អានតួអត្ថបទ
កម្ពុជា

សហជីព​ប្រឆាំង និង​គាំទ្រ​រដ្ឋាភិបាល ប្រជែង​ទាញ​កម្មករ​

ថ្ងៃទី​២៤​កុម្ភៈ​នេះ ជាថ្ងៃ​ចាប់ផ្តើម​នៃ​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ កម្មការិនី​ដែល​ធ្វើ​ពហិកា​មិន​ធ្វើ​ការ​បន្ថែមម៉ោង។ ចលនានេះ​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុម​សហជីព​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល។ គោលដៅ​នៃ​ការ​ដឹកនាំ​កម្មករ​មិនអោយធ្វើការ​ងារ​ថែមម៉ោង​ គឺ​ដើម្បី ទាមទារអោយ​រដ្ឋាភិបាល​ដោះលែង​កម្មករ និង​សកម្មជនសិទ្ធិមនុស្ស​២៣​នាក់។ សហជីព​កាត់ដេរ​ដែល​គាំទ្រ​រដ្ឋាភិបាល​បានចាត់ទុក​ ការ​ចលនាកូដកម្ម​នៅពេលនេះថា​មាន​​លក្ខណៈ​នយោបាយ។

តំណាង​សហជីព​ដើរ​ហែក្បួន ​ដើម្បី​សុំឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង ​២១នាក់ ​កាលពី​ពេលថ្មីៗ​នេះ (រូបថតឯកសារ)
តំណាង​សហជីព​ដើរ​ហែក្បួន ​ដើម្បី​សុំឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង ​២១នាក់ ​កាលពី​ពេលថ្មីៗ​នេះ (រូបថតឯកសារ) RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

មេសហជីព​ដែល​មាននិន្នាការ​ស្រប និង​ប្រឆាំង រដ្ឋាភិបាល​នឹង​ត្រូវធ្វើ​ការងារ​ច្រើន​នៅ​ថ្ងៃ​ចន្ទទី​២៤​កុម្ភៈនេះ ពិសេស​ចាប់ពី​ពេល​រសៀល​នេះទៅ។ ជាច្រើន​ថ្ងៃមក​ហើយសហជីព​មួយ​ចំនួន​បាន​ចែក​ផ្សាយខិត្តប័ណ្ណចំនួន​២០ម៉ឺន​សន្លឹក​ ដែលអំពាវនាវ​អោយ​កម្មករ​ចូលរួម​ធ្វើ​កូដកម្ម​​មិន​ធ្វើ​ការ​ថែមម៉ោង ចាប់ពីថ្ងៃទី​២៤ ដល់ថ្ងៃទី​២៨កុម្ភៈ។ គោលដៅ​គឺ ដើម្បី​ទាមទារ​អោយ​តុលាការ​ដោះលែង​ដែល​ត្រូវចាប់ខ្លួន​ឃុំខ្លួន​ទាំង​២១​នាក់ និង​បន្ត​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​​អប្បបរមា​។

ចលនា​អំពាវនាវ​នឹង​ត្រូវ​ចាប់ផ្តើម​ជាក់ស្តែង​នៅ​ម៉ោង​៤​រសៀល​នេះ។ ក្រុម​មេដឹកនាំ​សហជីព​មួយ​នឹង​បន្ត​អំពាវនាវ​អោយ​កម្មករ កម្មការិនី​ចេញពីរោងចក្រ​ មិនអោយធ្វើការ​ថែមម៉ោង ខណៈ​​​មេសហជីព​មួយចំនួន​ទៀត​ដែល​មាននិន្នាការ​គាំទ្រ​រដ្ឋាភិបា​ល​ក៏គ្រោង​​ចែក​ខិត្តប័ណ្ណ​ និង​អំពាវនាវ​​កុំអោយ​កម្មករ កម្មការិនី​ចូលរួម​ក្នុង​កូដកម្ម​នោះ និង​នៅ​បន្ត​ធ្វើការងារ​ជា​ធម្មតា​​។

លោកអាត់ ធន់ ​ប្រធានសហព័ន្ធ​សហជីព​ស៊ីខៅឌូ​ ដែលជា​អ្នកដឹកនាំអំពាវនាវ​មួយរូប​ អោយ​កម្មករ​​ចូលរួម​ធ្វើកូដកម្ម​មិនធ្វើការថែមម៉ោង​នោះ បាន​ប្រាប់វិទ្យុបារាំងអន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​​ថា កម្មករ​ជាច្រើន​បានឆ្លើយតប​ជា​វិជ្ជមាន​ថា ពួកគេ​នឹង​ចូលរួម​ធ្វើ​កូដកម្ម​នេះ ចាប់ពី​ល្ងាចថ្ងៃ​ចន្ទ​នេះទៅ។ លោកអាត់ ធន់ទទួល​ស្គាល់ថា មាន​ក្រុម​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​​បាន​ចេញ​មុខ​មក​ឃោសនា និងអំពាវនាវ​មិនអោយកម្មករ​ចូលរួម​ក្នុង​ចលនា​កូដកម្ម​​នេះ​ដែរ។

លោកសោម អូន​ ប្រធាន​ក្រុមប្រឹក្សា​សហជីពជាតិ​កម្ពុជា ដែល​គេស្គាល់ថា​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​នោះ មិនបានបដិសេធ​ការ​លើក​ឡើង​របស់​លោកអាត់ ធន់​ឡើយ។ ចំពោះ​លោក​សោម អូន គេ​ត្រូវ​ពន្យល់កម្មករ កម្មការិនី​អំពី​ផលវិបាក​នៃអស្ថិរភាព សេដ្ឋកិច្ច​ ប្រសិន​បើ​កម្មករ​ កម្មការិនី​ចូលរួម​ក្នុង​ចលនា​កូដកម្មនេះ។ លោកសោម អូន​ពន្យល់ថា កម្មករ កម្មការិនី​នឹង​បាត់បង់ប្រយោជន៍​ដូច​ការ​ចូលរួម​បាតុកម្ម​លើក​មុន ដែល​មិនទទួល​បានផល​អ្វី​សោះ​នោះ។

បើសហជីព​ខ្លះ​ចែកខិត្តប័ណ្ណ​ស្នើអោយ​កម្មករ​ចូលរួម​កូដកម្មមិនធ្វើការថែមនោះ លោក​សោម អូន​ក៏​ប្រាប់អោយដឹង​ដែរ ចាប់ពី​ល្ងាច​នេះទៅ​សហជីព​លោក​ក៏​ត្រៀម​ចែកខិត្តប័ណ្ណ​ប្រាប់កម្មករ មិនអោយចូលរួម​កូដកម្ម​ដែរ។

គួររំលឹកថា មានក្រុម​សហជីព​ចំនួន​៨​ដែល​បាន​អំពាវនាវ​រូម​គ្នា​ស្នើកម្មករ​អោយធ្វើកូដកម្ម​មិន​ទៅធ្វើការថែមម៉ោង ពីថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៨​កុម្ភៈ ដែលជា​ដំណាក់កាល​នៃការតវ៉ា​ដំបូង។ បន្ទាប់មកទៀត ក្រុមសហជីពទាំងនេះ​មាន​គម្រោង​រៀបចំ​ការ​តវ៉ា​នៅលើទីលាន​ប្រជាធិបតេយ្យ​ នៅថ្ងៃទី​៨​មីនា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ