អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

វិបត្តិអ៊ុយក្រែន៖លោក​ពូទីន​បាន​ស្នើ​ឲ្យ​មាន​លក្ខន្តិកពិសេស​សម្រាប់​​តំបន់​ប៉ែកខាងកើត​អ៊ុយក្រែន

នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ស្វែង​រក​ទណ្ឌកម្ម​ថ្មី​ប្រឆំាង​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​លើក​ឡើង​ពី​ដំណោះស្រាយ​មួយ​ចំនួន​ដើម្បី​បញ្ចប់​វិបត្តិ។ ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Itar-Tass បាន​ស្រង់​សម្តី​លោក​ពូទីន​ដែល​ថា មាន​តែ​ការ​បើក​កិច្ចចរចា​ជា​បន្ទាន់​រវាង​រដ្ឋអំណាច​អ៊ុយក្រែន និង​ពួក​ឧទ្ទាម​ទេ​ទើប​គេ​អាច​បិទបញ្ចប់​វិបត្តិ​បាន​ឆាប់​រហ័ស។ យោង​តាម​លោក​ពូទីន កិច្ចចរចា​នោះ​នឹង​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​រចនាសម្ព័ន្ធ​នយោបាយ និង​លក្ខន្តិក​នៅ​តំបន់​ប៉ែក​ខាង​កើត​អ៊ុយក្រែន។

ប្រធានាធិបតី​ពូទីន នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ទី ៤ មីនា ២០១៤
ប្រធានាធិបតី​ពូទីន នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ទី ៤ មីនា ២០១៤ © REUTERS/Alexei Nikolskiy/RIA Novosti/Kremlin
ផ្សាយពាណិជ្ជកម្ម

កិច្ចចរចា​ស៊ីជ្រៅ និង​ច្បាស់លាស់​ត្រូវ​តែ​ចាប់​ផ្តើម​ភ្លាមៗ​ដើម្បី​ជជែក​អំពី​រចនាសម្ព័ន្ធ​នយោបាយ និង​លក្ខន្តិក​នៅ​តំបន់​ប៉ែកខាងកើត​អ៊ុយក្រែន​ដែល​កំពុង​ទទួល​រង​ការ​ងើប​បះបោរ​ពី​ពួក​ឧទ្ទាម​អ្នក​ទាមទារ​ផ្តាច់​ទឹកដីនិយម​ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាជន​ដែល​កំពុង​រស់នៅ​ទីនោះ នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Itar-Tass យក​មក​ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី៣១ សីហា។ តាម​រយៈ​សម្តី​នេះ គេ​មិន​ដឹង​ថា​លោក​ប្រមុខ​រដ្ឋ​រុស្ស៊ី​ចង់​មាន​ន័យ​យ៉ាង​ម៉េច​ទេ។ តែ​អ្នកនំាពាក្យ​វិមាន​ក្រិមឡំាង​បាន​ធានា​ថា លោក​ពូទីន​មិន​មែន​អំពាវនាវ​ឲ្យ​បង្កើត​រដ្ឋឯករាជ្យ​មួយ​នៅ​ក្នុង​តំបន់​ប៉ែកខាងកើត​នោះ​ទេ។ អ្នកនំា​ពាក្យ​វិមាន​ក្រិមឡំាង​រូប​នេះ​ដដែល​បាន​បញ្ជាក់​ថា តំបន់​ប៉ែកខាងកើត​អ៊ុយក្រែន​នៅ​តែ​ជា​អធិបតេយ្យ​របស់​អ៊ុយក្រែន និង​ដែល​ជម្លោះ​សព្វថ្ងៃ គឺ​ជា​ជម្លោះ​ផ្ទែក្នុង​អ៊ុយក្រែន​សុទ្ធសាធ ពោល​គឺ​មិនមែន​ជា​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ទេ។

តែ​ទន្ទឹម​គ្នា​នេះ លោក​ប្រមុខរដ្ឋ​រុស្ស៊ី​ពូទីន​បាន​អះអាង​ថា រុស្ស៊ី​ក៏​មិន​អាច​ឈរ​ក្រពាត់ដៃ​មើល​បាន​ដែរ នៅ​ពេល​ដែល​ឃើញ​មាន​ការ​សម្លាប់​មនុស្ស​នៅ​អ៊ុយក្រែន។ មួយ​វិញ​ទៀត លោក​ពូទីន​បាន​បញ្ជាក់​ថា លោក​មិន​ទាយទុក​មុន​ថា តើ​វិបត្តិ​អ៊ុយក្រែន​នឹង​ត្រូវ​ចប់​នៅ​ពេល​ណា និង​ដោយ​មធ្យោបាយ​ណា​ទេ ព្រោះ​អ្វីៗ​វា​អាស្រ័យ​លើ​ឆន្ទៈនយោបាយ​របស់​រដ្ឋអំណាច​អ៊ុយក្រែន​បច្ចុប្បន្ន។ ដោយឡែក លោក​ពូទីន​ក៏​បាន​ឆ្លៀត​ស្តីបន្ទោស​ក្រុម​ប្រទេសលោកខាងលិច​ដែល​បាន​ឈឺ​ឆ្អាល​ខ្លំាង​ជ្រុល​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន​នេះ។ លោក​ពូទីន​យល់​ថា ការ​គំាទ្រ​របស់​បច្ចិមលោក​ចំពោះ​ប្រតិបត្តិយោធា​អ៊ុយក្រែន គឺ​ជា​ទង្វើ​ផ្ទុយ​នឹង​តម្លៃប្រជាធិបតេយ្យ​របស់​អឺរ៉ុប។

ទាក់ទង​នឹង​ជំនួប​ថ្មីៗ​នេះ​រវាង​លោក​ពូទីន និង​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉ូរ៉ូឆេនកូ លោក​ពូទីន​បាន​ចាត់​ទុក​លោក​ប៉ូរ៉ូឆេនកូ​ថា ជា​ដៃគូ​ម្នាក់​ដែល​គេ​អាច​និយាយ​គ្នា​បាន និង​ថា លោក​សង្ឃឹម​នឹង​មាន​ដំណោះស្រាយ​នយោបាយ​មួយ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ តែ​លោក​ពូទីន​ក៏​ឆ្លៀត​ព្រមាន​ថា អ៊ុយក្រែន​កំពុង​ស្ថិត​មាត់​ជ្រោះ​នៃ​ជម្លោះ​រំារ៉ៃ​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ