អានតួអត្ថបទ
បារាំង

អ្នក​កាសែត​​បារាំង​​៤រូប​​ ត្រូវ​បាន​​ដោះលែង​​ ក្រោយ​​គេ​​ចាប់​ធ្វើ​​ជា​ចំណាប់ខ្មាំង​​១០ខែ​​នៅ​ស៊ីរី​​

នៅថ្ងៃ​សៅរ៍នេះ អ្នកសារព័ត៌មានបារាំង​៤នាក់ ដែល​ត្រូវបាន​គេ​ចាប់​ធ្វើជា​ចំណាប់ខ្មាំង​​​នៅប្រទេស​ស៊ីរី អស់​១០ខែ​មក​ហើយនោះ ត្រូវ​បាន​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ​ហើយ។ កងទ័ព​តួកគី​​បាន​រកឃើញ​អ្នកសារព័ត៌មាន​ទាំង​៤នាក់ ​នៅ​ព្រំដែន​​រវាង​តួកគី​និង​ស៊ីរី។ ​អ្នក​សារព័ត៌មាន​ទាំង​៤រូប​ មិន​មាន​បញ្ហា​សុខភាព​អ្វីធ្ងន់​នោះទេ ហើយ​ត្រូវ​ធ្វើដំណើរ​​ត្រលប់​មក​ដល់​បារាំង​វិញ នៅ​យប់ថ្ងៃ​សៅរ៍​១៩មេសា​នេះ ​រឺ​ក៏ព្រឹកថ្ងៃ​អាទិត្យ​២០មេសា។ តាំង​ពី​ស៊ីរី​ធ្លាក់​ក្នុង​សង្គ្រាម​នៅ​ដើមឆ្នាំ​២០១១មក អ្នកសារព័ត៌មាន​ស៊ីរី និង​អ្នកសារព័ត៌មាន​បរទេស​ជា​ច្រើនរូប​ ត្រូវបាន​គេ​ចាប់ធ្វើ​ជាចំណាប់ខ្មាំង​នៅ​ស៊ីរី។ ​

ពីឆ្វេង​ទៅ​ស្តាំ៖ អ្នកថតរូប ​លោក Edouard Elias, អ្នក​កាសែត​ទស្សនាវដ្តី Le Point លោក Nicolas Henin, អ្នកកាសែត​វិទ្យុ​អឺរ៉ុប​១ លោក Didier Francois ក្រោយពេល​ត្រូវបាន​ដោះលែង
ពីឆ្វេង​ទៅ​ស្តាំ៖ អ្នកថតរូប ​លោក Edouard Elias, អ្នក​កាសែត​ទស្សនាវដ្តី Le Point លោក Nicolas Henin, អ្នកកាសែត​វិទ្យុ​អឺរ៉ុប​១ លោក Didier Francois ក្រោយពេល​ត្រូវបាន​ដោះលែង AFP PHOTO / DOGAN NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

អ្នក​សារព័ត៌មាន​បារាំង​ទាំង៤រូប ​ត្រូវបាន​គេ​ចាប់ធ្វើជាចំណាប់ខ្មាំង​នៅ​ស៊ីរី តាំង​តែ​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ម្ល៉េះ ពោល​គឺ​១០ខែ​មកហើយ។ ​​​​​ ​​ក្នុង​ចំណោម​​អ្នកសារព័ត៌មាន​​បារាំង​ទាំង៤រូប មាន​អ្នក​ថតរូប​​២នាក់ ​​​អ្នក​​កាសែត​​មកពី​​​វិទ្យុ​អឺរ៉ុប​១ និង​អ្នក​កាសែត​មកពី​ទស្សនាវដ្តី​​​ប្រចាំ​សប្តាហ៍​ Le Point។ ​ចំណាប់ខ្មាំង ​Didier François ជា​អ្នក​​កាសែត​​មកពី​​​វិទ្យុ​អឺរ៉ុប​១បារាំង បាន​សំដែង​ការ​រីករាយ​ដោយ​ប្រាប់ថា ​​​​វា​គឺ​ជា​​សុភមង្គល​ដែល​​​លោក​អាច​មើល​ឃើញ​មេឃ​ និងអាច​បញ្ចេញ​មតិ​​​យោបល់​បាន​​ឡើងវិញ។

កងទ័ព​តួកគី​បាន​រកឃើញ​អ្នកសារព័ត៌មាន​​​បារាំង​ទាំង៤រូប​ នៅ​​​ព្រំដែន​រវាង​តួកគី​ និង​ស៊ីរី ជិត​ក្រុង​អាក់សាកាល់ ភាគ​អាគ្នេយ៍​ប្រទេស​តួកគី។ ​​​​អ្នកកាសែត​ទាំងនេះ​ ត្រូវបាន​ក្រុម​មនុស្ស​មិនស្គាល់​អត្តសញ្ញាណ​បោះបង់ចោល​​នៅ​ទីនោះ។ ​កងទ័ព​តួកគី​​​​​ឃើញ​ថា ​អ្នកកាសែត​បារាំង​ទាំង៤រូប​ត្រូវ​បាន​គេចងរឹត និង​រុំ​ក្រណាត់​​បិទភ្នែក​ជិតឈឹង។ ​ដំបូងឡើយ កងទ័ព​តួកគី​ស្មាន​ថា បុរស​ទាំង​៤នាក់​នេះ ជា​អ្នករត់​ពន្ធ។ ​ការដោះលែង​​ចំណាប់​ខ្មាំង​​បារាំង​ទាំង​៤រូបនេះ​ ធ្វើឡើង​ក្រោយ​ការដោះលែង​​អ្នក​សារព័ត៌មាន​​​​ជាច្រើន​រូប​នៃ​​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​។ អ្នកកាសែត​អឺរ៉ុបទាំងនេះ ធ្លាប់​ត្រូវបាន​ក្រុម​​ឧទ្ទាម​​ជ្រុលនិយម​​​នៅស៊ីរី ​ឈ្មោះថា “រដ្ឋអ៊ីស្លាម អ៊ីរ៉ាក់” ចាប់​ធ្វើជា​​ចំណាប់ខ្មាំងជាច្រើនខែ។ ​​

អ្នកសារព័ត៌មាន​ស៊ីរី និង​អ្នកសារព័ត៌មាន​បរទេស​ជា​ច្រើនរូប​ ត្រូវបាន​គេ​ចាប់ធ្វើ​ជា​ចំណាប់ខ្មាំង​នៅ​ប្រទេស​ស៊ីរី ចាប់​តាំង​ពី​​ប្រទេស​នេះ​ធ្លាក់​ក្នុង​វិបត្តិ​​សង្គ្រាម​នៅ​ដើមឆ្នាំ​២០១១ ជា​សង្គ្រាម​រវាង​​កងទ័ព​ប្រធានាធិបតី​អាសាដ​ និង​ក្រុមឧទ្ទាម។ ​យោងតាម​អង្គការ​ការពារ​សិទ្ធិសារព័ត៌មាន​​​នានា ស៊ីរី​បាន​ក្លាយជា​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​ ក្នុង​ពិភពលោក សម្រាប់​សារព័ត៌មាន។ អ្នកកាសែត​បរទេស​ជាច្រើន​​កំពុង​​ជាប់ខ្លួន​ជា​​ចំណាប់ខ្មាំង​​​ នៅ​ស៊ីរី។

គេពិបាក​នឹង​ដឹង​ចំនួន​អ្នកកាសែត​​ទាំងនោះ​អោយ​បាន​ពិតប្រាកដ​ណាស់ ព្រោះថា រដ្ឋាភិបាល​​និង​​​ក្រុមគ្រួសារ​អ្នកកាសែត​​ខ្លះ បាន​សុំអោយ​សារព័ត៌មាន​​លាក់​ព័ត៌មាន​ ពី​ការបាត់ខ្លួន​របស់​អ្នកកាសែត​ទាំងនោះ ខណៈ​ស្ថានភាព​នៅ​ស៊ីរី មានភាព​ច្របូកច្របល់​គួរអោយ​បារម្ភ។ កាលពី​ខែធ្នូ ឆ្នាំ​២០១៣ សារព័ត៌មាន​អន្តរជាតិ​ធំៗ​ចំនួន​១៣ ដូច​ជា​ BBC, New York Times រឺ​ក៏​​Reuters ​ធ្លាប់​រំពឹង​ថា ​​អ្នកាសែត​ដែល​ត្រូវ​គេ​​ចាប់ជា​ចំណាប់​ខ្មាំង​នៅ​ស៊ីរី មាន​ប្រមាណ​ជាង​៣០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ