អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

លោក ពូទីន ៖ វ៉ាស៊ីនតោន ចង់​ដាក់​រុស្ស៊ី​ ឲ្យ​នៅ​ក្រោម​បង្គាប់ ស.រ.អា.

សេចក្តីនេះ​ ថ្លែងនារសៀលថ្ងៃ១៨វិច្ឆិកា ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ពីលើ “វេទិកា​ប្រព្រឹត្តិកម្ម” នៃ “រណសិរ្ស​ប្រជាជន​ទូទាំង​ប្រទេស​រុស្ស៊ី” តប​នឹង​សំនួរ​ប្រតិភូ​ម្នាក់ ៖​តើ​ហេតុ​ដូចម្តេច បាន​ជា ស.រ.អា. ចេះ​តែ​បន្ថោក​បន្ទាប មើល​ស្រាល​លើ​រុស្ស៊ី ?

លោកពូទីន ថ្លែង​សុន្ទរកថា​ទៅ​កាន់​រណសិរ្ស​ប្រជាជន​រុស្ស៊ី ថ្ងៃទី ១៩វិច្ឆិកា២០១៤
លោកពូទីន ថ្លែង​សុន្ទរកថា​ទៅ​កាន់​រណសិរ្ស​ប្រជាជន​រុស្ស៊ី ថ្ងៃទី ១៩វិច្ឆិកា២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

មុននឹងឆ្លើយតប លោកពូទីន​បាន​កែតម្រូវ​យោបល់​ប្រតិភូ ដែល​ចោទ​ជា​សំនួរ​នេះ គឺ ថា ៖ ក្រុង​វ៉ាស៊ីនតោន មិនមែន​ចង់​បន្ថោកបន្ទាប មើល​ស្រាល​លើ​រុស្ស៊ី​ទេ តែ​តាម​ពិត គឺ​ចង់​ដាក់​ប្រទេស​រុស្ស៊ី​ ឲ្យ​នៅ​ក្រោម​បង្គាប់ ស.រ.អា.តែម្តង ប៉ុន្តែ ក្នុង​ប្រវត្តិ​ទាំងមូល​របស់​ប្រទេស​រុស្ស៊ី មិន ដែល​មាន​នរណា​មួយ អាច​សម្រេច​បាន​ឡើយ នូវ​គោលដៅ​បែប​នេះ​របស់គេ។ ទាំងលើកនេះ សម្រាប់​ស.រ.អា. ក៏​នឹង​ពុំ​អាច​សម្រេច​បាន នូវ​ចេតនា​បែប​នេះ​ឡើយ។ ​​

 
ប្រសាសន៍ខាងលើរបស់លោកពូទីន បាន​ញ៉ាំង​ឲ្យ​មាន​ការ​ទះ​ដៃ​សាទរ​លាន់​ទ្រហ៊ឹង រំពង យ៉ាងយូរ ពី​សំណាក់​ប្រតិភូ​ជាច្រើន​ពាន់នាក់​ក្នុង​សាលប្រជុំ​ទម្រាំ​ស្ងាត់​ទៅ​វិញ​បន្តិច​ម្តង”ៗ។

ក្នុងបទអន្តរាគមន៍នោះ លោក​ប្រមុខ​រដ្ឋរុស្ស៊ី បាន​បរិហារ​អាក្រាត​ធាតុពិត​នៃ​នយោបាយ​អាមេរិក ដែល​ចង់​ដោះស្រាយ​បញ្ហា​ខ្លួន គឺ​ដោយ​ស៊ីខូង​លើ​ផលប្រយោជន៍​ប្រទេស​ឯ​ទៀត ជាបឋម ប្រទេស​រុស្ស៊ី​តែ​ម្តង តាម​ផ្លូវ​ស៊ក​បញ្ចូល​ប្រទេស​រុស្ស៊ី ទៅ​នៅ​ក្រោម​ឥទ្ធិពល​អាមេរិក ប៉ុន្តែ មិន សម្រេច​បាន​ដូច​ចិត្ត​ឯណា។

លោកពូទីន បន្ថែមថា ក្រុងវ៉ាស៊ីនតោន​ក្នុង​ទំនាក់ទំនង ជាមួយ​ពួក​ប្រទេស​សម្ព័ន្ធមិត្ត​ខ្លួន គឺ រមែង​សម្រេច​បាន​ដូច​គោល​បំណង​ខ្លួន​មែន ពីព្រោះ សម្ព័ន្ធមិត្ត​ជាច្រើន​របស់​អាមេរិក គួរឲ្យ ស្តាយ ទាំង​ខូចខាត​ដល់​ផលប្រយោជន៍​ជាតិ​របស់​គេ​សោះ បែរ​ទៅ​ខំ​ការពារ​ផលប្រយោជន៍ ជាតិ​អ្នក​ដទៃ​ទៅវិញ ដែល​តាម​សម្តី​លោក​ពូទីន គឺ​តាម​មូលហេតុ​ដែល​គាត់​មិន​អាច​យល់​បាន។

ជាការកត់សម្គាល់ “រណសិរ្សប្រជាជន​ទូទាំង​ប្រទេស​រុស្ស៊ី” គឺ​ជា​ចលនា​បង្កើត​ឡើង ដោយ លោកពូទីន កាលពី​ចុង​ឆ្នាំ​២០១១ ពេល​គាត់​នៅ​ជា​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​នៅ​ឡើយ សម្រាប់​ដើរតួ ជាបង្អែក គាំទ្រ​បេក្ខភាព​គាត់​កាលណោះ ចូល​ប្រឡូក​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១២​ដើម្បី​ដណ្តើម យក​តំណែង​កំពូល​នៅ​រុស្ស៊ី ជា​ប្រធានាធិបតី​មក​វិញ ក្រោយពី​គាត់​បាន​កាន់​តំណែង​នេះ អស់ ២​អាណត្តិ​ជាប់ ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៨ ហើយ​គាត់​បាន​ទទួល​ជ័យជំនះ​ដូច​ចិត្តមែន។ តាំងពី​ថ្ងៃ​៧​ឧសភា​ឆ្នាំ​២០១២​មក លោក​ពូទីន បំពេញ​មុខងារ​កំពូល​នេះ ក្នុង​អាណត្តិ​ថ្មី ជា​អាណត្តិ​ទី​៣ ដែល​លើក​នេះ នឹង​ពន្យារ​ទៅ ៦​ឆ្នាំ​ឯណោះ រហូត​ដល់​ឆ្នាំ ២០១៨៕

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ