អានតួអត្ថបទ
អាស៊ី

ក្រុមហ៊ុន PUMA ចង់​ជជែក​ពី​បញ្ហា​ដំឡើង​ប្រាក់ខែ​កម្មករ​នៅ​អាស៊ី

ក្រុមហ៊ុនផលិត​សម្លៀកបំពាក់ និង​ស្បែកជើង​កីឡា​ Puma បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជជែក​អំពី​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ នៅ​តាម​សាខា​រោងចក្រ នៅ​អាស៊ី។ មន្រ្តី​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Puma នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា នៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ជជែក​អំពី​បញ្ហា​ប្រាក់​ខែ​កម្មករ។

លោក Jochen Zeitz ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Puma គ្រោង​ទៅ​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ ដើម្បី​ជជែក​អំពី​ការ​ប្រាក់​ខែកម្មករ
លោក Jochen Zeitz ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Puma គ្រោង​ទៅ​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ ដើម្បី​ជជែក​អំពី​ការ​ប្រាក់​ខែកម្មករ Reuters
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន ក្នុង​អំឡុង​សិក្ខាសាលា​មួយ កាល​ពី​សប្តាហ៍​មុន នៅ​​ទីស្នាក់ការ​​ធំ​​របស់​ក្រុមហ៊ុន Puma នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់ លោក​ Frantz Koch ​ អគ្គនាយក​ក្រុមហ៊ុន Puma បាន​ប្រកាស​ថា ការ​ជជែក​អំពី​ការ​ដំឡើង​ប្រាក់ខែ​កម្មករ គឺ​ជា​រឿង​ត្រឹមត្រូវ។ Puma សប្បាយចិត្ត​នឹង​ឃើញ​នយោជិត​របស់​ខ្លួន​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ជាង​សព្វថ្ងៃ ក៏ប៉ុន្តែ ដើម្បី​អាច​ធ្វើ​ទៅបាន Puma ​ត្រូវការ​ជជែក​ពិភាក្សា​ជាមួយ​ដៃគូ​ឧស្សាហកម្ម​​របស់​ខ្លួន។

អគ្គនាយក​ក្រុមហ៊ុន Puma បាន​អះអាង​ថា ក្រុមហ៊ុន​របស់​លោកមាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​​ទាំង​ចំពោះ​បញ្ហា​បរិស្ថាន និង​បញ្ហា​សង្គមកិច្ច។ ក៏ប៉ុន្តែ លោក​ទទួលស្គាល់​​អំពី​ភាព​ស្មុគស្មាញ ក្នុង​ការ​​​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​​របស់​​សាខារោងចក្រ នៅ​គ្រប់​កន្លែង នៅទូទាំង​ពិភពលោក​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន Puma គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា នៅ​ក្នុង​រវាង​ខែ​កញ្ញា និង​ខែ​វិច្ឆិកា​ ចុងឆ្នាំ​នេះ ដើម្បី​​ជួប​​ជាមួយ​កម្មករ និង​​នាយក​រោងចក្រ Puma នៅ​កម្ពុជា ព្រមទាំង​ជាមួយ​​អង្គការ​ក្រៅរដ្ឋាភិបាល​ផ្សេងទៀត ដើម្បី​ជជែក​គ្នា​ អំពី​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​នេះ។

កាលពីពេលថ្មីៗ​នេះ កម្មករ​រោងចក្រ​មួយចំនួន នៅ​ក្នុងតំបន់​សេដ្ឋកិច្ច​បាវិត ខេត្ត​ស្វាយរៀង ​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ។ បាតុកម្ម ដែល​បាន​ឈាន​រហូតដល់​អំពើ​ហិង្សា បណ្តាល​ឲ្យ​កម្មការិនី​ម្នាក់​រងរបួស ដោយគ្រាប់កាំភ្លើង។ នៅ​ក្នុង​ចំណោម​បាតុករ​នៅ​បាវិត​​នេះ ក៏​មាន​កម្មករ-កម្មការិនី មក​ពី​រោងចក្រ​របស់​ក្រុមហ៊ុន Puma ផងដែរ។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​នេះ ផលិតផល Puma ប្រមាណ​ ៩០% ផលិត​នៅ​​​អាស៊ី ជាពិសេស នៅ​ចិន កម្ពុជា វៀតណាម និង​បង់ក្លាដែស ដែល​ប្រាក់ខែ​កម្មករ​នៅ​មាន​កម្រិត​ទាប។ គូប្រជែង​របស់ Puma ដូចជា Adidas និង Nike ជាដើម ក៏​​ពឹងផ្អែក​យ៉ាងខ្លាំង​ដែរ​លើ​កម្លាំង​ពលកម្ម​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ