ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ នឹងចូលរួមធ្វើនយោបាយជាមួយហ៊្វុនស៊ិនប៉ិច

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នឹងយាងចូលរួមធ្វើនយោបាយជាមួយគណបក្សហ៊្វុនស៊ិនប៉ិចសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខនេះ។ ការថ្លែងរបស់ព្រះអង្គម្ចាស់ ធម្មិកោ បានធ្វើឡើងបន្ទាប់ពីព្រះអង្គបានចូលរួមអង្គសមាជវិសាមញ្ញរបស់គណបក្សហ៊្វុនកាលពីព្រឹកមិញនេះនៅទីស្នាក់ការកណ្តាលគណបក្សហ្វ៊ុនស៊ិនប៉ិច។
ក្នុងខណៈពេលដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រកាសលាចេញពីឆាកនយោបាយខ្មែរសាជាថ្មីម្តងទៀត កាលពីសប្តាហ៍កន្លងមកនេះ ស្រាប់តែព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលប្រាប់វិទ្យុបារាំងអន្តរជាតិ នៅល្ងាចថ្ងៃសៅរ៍នេះថា ព្រះអង្គនឹងយាងចូលរួមធ្វើនយោបាយឡើងវិញជាមួយគណបក្សហ៊្វុនស៊ិនប៉ិចដែលកំពុងរួបរួមគ្នាឡើងវិញ។ កាលពីព្រឹកមិញនេះ ព្រះអង្គក្នុងនាមខ្លួនឯងផ្ទាល់បានចូលរួមអង្គសមាជវិសាមញ្ញរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច។
សមាជកាលពីព្រឹកមិញរបស់គណបក្សហ៊្វុនស៊ិនប៉ិចគឺធ្វើឡើងដើម្បីបើកផ្លូវអោយមានការបង្រួបបង្រួមជាមួយគណបក្សជាតិនិយមដែលជាអតីតគណបក្សនរោត្តរណឫទ្ធិ។
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលបញ្ជាក់ប្រាប់ទៀតថា ព្រះអង្គនឹងយាងទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដើម្បីសុំការអនុញ្ញតព្យួរការងាររយៈពេលមួយឆ្នាំ ពីសម្តេចឪ នរោត្តម សីហនុ ក្នុងនាមជាលេខាធិការផ្ទាល់របស់អតីតព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់ ធម្មិកោ រំពឹងគិតទុកជាមុនថា សម្តេចឪ នរោត្តម សីហនុ នឹងមិនបដិសេធចំពោះការស្នើសុំរបស់ព្រះអង្គឡើយ។
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលបន្តទៀតថា ការួបរួមគ្នាឡើងវិញក្នុងរង្វង់គ្រួសារគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចនៅពេលនេះនឹងធ្វើអោយសំឡេងរាជានិយមខ្លាំងឡើងវិញ។ ព្រះអង្គបានបញ្ជាក់យ៉ាងច្បាស់ថា៖ «អ្នករាជានិយមនៅមាន។ ខ្ញុំនឹងធ្វើអោយសំឡេងរាជានិយមកើនឡើង»។ ព្រះអង្គបានទាត់ចោលទស្សនៈរបស់គណបក្សប្រឆាំងដែលថា នៅកម្ពុជាមានប៉ូលនយោបាយតែពីរ គឺបក្សប្រឆាំងនិងបក្សកាន់អំណាច ប៉ុន្តែតាមពិត គណបក្សរាជានិយមនៅមានសំឡេង និងនៅមានប្រជាប្រិយភាព។
គេនៅមិនដឹងទេថា តើព្រះអង្គម្ចាស់ ធម្មិកោ នឹងទទួលបានតួនាទីអ្វីនៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិចនោះ ប៉ុន្តែព្រះអង្គបានជម្រាបប្រាប់ទៅលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិ និង លោក កែវ ពុទ្ធរស្មី មគ្គុទ្ទេសក៍គណបក្សហ៊្វុនស៊ិនប៉ិចថា លោកចង់ទទួលបានតួនាទីមួយដែលអាចផ្សព្វផ្សាយលទ្ធិសីហនុនិយម និងរាជានិយមបាន។ ជាការឆ្លើយតប ពួកគេទាំងពីរនាក់ទទួលស្វាគមន៍៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati












អត្ថាធិប្បាយ (2)
Only for personal interest.
Only for personal interest.
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ នឹងចូលរួមធ្វើនយោបាយជាមួយហ
ចេញចួលៗឈ្លោះតែគ្នាបានការអី។ដីកាន់តែរួញហើយ។
ប្រតិកម្មជុំវិញអត្ថបទនេះ