម៌​។ ប្រទេស​បារាំង ក៏អំពាវនាវ​យ៉ាងទទូច​ឱ្យ​ប្រទេស​កម្ពុជា គោរព​សេរីភាព​បញ្ចោ​ញ​មតិ និង​ទស្សនៈ ស្រប​តាម​កត្តិកាសញ្ញា អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​ខ្លួន​ជា​ភាគី​ហត្ថលេខី​។​
 
ប្រព័ន្ធ​តុលាការ​កម្ពុជា ពុំទាន់​មាន​លក្ខណៈ​ឯករាជ្យ អព្យាក្រឹត្យ ក្នុងការ​កាត់សេចក្តី ក៏​ជា​ការ​យល់​ឃើញ​របស់​គ​ណ​បក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស តាមរយៈ​សេចក្តីថ្លែងការណ៍​រួម ក្នុង​ករណី​លោក​ម៉ម​សូណង់ដូ​។​
​ចំណែក​ក្លឹប​អ្នកកាសែត​បរទេស មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ក៏​បាន​បង្ហាញ​ក្តីព្រួយបារម្ភ ចំពោះ​អនាគត​អ្នកកាសែត និង​អ្នកការពារ​សិទ្ធិមនុស្ស នៅ​កម្ពុជា ដោយ​សារតែ​តុលាការ​ផ្តន្ទាទោស​លោក​ម៉ម​សូណង់ដូ​។ សេចក្តីថ្លែងការណ៍ បាន​កត់សម្គាល់​ថា សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​។
 
យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោក កែវ រ៉េមី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១២ បាន​កោះប្រជុំ​អ្នកកាសែត និង​បាន​បញ្ចេញ​ប្រតិកម្ម ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍​នានា ពិសេស​ជុំវិញ​សំណុំរឿង​កាត់ក្តី​លោក ម៉ម សូណង់ដូ​។ តាម​លោក កែវ រ៉េមី រដ្ឋាភិបាល​កំពុង​ពង្រឹង​ការគោរព​ច្បាប់ និង​លុបបំបាត់​វប្បធម៌​គ្មាន​ទោស ។ ម្យ៉ាងទៀត រដ្ឋាភិបាល មិន​បាន​បិទមាត់​ក្រុម​ប្រឆាំង ឬ​ក៏​បិទ​វិទ្យុ​សំបុក​ឃ្មុំ​ឡើយ​។ លោក កែវ រ៉េមី បានលើកឡើងថា “បូកសរុបព័ត៌មាន ដែលចុះផ្សាយ​នៅក្នុងស្រុក ក៏ដូចជា​សេចក្ដីថ្លែងការណ៍​មួយចំនួន គឺ​យើង​ចាប់អារម្មណ៍​ថា អ្នកទាំង​នោះ បាន និង​កំពុង​បង្កើត​វប្បធម៌​គាំទ្រ​អ្នកទោស ហើយ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល ស្របច្បាប់​។
 
រាជរដ្ឋាភិបាល សព្វថ្ងៃ គឺជារាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតឡើង​ពី​ប្រជាពលរដ្ឋ​ក្នុងការបោះឆ្នោត​ត្រឹមត្រូវ”។ ជាមួយ​នឹង​ប្រតិកម្ម​ខាងលើ អតីត​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​ប្រឆាំង​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស លោក កែវ រ៉េមី ក៏​បាន​បញ្ចេញ​ប្រតិកម្ម​​ជំនួស​រដ្ឋាភិបាល តប​នឹង​អ្នករាយការណ៍​ពិសេស​​អង្គការសហប្រជាជាតិ លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី និង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស លោក ប្រែត អាដាម ជុំវិញ​អនុសាសន៍​ផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប​. និង​មតិ​រិះគន់​រដ្ឋាភិបាល​ផងដែរ​៕​

 

tags: កម្ពុជា - តុលាការ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close