អានតួអត្ថបទ
អ៊ុយក្រែន

ក្រុមផ្តាច់ខ្លួន​បាន​ដោះលែង​អ្នកសង្កេតការណ៍​ទាំង​៧នាក់​របស់​អង្គការ OSCE

អ្នក​សង្កេតការណ៍​​ទាំងនោះ ​ត្រូវបាន​ក្រុម​ផ្តាច់ខ្លួន​ស្និទ្ធ​នឹង​រុស្ស៊ី​ចាប់ខ្លួន ​កាលពី​ចុង​សប្តាហ៍មុន។ ដំណឹង​ស្តីពី​ការដោះលែង​ក្រុម​អ្នក​សង្កេតការណ៍​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យដឹង នៅ​ព្រឹកថ្ងៃ​សៅរ៍ ដោយ​តំណាង​ពេញសមត្ថកិច្ច​របស់​ប្រធានាធិបតីរុស្ស៊ី ​ទទួលបន្ទុក​ខាង​បញ្ហានេះ គឺ​លោក ​Vladimir ​Loukine។

អ្នក​សង្កេតការណ៍​របស់​អង្គការ OSCE ដែល​ត្រូវ​បានដោះលែង នៅថ្ងៃ​សៅរ៍ ៣ឧសភា ២០១៤
អ្នក​សង្កេតការណ៍​របស់​អង្គការ OSCE ដែល​ត្រូវ​បានដោះលែង នៅថ្ងៃ​សៅរ៍ ៣ឧសភា ២០១៤ REUTERS/Mathieu Radoube
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម អ្នកសង្កេតការណ៍​យោធា​ទាំង៧នាក់ គឺ​មាន​ជាតិ​អាល្លឺម៉ង់ ៤នាក់ ឆែក​ម្នាក់ ដាណឺម៉ាក​ម្នាក់ និង​ប៉ូឡូញម្នាក់។ តាមពិត ក្រុម​អ្នក​សង្កេតការណ៍​យោធា​របស់​អង្គការ​ OSCE ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនោះ មានគ្នា​ដល់ទៅ ៨នាក់ ឯណោះ ប៉ុន្តែ នាយទាហាន​ម្នាក់​ដែល​ជា​ជាតិស៊ុយអែត ត្រូវបាន​ដោះលែង​តាំងពី​ថ្ងៃចន្ទ ដើមសប្តាហ៍​នេះ​ម៉្លេះ មកពី​គាត់​ឈឺ​រោគ​ទឹកនោមផ្អែម ដែល​ត្រូវការ​ថ្នាំព្យាបាល​ឲ្យបាន​ទៀងទាត់ មិនអាច​អាក់ខានបាន។

ថ្លែងថ្ងៃនេះ ទៅពួក​អ្នកកាសែត តំណាង ពេញសមត្ថកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី ទទួលបន្ទុក​ខាង​បញ្ហានេះ លោក Vladimir Loukine លំអិត​ថា ត្រូវបាន​ដោះលែង​ឲ្យមាន សេរីភាព គឺ​ទាំង​នាយទាហាន​ជាតិ​អ៊ុយក្រែន ៥នាក់ ជា​មន្ត្រី​នៃ «ស្ថាប័ន​សន្តិសុខ​អ៊ុយក្រែន” ដែល​បាន​អមដំណើរ ក្រុម​អ្នកសង្កេតការណ៍​យោធា​បរទេស ៨នាក់​នោះ ដែល​បាន​បំពេញ​បេសកកម្ម នៅ​តំបន់​ខាងកើត​និង​ខាងត្បូង​អ៊ុយក្រែន គឺ​ទៅតាម​សេចក្តីអញ្ជើញ របស់​អាជ្ញាធរ​ក្រុងគៀវ។

កងសេនាជនរុស្ស៊ីនិយម នៅក្រុង Slovyansk ចោទ​ក្រុម​នាយទាហាន ១៣នាក់​នោះ ថា​ជា ចារបុរស​លួច​យកការណ៍​ឲ្យ​ក្រុងគៀវ ដ្បិត​ពេល​ឃាត់ខ្លួន​ពួកគេ នៅ​នឹង​ប៉ុស្តិ៍​ល្បាត​មួយ​ ត្រង់​មាត់ច្រក​ចូល ក្រុងនេះ គេបាន​រកឃើញ​នៅ​នឹង​ជន​ទាំងនេះ គឺ​ផែនទី ដែល​មាន​ចុចសម្គាល់ ទីកន្លែង​នានា ជា​ប៉ុស្តិ៍ល្បាត​ការពារ​មាត់ច្រក​ចូល​ក្នុង​ក្រុងនេះ ដែល​កាន់កាប់ ដោយ​ពួក​បះបោរ​រុស្ស៊ីនិយម។

គួរនិយាយថា ជនបរទេស​ទាំងនោះ មុនដំបូង ត្រូវ​ពួក​ផ្តាច់ទឹកដី​និយម គ្រោង​ប្តូរ​ទល់​នឹង​គ្នីគ្នាខ្លួន ដែល​ជាប់ក្នុង​ការ​ឃុំឃាំង​នៅឯ​ពន្ធនាគារ​ក្រុងគៀវ។

ក្នុងសប្តាហ៍នេះ ពេលសន្ទនា​តាម​ទូរសព្ទ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Angela Merkel បាន​សុំ​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន ឲ្យ​ប្រើ​ឥទ្ធិពល​ខ្លួន​ទៅលើ​ពួក​សកម្មជន​រុស្ស៊ីនិយម ដើម្បី ជួយ​ដោះលែង​ជនបរទេស​ជាប់ថ្នូរ ដែល​មាន រូប​វរសេនីយឯក​អាល្លឹម៉ង​ជា​មេក្រុម ប៉ុន្តែ ក្រោយមក អ្នកនាំពាក្យ​របស់​ប្រមុខរដ្ឋ​រុស្ស៊ី បាន​បង្ហើប​ឲ្យដឹង​ថា រុស្ស៊ី គ្មាន «ទឹកមាត់ប្រៃ» លើ​ពួកគេ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ