អានតួអត្ថបទ
រុស្ស៊ី-អឺរ៉ុប

រុស្ស៊ី​ស្នើ​ឲ្យ​អឺរ៉ុប​ជួយ​សាងសង់​បំពង់បង្ហូរ​ឧស្ម័ន ដោយ​មិន​កាត់​ទឹកដី​អ៊ុយក្រែន

លោកប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន បាន​អំពាវនាវ កាលពី​ថ្ងៃសៅរ៍ ឲ្យ​សហភាព​អឺរ៉ុប​គាំទ្រ​ការសាង់សង់​បំពង់​បង្ហូរ​ឧស្ម័ន​ថ្មីមួយ​ទៀត ដោយ​មិន​ចាំ​បាច់​ឆ្លងកាត់​ទឹកដី​អ៊ុយក្រែន។ សម្រាប់​លោក​ពូទីន រុស្ស៊ី កំពុង​បារម្ភ​ចំពោះ​ការកើនឡើង​នៃ​ក្រុម​ជ្រុលនិយម​នៅ​អ៊ុយក្រែន ដែល​ចេះ​តែ​គំរាមកំហែង​ដល់​សុវត្ថិភាព​បំពង់​បង្ហូរ​ឧស្ម័ន​រុស្ស៊ី ដែល​ត្រូវ​ឆ្លងអ៊ុយក្រែន ចូល​ទៅ​ទឹកដី​អឺរ៉ុប។ 

កម្មករ​កំពុង​បញ្ជារ​បើក​វ៉ាន​បំពង់​ស្តុក​ឧស្ម័ន​ដែល​ទិញ​ពី​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន
កម្មករ​កំពុង​បញ្ជារ​បើក​វ៉ាន​បំពង់​ស្តុក​ឧស្ម័ន​ដែល​ទិញ​ពី​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន ©REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ឱកាស​វេទិការ​សេដ្ឋកិច្ច​អន្តរជាតិ នៅ​ទីក្រុង​សាំង ពេទែស្បួរហ្ស ​ប្រធានាធិបតី​រុស្ស៊ី​​អំពាវនាវ​ទៅ​សហភាព​អឺរ៉ុប​ឲ្យ​ជួយ​សាងសង់​បំពង់​បង្ហូរឧស្ម័ន ដោយ​វៀង​ទឹកដី​អ៊ុយក្រែន។ តាម​លោក​ពូទីន រុស្ស៊ី​ជា​អ្នកផ្គត់ផ្គង់​ឧស្ម័ន​មួយ ដ៏​គួរ​ឲ្យ​ជឿជាក់។ ប៉ុន្តែ រហូត​មក ការផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី ទៅ អឺរ៉ុប​ត្រូវ​ឆ្លងកាត់​ទឹកដី​អ៊ុយក្រែន។

 
នៅក្នុង​បរិបទ​ដែល​អ៊ុយក្រែន​កំពុង​ជួប​វិបត្តិ បែកបាក់​ទឹកដី ទីក្រុង​ម៉ូស្គូ​បារម្ភថា ក្រុម​ជ្រុល​និយម អ៊ុយក្រែន អាច​បង្ក​បញ្ហា​ដល់​បំពង់​​ឧស្ម័ន​រុស្ស៊ី ទៅ​អឺរ៉ុប ដែល​សាងសង់​ក្នុង​ទឹកដី​អ៊ុយក្រែន។ លោក​ប្រធានាធិបតី​រុស្ស៊ី​បាន​បញ្ជាក់​ចំៗ​ថា ស្ថានការណ៍​បច្ចុប្បន្ន នៅ​អ៊ុយក្រែន រឹត​តែ​ជំរុញ​ឲ្យ​គេ​គិតគូរ​ឲ្យ​បាន​កាន់តែឆាប់​ពី​ផ្លូវថ្មី​សម្រាប់​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​ឲ្យ​អឺរ៉ុប។ តាម​លោក​ពូទីន សហភាព​អឺរ៉ុប​គួរ​ចូលរួម គាំទ្រ​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន ឈ្មោះ South stream​ដែល​ ក្រុមហ៊ុន​រុស្ស៊ី ហ្គាសព្រម Gazprom រួម​ជាមួយ​ក្រុមហ៊ុន​អ៊ីតាលី ចង់​សាងសង់​ឡើង ដោយ​មិនចាំបាច់​​ឆ្លងកាត់​ទឹកដី​អ៊ុយក្រែន។ តាម​គម្រោង បំពង់​បង្ហូរ​ឧស្ម័ន​របស់​ក្រុមហ៊ុន​រុស្ស៊ី​ត្រូវ​ឆ្លងកាត់​តាម​សមុទ្រ​ខ្មៅ បន្ទាប់មក​គឺ​ប្រទេស​ប៊ុលហ្គារី ស៊ែប៊ី និង​ហុងគ្រី មុន​នឹង​ទៅ​ដល់​ទឹកដី​សហភាព​អឺរ៉ុប។

រហូតមក សហភាព​អឺរ៉ុប​នៅ​តែ​បង្ហាញ​អរិភាព​លើ​គម្រោង​សាងសង់​បង្ហូរ​ឧស្ម័ន​របស់​ក្រុមហ៊ុន​រុស្ស៊ី។ ផ្ទុយទៅវិញ​សហភាព​អឺរ៉ុប​បាន​បង្ហាញ​សមានចិត្ត​ដល់​គម្រោង​មួយទៀត ឈ្មោះ Nabucco ជា​គូប្រកួត​ប្រជែង​របស់​គម្រោង​South Stream ប៉ុន្តែ ជា​គម្រោង​ដែល​សហភាព​អឺរ៉ុប​ផ្ទាល់​ជាអ្នកគំាទ្រ ជួយ។ គម្រោង​សាងសង់​បំពង់ឧស្ម័ន Nabucco​ត្រូវ​ភ្ជាប់​យក​ឧស្ម័ន​ពី​សមុទ្រ​កាសព្យែន ដោយ​ឆ្លងកាត់​ទឹកដី​តួកគី ចូល​ទៅក្នុង​សហភាពអឺរ៉ុប។

 
បច្ចុប្បន្ននេះ រុស្ស៊ី​បញ្ជូន​លក់​ឧស្ម័ន​ទៅ​ឲ្យ​អឺរ៉ុប​តាមរយៈ​បំពង់​បង្ហូរ​ឧស្ម័ន​ដ៏​ធំ​ដែល​ឆ្លងកាត់​ទឹកដី​អ៊ុយក្រែន និង​មួយទៀត តាមរយៈ​បំពង់​បង្ហូរ​ឧស្ម័ន​ក្រោម​សមុទ្រ​បាល់ទិក ដែល​ជា​គម្រោង North Stream របស់​ក្រុមហ៊ុន​រុស្ស៊ី Gazprom។ ការផ្គត់ផ្គង់​ឧស្ម័ន​រុស្ស៊ី ​ទៅ​អឺរ៉ុប ដោយឆ្លង​កាត់​ទឹកដី​អ៊ុយក្រែន​ត្រូវ​បាន​កាត់ផ្តាច់​ពីរដង នៅ​ឆ្នាំ ២០០៦ និង​ឆ្នាំ ២០០៩ ដោយសារ​តែ​រុស្ស៊ី​មាន​ជម្លោះ​ជាមួយ​ អ៊ុយក្រែន។ កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន​ Gazprom​បាន​ព្រមាន​មិន​បង្ហូរ​លក់​ឧស្ម័ន​ទៅ​ឲ្យ​អ៊ុយក្រែន ប្រសិន​បើ​អ៊ុយក្រែន​មិនអាច​បង់​ប្រាក់​ជំពាក់​កន្លងមក។ ការផ្អាក​មិន​បង្ហូរ​ឧស្ម័ន​ទៅ​ឲ្យអ៊ុយក្រែន នឹង​អាច​ប៉ះពាល់​ដល់​ការប្រើប្រាស់​ឧស្ម័ន​នៅ​សហភាព​អឺរ៉ុប​ដែល​ត្រូវការ​ទិញ ឧស្ម័ន ពី​រុស្ស៊ី សម្រាប់​តម្រូវការ​មួយ​ភាគបួន​របស់ខ្លួន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ