សៅរ៍ 22 កញ្ញា 2012
តើ​គំរូ​សេរីភាព​ណាមួយ​ដែល​កម្ពុជា​គួរ​អនុវត្តន៍ ?
នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន
នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន
©វណ្ណារ៉ា/RFI
ដោយ ប៉ែន បូណា

ប្រទេស​កម្ពុជា​ដែល​ទើបបាន​ទទួល​សន្តិ​សភាព​ពេញលេញ​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​គួរ​ខិតខំ​ពង្រឹង​សន្តិភាព​នេះ​ឲ្យ​បាន​រឹងមាំ​ថែមទៀត​ខណៈដែល​ភាពវឹកវរ​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។ អំពើហិង្សា​ដ៏​កម្រោល​ដែល​កំពុង​ផ្ទុះឡើង​ដោយសារតែ​ខ្សែភាពយន្ត​ប្រមាថ​សាសនា​អ៊ីស្លាម​នៅ​ពេល​នេះ​ជា​អធិករណ៍​ថ្មី​មួយទៀត​ដែល​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ច្របូកច្របល់។ បញ្ហាធំៗដែល​បាន​កើតឡើង​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​សុទ្ធតែជា​មេរៀន​សម្រាប់​ការអនុវត្ត​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ពិភពលោក​ហាក់​កំពុង​ធ្លាក់​ក្នុង​សភាព​វឹកវរ​ជាថ្មី​នៅពេលដែល​ខ្សែភាពយន្ត​ខ្លី​មួយ​ដែល​ប្រមាថ​ព្យាការី​មហាមេដ មេដឹកនាំ​សាសនា​អ៊ីស្លាម​ត្រូវ​បាន​គេ​បង្ហោះ​តាម​អ៊ីធីណែត​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ កំហឹង​របស់​ជន​អ៊ីស្លាម​បានធ្វើ​ឲ្យ​ស្ថានទូត​អាមេរិក​ជា​ច្រើន​បាន​ទទួលរង​ការ​វាយប្រហារ ដុតបំផ្លាញ ឬ​គំរាមកំហែង និង​រហូត​ដល់​មាន​ឯកអគ្គរដ្ឋទូត និង​មន្ត្រី​ទូត​អាមេរិក​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ទៀត​ផង។ ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​សម្រេច​ចេញ​បទ​បញ្ហា​ឲ្យ​គ្រប់​ស្ថានទូត​របស់ខ្លួន​ទាំងអស់​ត្រូវ​សុំ​ជំនួយ​ពី​ប្រទេស​សាម៉ី​ដើម្បី​បង្កើន​ការ ការ​ការពារ​សន្តិសុខ។ ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​ក៏ត្រូវ​បាន​ពង្រឹង​សន្តិសុខ​ដូច​គ្នា​ដែរ។
 
ស្រប​ពេល​គ្នា​នេះ ទស្សនា​វ​ដ្តី​បារាំង​មួយ ឈ្មោះ Charlie Hebdo ក៏បាន​ចាក់​សាំង​ទៅ​លើ​ភ្លើង​ដែល​កំពុង​ឆេះ។ ទស្សនាវដ្តី​នេះ​បាន​ចុះផ្សាយ​រូប​គំនូរ​ត្លុក​កំប្លែង​ដែល​មាន​លក្ខណៈ​ប្រមាថ​ព្យាការីមហាមេដ​ដូចគ្នា​ដែរ។ ដោយសារតែ​រូប​ត្លុក​កំប្លែង​មួយ​នេះ ស្ថានទូត អគ្គ​កុងស៊ុល និង​សាលារៀន​បារាំង​នៅក្នុង​ជាង ២០ ប្រទេស​ដែល​កាន់សាសនា​អ៊ីស្លាម​ត្រូវ​បាន​បិទទ្វារ​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ​ដើម្បី​បង្កា​​ក្រែង​មាន​អំពើហិង្សា​កើតឡើង។
មិន​មែន​តែ​នៅ​ក្នុង​ពិភពលោក​ទេ សូម្បីតែ​នៅក្នុង​តំបន់​ជិតខាង​កម្ពុជា​ក៏​អំពើហិង្សា​ស្រដៀង​គ្នា​នេះ​កើតឡើង​ដែរ។ ជាក់ស្តែង អំពើហិង្សា​នៅ​ប៉ែក​ខាងត្បូង​ថៃ និង​ថ្មីៗ​នេះ អំពើហិង្សា​សាសនា​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ភូមា។
 
មូលហេតុ​សាសនា​ជា​រឿង​ដែល​តែង​លើក​មក​និយាយ ប៉ុន្តែ តើ​អ្វី​ទៅ ជា​ហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​អំពើហិង្សា​សាសនា ? ចម្លើយ​គឺ សេរីភាព​គ្មាន​ព្រំដែន​នេះ​ឯង ដែល​បាន​ដុត​បញ្ឆេះ​អំពើហិង្សា​ទាំង​នោះ។ ខ្សែភាពយន្ត​ផលិត​នៅ​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​រូប​ត្លុក​កំប្លែង​ក្នុង​ទស្សនាវដ្តី​បារាំង​ដែរ ត្រូវបាន​ផលិត​និង​ផ្សព្វផ្សាយ​ក្រោម​ហេតុផល​សេរីភាព​សម្តែង​មតិ។ ក្នុង​បរិបទ​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​បារាំង​ដែល​មាន​ឈ្មោះ​ជា «បិតា» ប្រជាធិបតេយ្យ ពិត​ជា​ពិបាក​ខ្លាំងណាស់​ក្នុង​ការ​ថ្លឹងថ្លែង​រវាង​សេរីភាព​សម្តែង​មតិ និង​ការ​ប្រមាថ​ទៅ​លើ​សាសនា​ដទៃ​ដែល​មិនគួរ​នឹង​ធ្វើ។
 
រហូត​មក​ទល់​ពេល​នេះ ទីក្រុង​ប៉ារីស និង ក៏​ដូច​ជា​វ៉ាស៊ីនតោន​ដែរ នៅតែ​ឲ្យ​តម្លៃ​ធ្ងន់​ទៅលើ​សេរី​សម្តែង​មតិ​ដដែល​ដើម្បី​រក្សា​គោលការណ៍​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​របស់ខ្លួន បើទោះបីជា​ស្ថានការណ៍​មាន​ភាព​ធ្ងន់ធ្ងរ និង​បើទោះបី​ជាមាន​អ្នកខ្លះ​រិះគន់ថា សេរីភាព​គ្មាន​ព្រំដែន​បែប​ប្រប​កដោយ​ការប្រមាថ​នេះ​មិនអាច​ទទួលយកបាន​ក៏ដោយ។ ងាក​មក​ប្រទេស​កម្ពុជា​វិញ សន្តិភាព​ពេញលេញ​ទើបតែ​ត្រូវ​បាន​រក​ឃើញ​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។ ប៉ុន្តែ សន្តិភាព និង​ស្ថេរភាព​នយោបាយ​កម្ពុជា​ក៏​តែងតែ​ទទួល​រង​ការ​គំរាមកំហែង​ជា​ញឹកញយ​ដែរ។ ជម្លោះ​នយោបាយ​ដែល​នាំ​ដល់​ការ​ផ្ទុះ​អាវុធ​កណ្តាល​ទីក្រុង​រវាង​ដៃគូ​ក្នុង​រដ្ឋាភិបាលចម្រុះ​កាលពី​ខែកក្កដា​ឆ្នាំ ១៩៩៧ គឺ​ជា​វិញ្ញាសា​ទី១។ រីឯ​ជម្លោះ​ក្តៅគគុក​ជា​បន្តបន្ទាប់​រវាង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​ដែល​នៅ​តែ​បន្ត​នៅឡើយ​រហូតដល់​ពេល​នេះ គឺ​ជា​វិញ្ញាសារ​ទី២​សម្រាប់​សន្តិភាព និង​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា។
 
ជា​ការ​ពិត កម្ពុជា​បាន​ឆ្លង​ផុត​សម័យកាល​សង្គ្រាមស៊ីវិល ឬ​សម័យកាល​ដណ្តើម​តុល្យភាព កម្លាំង​យោធា​ពី​សំណាក់​ក្រុម​នយោបាយ​បដិបក្ខ​ទៅ​ហើយ ប៉ុន្តែ ប្រធានបទ​សំខាន់​សម្រាប់​នយោបាយ​កម្ពុជា​នា​ពេល​នេះ​ ក៏​ស្ថិត​នៅ​ជុំវិញ​សេរីភាព​នេះ​ដែរ។ ជាក់ស្តែង មេដឹកនាំ​បក្សប្រឆាំង លោក​សម រង្ស៊ី ដែល​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​ក៏​បាន​ធ្វើ​ឡើង​ក្នុង​ហេតុផល​សេរីភាព។ មាន​បញ្ហា​តានតឹង​ជាច្រើន​ទៀត​ដែល​តែង​ដុត​កម្តៅ​ឆាកនយោបាយ​កម្ពុជា ក៏​កើត​ឡើង​ជុំវិញ​សេរីភាព​សម្តែង​មតិ​នេះដែរ។
 
អ្នក​ស្រឡាញ់​សេរីភាព​តែង​ចង់បាន​សេរីភាព​ដោយ​គ្មាន​ដែន​កំណត់ ប៉ុន្តែ រដ្ឋាភិបាល​ភ្នំពេញ​ដែល​មិន​មែន​វ៉ាស៊ីនតោន ឬ​ប៉ារីស​តែង​ព្យាយាម​កម្រិត​សេរីភាព​នោះ​ដោយសារ​តែ​ខ្លាច​ផលវិបាក​ធ្ងន់ធ្ងរ​របស់​វា​បង្ក​ភាព​វឹកវរ​រហូត​ទប់ទល់​លែង​បាន។ ដូច្នេះ តើ​កម្ពុជា​គួរ​យក​គំរូ​ណា​មួយ​នៃ​សេរីភាព? តើ​ត្រូវ​ផ្តល់​ទម្ងន់​ខ្លាំង​ទៅ​លើ​សេរីភាព​គ្មាន​ព្រំដែន​ដោយ​មិន​គិតពី​ផលវិបាក​របស់​វា ឬ​ក៏​គួរ​កម្រិត​ព្រំដែន​សេរីភាព​ក្នុង​ក្របខណ្ឌ​ណាមួយ​ដើម្បី​បញ្ចៀស​ភាពវឹកវរ នៅ​ក្នុង​សង្គម​ជា​យថាហេតុ? នេះ​សំណួរ​ដែល​គ្រប់គ្នា​គួរ​ពិចារណា និង​សម្រេចចិត្ត​ជ្រើសរើស៕

ពាក្យគន្លឹះ : កម្ពុជា - នយោបាយ - សង្គម
អត្ថាធិប្បាយ (4)

RFI and Government

I feel like RFI go to the side of Government. Speak for Government like this Article. Government stop the free of speak not for that reason but they don't like people to speak bad on them. And the way they do is not demoncracy! Don't you think that?

His job

It is not his job to againt the government. He just share his ideas with that matter. You are one of the anti-government extremists, i persive. Reading his article many times, i can see that he is giving advice rather than supporting.

ប្រមាថ ខុសពី បញ្ឆិតបញ្ឆៀង

សូមលោកបែន បូណា ចេះជ្រើសរើសពាក្យមកប្រើអោយបានត្រឹមត្រូវជាងនេះ។ តើបែន បូណាមានបានឃើញវីដេអូ រូបភាពកំភ្លុកកំប្លែង ដោយផ្ទាល់ ឬក៏គ្រាន់តែលឺគេថា ហើយយកវាមកធ្វើមូលដ្នានក្នុងការសរសេរបទវិភាគ? រូបកំប្លែងនោះ មានលក្ខណៈបញ្ឆិតបញ្ឆៀង ជាជាងពាក្យរបស់លោក បែន បូណា ដែលថា​ជាការប្រមាថនោះ។ បញ្ឆិតបញ្ឆៀង ខុសពីប្រមាថ។ ពាក្យប្រមាថនេះ អាចជាឆ្នួនដុតកំដៅកំហឹងរបស់ សាសនិកអ៊ីស្លាមអោយកាន់តែខ្លាំងទៀត។ ដូច្នេះ សូមថ្លឹងថ្លែង ក្នុងការប្រើពាក្យសិន មុននឹងអោយគេយល់ថា ខ្លួនជាអ្នកវិភាគម្នាក់នោះ។

តើ​គំរូ​សេរីភាព​ណាមួយ​ដែល​កម្ពុជា​គួរ​អនុវត្តន៍ ?

ហេតុអ្វីបានជា គេហទំព័រ RFI របស់លោកបារាំងឯងមិនupdate ព័ត៌មានឲ្យទាន់សភាពការណ៍បន្តិចទៅ!! បើសិនមិនមានអ្នកធ្វើការផ្នែកនេះទេ ម្តេចមិនជួលខ្មែរនៅស្រុកខ្មែរវាយអក្សរបញ្ចូលអត្ថបទទៅ។ ធ្វើការយឺតមែន!!!

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close