អានតួអត្ថបទ
កម្ពុជា

អង្គ​ការ​តម្លា​ភាព​កម្ពុជា​ប្រកាស​ពីភាព​មិន​ប្រក្រតី​ធំ៣​​​​ ក្នុង​​ដំណើរ​ ​ការ​បោះឆ្នោត

ការ​​បោះឆ្នោត​ខុសច្បាប់​ ត្រូវបាន​អនុញ្ញាត​។ នេះ​បើ​យោងតាម​ការសង្កេត​ការណ៍​​​របស់​អង្គការ​តម្លាភាព​​កម្ពុជា។ កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​នេះ អង្គការ​តម្លាភាពកម្ពុជា​​បាន​​ធ្វើ​​សន្និសីទ​កា​​សែត​មួយ​ ដែល​​បាន​បង្ហាញ​​ពី​​របាយការណ៍​នៃ​ការសង្កេត​ការណ៍​បោះឆ្នោត​​ ឆ្នាំ​​ ២០១៣នេះ។ ដូចគ្នា​នឹង​សង្គម​ស៊ីវិល​ដទៃទៀត ក្នុងការ​បោះឆ្នោត​អណ​ត្តិ​ទី៥នេះ អង្គការ​តម្លាភាព​ក៏បាន​រកឃើញ​ភាពអយុត្តិធម៌​កើតមានឡើង​ដែរ។

(រូបភាពឯកសារ)
(រូបភាពឯកសារ) RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

អង្គការ​តម្លាភាព​កម្ពុ​ជា​​ បានអោយដឹង ដោយ​ផ្អែកលើ​ការសង្កេត​ការណ៍​របស់​ខ្លួន​ថា នៅ​ថ្ងៃ​បោះឆ្នោត​ ភាពមិនប្រក្រតី​ធំ៣ បាន​កើតមានឡើង​ក្នុង​ដំណើរការ​បោះឆ្នោត។ ភាពមិនប្រក្រតី​ទី១ ​គឺ  ការអនុញ្ញាត​​អោយ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​គ្មាន​ឯកសារ​អត្តសញ្ញាណ មាន​សិទ្ធិ​បោះឆ្នោត ដែល​ទង្វើ​នេះ​ផ្ទុយ​នឹង​ច្បាប់បោះឆ្នោត។ ពិសេស កត្តា​នេះ​មាន​ទំនាក់ទំនង​នឹង​របកគំហើញ​របស់​ប្រភព​ឯករាជ្យ​ដែល​រកឃើញថា មានឈ្មោះ​លើស​នៅក្នុង​បញ្ជី​បោះឆ្នោត​និង​ឈ្មោះ​ស្ទួន ដល់​ទៅ​ជាង​កន្លះ​លាន​នាក់។ ភាពមិនប្រក្រតី​នេះ ធ្វើអោយ​ប្រជាពលរដ្ឋ​ដែល​មិនអាច​បោះឆ្នោត​បាន ​មិន​សប្បាយចិត្ត  ដែល​វា​ជាហេតុ​បណ្តាលអោយមាន​ការខឹង​សម្បារ និង​ភាពចលាចល​ក្នុងការ​រិ​យា​ល​យ័​បោះឆ្នោត។ នេះ​បើ​យោងតាម​ការ​អោយដឹងនៅ​ក្នុង​   សេចក្តីថ្លែងការណ៍​រប​ស់​អង្គការ​តម្លាភាព ​នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី២៩ កក្កដា។

ភាពមិនប្រក្រតី​ទី២គឺ ប្រជាជន​ដែលមាន​ឯកសារ​អត្តសញ្ញាណ​ត្រឹមត្រូវ​មួយចំនួន ​បែរជា​មិនអាច​បោះឆ្នោត​បាន ដោយសារ​គ្មាន​ឈ្មោះ​បោះឆ្នោត រីឯ​អ្នកខ្លះ​វិញ​មានឈ្មោះ​ហើយ ប៉ុន្តែ​ពេល​ទៅ​បោះឆ្នោត​ ស្រាប់តែ​ឈ្មោះ​របស់​ពួកគេ​ត្រូវបាន​ គេបោះ​​ឆ្នោត​ជំនួស​រួចទៅហើយ។ 

ភាពមិនប្រក្រតី​ទី៣ គឺ​ការបោះឆ្នោត​ដោយ​ប្រើប្រាស់​ប​ណ្ណពត៌មាន​អ្នកបោះឆ្នោត រឺ​ហៅថា
បណ្ណ​ខៀវ ត្រូវបាន​អនុវត្ត​យ៉ាង​ទូលំទូលាយ ដែល​នេះ​ក៏​គឺជា​បញ្ហា​មួយ​ដែរ ដែល​ធ្វើអោយ​ខ្វះ​តម្លាភាព​​ក្នុង​ការ​បោះឆ្នោត។ 

អង្គការ​តម្លាភាព​បាន​អោយដឹងថា ជា​លទ្ធផល វត្តមាន​របស់​អ្នកបោះឆ្នោត​ក្នុង​អណត្តិ​​ទី៥នេះ មាន​ចំនួន៦៩% នៃ​អ្នកបោះឆ្នោត​ដែល​បាន​ចុះឈ្មោះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០០៨ មាន​​ ចំនួន​ ៧៥,២១% ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ