អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុ​អ្វី​បារាំង​-អឺរ៉ុប​រារែក​​​​នឹង​​អន្តរាគមន៍ ​នៅអ៊ីរ៉ាក់​ជាមួយ​អាមេរិក ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ច្រើនសប្តាហ៍​មក​ហើយ​ដែល​គ្មាន​នរណា​ខ្វល់​ខ្វាយ​នឹង​វិបត្តិ​មនុស្សធម៌​​នៅ​អ៊ីរ៉ាក់​។​ ៥​ថ្ងៃ​ហើយ​ដែល​អាមេរិក​បាន​ផ្តើម​ប្រតិបត្តិការ​ផ្លូវអាកាស​វាយប្រហារ​ទីតាំង​សំខាន់ៗ​របស់​ពួក​ជីហាត​នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់។ ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ចន្ទ​ទី ១១​សីហា​ទើប​ឃើញ​​តំណាងការទូត​សហភាព​អឺរ៉ុប​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ាក់ ពី​សំណាក់​ពួក​ភេរវនិយម។ ហើយទាល់​តែ​ដល់​ថ្ងៃ​អង្គារ​ទើប​ឃើញ​មាន​បើក​ជំនួប​ប្រជុំ​​ស្តី​ពី​បញ្ហា​នេះ​ ត្រឹម​ថ្នាក់​ឯកអគ្គរដ្ឋ​ទូត​ប៉ុណ្ណោះ តាម​សំណើ​របស់​បារាំង​និង​អ៊ីតាលី។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ ? នយោបាយ​​​ខ្សោយ ? ខ្វះ​ថវិកា ? ខ្លាច​រងគ្រោះ​ភេរវកម្ម ? ហេតុផល​មាន​មិន​ខ្វះ​ទេ !

រដ្ឋមន្ត្រី​ការបរទេស​បារាំង(ឆ្វេង) និង​ប្រមុខ​ដឹកនាំ​គៀរឌីស្តង់ នៅទីក្រុង​ Erbil ថ្ងៃទី ១០ សីហា ២០១៤
រដ្ឋមន្ត្រី​ការបរទេស​បារាំង(ឆ្វេង) និង​ប្រមុខ​ដឹកនាំ​គៀរឌីស្តង់ នៅទីក្រុង​ Erbil ថ្ងៃទី ១០ សីហា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ខណៈ​ដែល​អាមេរិក​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​យោធា​ផ្លូវអាកាស​លើ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ បារាំង​អ៊ីតាលី បាន​ស្វាគមន៍​ភ្លាម​អន្តរាគមន៍​នោះ និង​សន្យា​ចូល​ជួយ​អាមេរិក ! បារាំង​ហាក់​ដូច​​ជា​មាន​ភាព​ប្រុង​ប្រយ័ត្ន​ខ្លាំង ក្នុង​សំណុំ​រឿង​ជួយ​ផ្នែក​យោធា​ដល់​​អ៊ីរ៉ាក់។ រដ្ឋមន្ត្រី​ការបរទេស​បារាំង​បាន​បង្ហើប​អំពី​ចេតនា​ចង់​បំពាក់​អាវុធ​ដល់ក្រុម​យុទ្ធជនគៀរឌីស្តង់ តែ​ត្រូវ​សួរ​ចិត្ត​សហភាពអឺរ៉ុប​សិន។  ជា​ចម្លើយ ជំនួប​ប្រជុំ​ថ្នាក់​ឯកអគ្គរដ្ឋទូត​អឺរ៉ុប បាន​សម្រេច​ត្រឹម​ផ្តល់​ជំនួយមនុស្សធម៌​ ដោយ​បាន​បញ្ចេញ​​​ទឹក​ប្រាក់​៥​លាន​អឺរ៉ូ​សម្រាប់​​អ៊ីរ៉ាក់។ យន្តការ​អឺរ៉ុប​ដើម្បីការពារ​ជន​ស៊ីវិល​ ក៏​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ សម្រាប់​ចាត់​ចែង​ទទួល​ជំនួយ​ពីរដ្ឋ​ជា​សមាជិក។

 
ចំណែក​ឯគំនិត​ចង់​ពិចារណា​លើ​ការ​បំពាក់​អាវុធ​ឱ្យយុទ្ធជន​គៀរឌីស្តង់​ មិន​មែ​ន​ជា​របៀប​វារៈ​សម្រាប់​អឺរ៉ុប​ពេល​នេះទេ។ យើង​អាច​និយាយ​បាន​ថា​​ វា​ជា​រឿង​ធម្មតា​ទេ ដែល​បារាំង និង​អឺរ៉ុប​មិន​អើពើ​ក្នុង​ផ្លូវ​យោធា​នោះ ព្រោះ​អាមេរិក​​មាន​វត្តមាន​ មាន​យន្តហោះ​ចម្បាំង​និង​ឌ្រូន​ស្រាប់​ក្នុង​តំបន់​ទៅ​ហើយ ដូច្នេះ​អាមេរិក​ត្រូវ​តែ​ជា​អ្នក​បញ្ចេញ​សកម្ម និង​បំពេញ​តួនាទី​របស់​ខ្លួន តែ​ម្តង​ទៅ។ ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ហាក់​មាន​ប្រសិទ្ធិភាព​អាច​ធ្វើ​ឱ្យ​ពួក​ជីហាត​ទុច​កម្លាំង​បាន​ ដូច្នេះ​ត្រូវ​ផ្តល់​ជំនួយ​ទៅ​កន្លែង​ផ្សេង​ដែល​បន្ទាន់​ជាង គឺ​ជំនួយ​មនុស្សធម៌​សម្រាប់​ជន​ភៀស​សឹក​នេះ​ឯង។

សមត្ថភាព​យោធា​របស់​អាមេរិក​ក៏​គ្មាន​អ្វីគួរ​ឱ្យ​សង្ស័យ បារាំង​ត្រូវ​តែ​ទន្ទេញ​សួរ​អំពី​ទំនួល​ខុស​ត្រូវ​របស់​អាមេរិក ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ជម្លោះ​អន្តរជាតិសាសន៍ និង​វិបត្តិ​សន្តិសុខ ផ្តល់​ផល​វិបាក​ទៅ ជា​សង្គ្រាម​ដូច​ឆ្នាំ​២០០៣។ ម្យ៉ាង​ផលប្រយោជន៍​បារាំង​នៅ​អ៊ីរ៉ាក់​ខុស​ពី​ប្រយោជន៍​អាមេរិក។ ដូច្នេះ​វា​គ្មាន​ហេតុ​ផល​អ្វី​ដែល​បារាំង​ត្រូវ​ចេញ មុខ​ចេញ មាត់ ធ្វើ​មេ​ដឹកនាំ ដូច​នៅ​ប្រទេស​ម៉ាលី និង​អាហ្វ្រិក​កណ្តាល​ទេ។

ម្យ៉ាង​វិញទៀត បារាំង​​ធ្វើ​អន្តរាគមន៍​តែ​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី មិន​ធ្វើ​អ្វី តែ​ម្នាក់ឯង​ឡើយ ! ហេតុ​ដូច្នេះ​ហើយ​បាន​បារាំង​បាន​កោះ​ប្រមូលហៅ​​ប្រមុខ​ការទូត​អឺរ៉ុប​ឱ្យ​រួម​កម្លាំង​គ្នា​។ តាមរយៈ​លិខិត​មួយទៅកាន់​ប្រមុខ​ការទូត​សហភាពអឺរ៉ុប​ កាទ្រីន អាស្តុន និង​ស្នងការ​ជំនួយ​មនុស្សធម៌​អឺរ៉ុប​  រដ្ឋមន្រ្តីការបរទេស​បារាំង ​និង​នាយក​រដ្ឋមន្ត្រី​​អ៊ីតាលី ដែល​ជា​ប្រធាន​ផ្លាស់​វេន​អឺរ៉ុប​បាន​ស្នើសុំ​បើកជំនួប​ប្រជុំ​ក្រុមប្រឹក្សា​ការបរទេស​ពិសេស​។ ​

ប៉ុន្តែ បញ្ហា​ត្រង់​ថា​ធ្វើ​អ្វី​គ្នា​ច្រើន​ ត្រូវ​ប្រើ​ពេល​យូរ ជាពិសេស​បើ​មេ​ដឹកនាំ​មិន​សូវ​ស្ទុះ​ស្ទារ​ទៀត នោះប្រាកដ​ជា​រឹត​តែ​យ៉ាប់​ហើយ ! ប៉ារីស ហាក់ដូច​ជា​ខឹង​សម្បារ​ខ្លាំង​ចំពោះ​ភាព​ស្ពឹក​ស្រពន់​របស់​ស្ថាប័ន​​អឺរ៉ុប​ចំៗ​តែ​ម្តង និង​មិនដែល​​ចង់ធ្វើ​សកម្មភាពអ្វី​​​តែ​ម្នាក់ឯង​ជាមួយ​តែអង់គ្លេស​ទេ ! មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​បារាំង បាន​ថែម​ទាំង​លួច​ព្រលយ​កំហឹង​ថា ដៃគូ​ជា​សមាជិក​អឺរ៉ុប​ទាំង​អស់​ត្រូវ​ធ្វើ​ការ​រួម​គ្នា ក្នុង​ក្របខ័ណ្ឌអឺរ៉ុប ចំណែក​របស់​បារាំង បារាំង​ជា​អ្នក​ទទួល​ខុសត្រូវ។ សម្រាប់​បារាំង​វា​ជា​ការ​ចាំបាច់​​ដែ​ល​ត្រូវ​ធ្វើ​អ្វី មួយក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ព្រោះ​បារាំង​ជា​អឺរ៉ុប ធ្វើ​អ្វី មាន​អំណះអំណាង​និង​ហេតុផល ព្រោះ​បញ្ហា​នយោបាយ​យោធា​ក៏​ជា​បញ្ហា​ថវិកា។

​ប្រមុខ​ការ​ទូត​អឺរ៉ុប​ដូច​ជា​មិន​សូវ​ប្រញេប​ប្រញាប់​សោះ ! អាណត្តិ​របស់​លោកស្រី ដែល​មិន​ជា​មាន​លទ្ធផល​ភ្លឺ​ស្វាង​​​ស្រាប់ នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ ក្រៅ​ពី​វិបត្តិ​អ៊ុយក្រែន​មួយ​ចេញ​ គណៈកម្មការ​អឺរ៉ុប​លិប​ដូច​គេ​ដំ​ដែក​គោលនៅ​​លើ​ឆាក​អន្តរជាតិ។ ឬ​មួយ​ក៏​អឺរ៉ុប​ត្រូវ​ការ​មាន​ប្រមុខ​ដឹក​នាំ​ការទូត​ខ្មូរ​មុខ​ទេ​ដឹង ?! អាច​ចាត់​ទុក​ថា​ជា​ជោគជ័យ​មួយ​ទៅ​ហើយ ដែល​ជំនួប​ប្រជុំ​ម្សិលមិញ សហភាព​អឺរ៉ុប​បាន​​បង្កើត​ចេញ​នូវ​ស្ពាន​មនុស្សធម៌​​មួយ សម្រាប់​អ៊ីរ៉ាក់ ស្រប​តាម​សំណើ​ចង់​បាន​រួម​គ្នា​តាំង​​ពី​ជា​ច្រើន​ថ្ងៃ​របស់​ប្រមុខ​ការទូត​បារាំង​និង​ប្រមុខ​ដឹកនាំ​តំបន់​ស្វយ័ត​គៀរឌីស្តង់។ ឯ​រឿង​បំពាក់​អាវុធ​​ឱ្យ​ទាហាន​គៀរឌីស្តង់​ទំនង​ជា​ត្រូវ​អូស​បន្លាយ​ពេល​វេលា​​បន្តិច​ហើយ ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា​អាល្លឺម៉ង់ ចរន្ត​ដ៏​សំខាន់​មួយទៀត​​របស់​សហភាព​អឺរ៉ុប​ខ្លាច​រអា​ខ្លាំង​ណាស់​ប្រភេទ​រឿង​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​ ច្រើន​តែ​ទម្លាក់​ការ​ឱ្យ​បារាំង​ធ្វើ​ម្នាក់​ឯង​ រួច​បន្ទោស​ជា​ក្រោយ​ថា​ចាយ​លុយ​អស់​ច្រើន។

នេះ​ហើយអឺរ៉ុប !​ ត្រូវ​ឆ្កៀល​ដូច​ចន្លុះ​ទើប​បាន។ ឥលូវ​បារាំង​បានសម្រេច​​ផ្តួច​ផ្តើម​​មុន​រៀប​ចំ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​ក្រុម​គៀរឌីស្តង់​ ប្រទេស​ជាសមាជិក​ផ្សេង​ទៀត​ក៏​គ្មាន​នរណា​ប្រឆាំង​នឹង​រដ្ឋាភិបាល​អឺរ៉ុប​ណា​ដែល​ចង់​បំពាក់​អាវុធ​ឱ្យ​យុទ្ធជន​គៀរឌីស្តង់​ដែរ សហភាព​អឺរ៉ុប​​អាច​ជួប​ប្រជុំ​គ្នា​បាន​ហើយនៅ​សប្តាហ៍​នេះ។ ការ​ខំប្រឹង​ប្រែង​របស់​បារាំង​​មិន​អត់​ប្រយោជន៍​ទេ គ្រាន់​តែ​ត្រូវ​ស៊ីពេល​បន្តិច !

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ