អានតួអត្ថបទ
កម្ពុជា

លោកស្រី​ពុង ឈី​វ​កេក​ ព្រម​ទទួល​តំណែង​ក្នុង​គជប ​ប៉ុ​ន្តែ​សុំឱ្យ​បក្ស​ទាំងពីរ​ធានា​ឯ​ករាជ​​ភាព​របស់​ស្ថាប័ន

នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី ២៨ កក្កដា​នេះ លោកស្រី​ពុង ឈី​វ​កេក ប្រធាន​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធមនុស្ស​ ​(លីកាដូ) ​បាន​យល់ព្រម​ទទួល​ធ្វើ​ជា​សមាជិក​គ.ជ.ប ទៅ​តាម​សំណើ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ។ បើទោះបីជា​មិនទាន់មាន​ការផ្សព្វផ្សាយ​ជា​ផ្លូវការ​ពី​គណបក្ស​កាន់អំណាច ​តែ​មន្ត្រី​ជាន់ខ្ពស់​នៃ​បក្ស​នេះ​បាន​អះអាងថា មិនមាន​ទោ​មនស្ស​​អ្វី​នោះទេ​ចំពោះ​បេក្ខភាព​របស់លោក​ស្រី។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោកស្រី​ទាមទារ​ឱ្យ​បក្ស​ទាំងពីរ​ធានា​ឯករាជភាព​របស់​ស្ថាប័ន​នេះ។

លោកស្រី ពុង ឈីវហ្កិច នាយិកា​អង្គការ​លីកាដូ
លោកស្រី ពុង ឈីវហ្កិច នាយិកា​អង្គការ​លីកាដូ ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត​ លោកស្រី​ពុង ឈីវ​កេក ​ប្រធាន​អង្គ​លី​កាដូ បាន​យល់ព្រម​ទទួលយក​តំណែង​ឯករាជ្យ ​ក្នុង​ការដឹកនាំ​គណៈកម្មាធិកា​ជាតិ​រៀបចំ​ការបោះឆ្នោត ​តាម​សំណើ​របស់​គណបក្ស​ដែលមាន​អាសនៈ​ក្នុ​ង​សភា​ហើយ។ តបតាម​លិខិត​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​បាន​ស្នើសុំ​លោកស្រី​យក​តំណែង​ទី៩ ក្នុង​គ.ជ.ប ដែល​ស្របតាម​រូបមន្ត ៤-៤-១។

ប៉ុន្តែ​ក្នុង​លិខិត​តប​នៅ​ថ្ងៃទី២៨​កក្កដានេះ​ លោកស្រី ប្រធាន​អង្គការ​លីកាដូ​ដែលមាន​វ័យ៧១ឆ្នាំ​រូបនេះ បាន​សុំឱ្យ​មានការ​ធានា​ពី​ឯករាជភាព និង​អព្យា​ក្រិត​ភាព​នៃ​ស្ថាប័ន ​គ.ជ.ប.។ ស្ថាប័ន​ គ.ជ.ប​. ដែលមាន​សិទ្ធិ​ស្វ័យ​ភាព​របស់ខ្លួន​ ទាំង​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ជំនាញ គ្រប់គ្រង និង​មាន​ស្វ័យភាព​សម្រេចចិត្ត​ដោយ​ខ្លួនឯង រួមទាំង​មាន​ឯករាជភាព​ផ្នែក​​ថវិកា​។

លោកស្រី​បញ្ជាក់ថា លោកស្រី​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ងារ​តាម​មនសិការ ដោយយោង​ទៅតាម​រដ្ឋធម្មនុញ្ញ ច្បាប់​ជាធរមាន​ផ្សេងៗទៀត និង​យុត្តិធម៌​សម្រាប់​សុខុមាលភាពរ​បស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស។

ជាការ​ឆ្លើយតប ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ហត្ថលេខា​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ បាន​គាំទ្រ​នូវ​សំណើ ​និង​សំណូមពរ ​​ស្មារតី រួមទាំង​មនសិការ​ទទួលខុសត្រូវ​របស់លោក​ស្រី​ពុង ឈី​វ​កេក​នេះ។

ក្នុង​លិខិត​ឆ្លើយតប​ដដែល គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ​ខ្លួន​នឹង​ជំរុញ និង​ធានា​ឱ្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ដែល​នឹងត្រូវ​បញ្ចូល​ក្នុង​ស្ថាប័ន​ធម្មនុញ្ញ ​មាន​ឯករាជភាព និង​ស្វ័យភាព​របស់ខ្លួន។

ដោយឡែក​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា មិនមាន​ការយល់​ទាស់​អ្វី​ចំពោះ​បេក្ខភាព​របស់លោកស្រី ពុង ឈី​វ​កេក​នេះ​ទេ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ជាម យៀប សមាជិក​ការិយាល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ចន្ទ​នេះ។

សូមបញ្ជាក់ថា ការជ្រើសរើស​បេក្ខភាព​សង្គម​ស៊ីវិល​នេះ គឺធ្វើឡើង​តាម​សេចក្តីសម្រេច​កាលពី​ថ្ងៃទី២២កក្កដា ក្នុងការ​ប្រជុំ​នយោបាយ​កំពូល​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី។ ជា​កិច្ចប្រជុំ​ដើម្បី​ដោះស្រាយ​បិទ​បញ្ចប់​ជម្លោះ​នយោបាយ និង​កែទម្រង់​ស្ថាប័ន​ជាតិ​មួយចំនួន។ ហើយ​ការកែប្រែ​ គ.ជ.ប. គឺជា​បញ្ហា​ស្នូល។ ដូចនេះ គណបក្ស​ទាំង​ពីរបាន​យល់ព្រម​បង្កើត​រូបមន្ត​ជ្រើសរើស​ក្បាលម៉ាស៊ីន គ.ជ.ប. ​ដោយ​ប្រើប្រាស់​រូ​បម​ន្ត ៤-៤-១ ដើម្បី​ធានាបាន​ឯករាជភាព​នៃ​ស្ថាប័ន​កំពូល​នេះ។ សូមបញ្ជាក់ថា លោកស្រី​ពុង ឈី​វ កេក អាយុ៧១ ឆ្នាំ​បាន​ដឹកនាំ​អង្គការ​លីកាដូ​តាំងពី​ឆ្នាំ១៩៩២មក​ម្លេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ