អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សម្រាប់អាមេរិក រដ្ឋអ៊ីស្លាម​គឺ​ជា​ក្រុមជីហាត​ដែល​មាន​ឥទ្ធិពល​ខ្លំាង​ជាង​ក្រុម​ភេរវនិយម​ផ្សេង​ទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ៤៨ម៉ោង ក្រោយ​ពី​រូបភាព​វីដេអូ​ដែល​បង្ហាញ​ពី​ពួក​ជីហាត​កំពុង​កាត់​ក្បាល​អ្នកកាសែត​អាមេរិកំាង James Foley មក លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក Chuck Hagel និង​លោក​នាយសេនាធិការ​អាមេរិក Martin Dempsey បាន​ធ្វើ​សន្និសីទកាសែត​រួម​គ្នា​មួយ​នៅ​ថ្ងៃទី២១ សីហា។ នៅ​ក្នុង​សន្និសីទកាសែត​នោះ លោក Chuck Hagel បាន​ប្រកាស​ទទួល​ស្គាល់​ថា រដ្ឋអ៊ីស្លាម គឺ​ជា​ក្រុមជីហាត​ដែល​មាន​ឥទ្ធិពល​ខ្លំាង​ជា​ក្រុម​ភេរវនិយម​ផ្សេង​ទៀត​ដែល​ពិភពលោក​បាន​ស្គាល់​នា​ពេល​កន្លង​មក។ ចំណែក​លោក​ឧត្តមសេនីយ Martin Dempsey វិញ​បាន​លើក​ឡើង​ថា ដើម្បី​អាច​កំចាត់​ពួក​ជីហាត​ឲ្យ​ដល់​ឫសគល់​បាន គេ​ត្រូវ​តែ​វាយប្រហារ​លើ​ប្រទេស​ស៊ីរី​មួយ​ទៀត។

លោករដ្ឋមន្រ្តីការពារជាតិអាមេរិក Chuck Hagel (រូបឆ្វេង)និងលោកនាយសេនាធិការអាមេរិក Martin Dempsey
លោករដ្ឋមន្រ្តីការពារជាតិអាមេរិក Chuck Hagel (រូបឆ្វេង)និងលោកនាយសេនាធិការអាមេរិក Martin Dempsey
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​អាមេរិក​បាន​បើក​យុទ្ធនាការ​វាយប្រហារ​ផ្លូវអាកាស​លើ​ពួកជីហាត​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃទី៨ សីហា និង ៤៨ម៉ោង ក្រោយ​ព្រឹត្តិការណ៍​កាត់ក្បាល​អ្នកកាសែត​អាមេរិកំាង​ម្នាក់ គឺ​លោក James Foley ពី​សំណាក់​ពួកជីហាត​មក នេះ​ជា​លើកទី១ បង្អស់​ដែល​មាន​ថ្នាក់​ដឹកនំា​ជាន់ខ្ពស់​អាមេរិកំាង​ម្នាក់​ចេញ​មុខ​ប្រកាស​ទទួល​ស្គាល់​ថា ពួកជីហាត ឬ​ហៅថា​រដ្ឋអ៊ីស្លាម ពិត​ជា​មាន​ឥទ្ធិពល​ខ្លំាង​ជាង​ក្រុមភេរវនិយម​ផ្សេង​ទៀត​ដែល​អាមេរិក និង​ពិភពលោក​ធ្លាប់​បាន​ស្គាល់ និង​ធ្លាប់​បាន​ភ្លក់រសជាតិ​មក​ដល់​ថ្ងៃ​នេះ។ អ្នក​ទទួល​ខុសត្រូវ​អាមេរិក​ជា​ច្រើន​នាក់​បាន​អះអាង​ថា ពួកជីហាត​មាន​សក្តានុពល​ខ្លំាង និង​សាហាវ​ជាង​ពួក​អាល់កៃដា​ទៅ​ទៀត។

ការ​ថ្លែង​របស់​លោក​ប្រមុខ​ការពារជាតិ​អាមេរិក Chuck Hagel ដោយសារ​ថា ក្រុម​ភេរវនិយម​មួយ​នេះ​មាន​រចនាសម្ព័ន្ធ​ដឹកនំា​ត្រឹមត្រូវ​រឹងមំា និង​មាន​មធ្យោបាយ​ថវិកា យោធា និង​ធនធាន​មនុស្ស​យ៉ាង​ច្រើន​សម្បើម។ គួរ​ជម្រាប​ជូន​ថា ពួកជីហាត​មិនមែន​មាន​វត្តមាន​តែ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែរ។ គឺ​វត្តមាន​របស់​ពួក​ជីហាត​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ​ឯង​ដែល​នាយសេនាធិការ​អាមេរិក Martin Dempsey បាន​បញ្ជាក់​ថា ដើម្បី​អាច​កំចាត់​ពួកជីហាត​ឲ្យ​ដល់​ឫសគល់​បាន គេ​ត្រូវ​តែ​វាយប្រហារ​ប្រទេស​ស៊ីរី​មួយ​ទៀត។

ពួកជីហាត​ក៏​ជា​សត្រូវ​របស់​រដ្ឋាភិបាល​ស៊ីរី​ដែរ

បើ​តាម​ការ​ប៉ាន់ស្មាន់ ដែនដី​ដែល​ពួក​ជីហាត​កំពុង​កាន់កាប់​សព្វថ្ងៃ​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ផ្ទៃដី​របស់​ប្រទេស​អង់គ្លេស ក្នុង​នោះ មួយ​ភាគ​ស្ថិត​ក្នុង​ប្រទេស​អ៊ីរ់ាក់ មួយភាគ​ស្ថិត​ក្នុង​ប្រទេស​ស៊ីរី​ប៉ែកខាងជើង និង​មាន​កម្លំាង​ជិត ៥០ ០០០នាក់​នៅ​ស៊ីរី និង​ពី ៨ ០០០ ទៅ ១០ ០០០នាក់​នៅ​អ៊ីរ៉ាក់។ បើ​ផ្អែក​តាម​តួលេខ​របស់​ក្រសួង​ការបរទេស​អាមេរិក មាន​យុទ្ធជន​ជីហាត​ប្រមាណ​ជា ១២ ០០០នាក់ ជា​ជនបរទេស​មក​ពី​៥០ប្រទេស​ខុស​គ្នា ក្នុង​នោះ​មាន​ជនជាតិ​អាមេរិក​ប្រមាណ​ជា ១០០នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី តំាង​ពី​ថ្ងៃ​មាន​ការ​ងើបបះបោរ​ប្រឆំាង​រដ្ឋាភិបាល​ស៊ីរី​កាល​ពី ៣ឆ្នំា​មុន។

គេ​ពិត​ជា​នៅ​ចំា​បាន​ថា អាមេរិក​ក៏​ធ្លាប់​បាន​ព្រមាន​ចង់​វាយប្រហារ​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ម្តង​ហើយ ដោយសារ​តែ​របប​ក្រុង​ដាម៉ាស់​បាន​ប្រើ​អាវុធ​គីមី​សម្លាប់​ក្រុមអ្នកបះបោរ។ កាលណោះ ប្រទេស​បារំាង​ក៏​មាន​ភាគហ៊ុន​នៅ​ក្នុង​នោះ​ដែរ។ តែ​ដោយសារ​មាន​សំណើ​ពី​ប្រទេស​រុស្ស៊ី​សុំ​ឲ្យ​មាន​ការ​រំសាយ​អាវុធគីមី​ស៊ីរី និង​ដោយ​មាន​ការ​រួម​សហការណ៍​ពី​រដ្ឋាភិបាល​ស៊ីរី​ខ្លួន​ឯង អាមេរិក​ក៏​បាន​ឈប់​វាយ​ស៊ីរី​តំាង​ពី​ពេល​នោះ​មក។ ឥឡូវ​នេះ ពាក្យ​ចង់​វាយប្រហារ​ស៊ីរី​ត្រូវ​បាន​លេច​ជា​ថ្មី​ពី​មាត់​នាយសេនាធិការ​អាមេរិក Martin Dempsey។ តែ​អ្វី​ដែល​ខុស​គ្នា​នៅ​ក្នុង​គម្រោង​ចង់​វាយ​ស៊ីរី​លើក​នេះ គឺ​មិនមែន​ប្រឆំាង​នឹង​រដ្ឋាភិបាល​លោក​អាសាដ​ទៀត​ទេ តែ​ប្រឆំាង​នឹង​វត្តមាន​ពួកជីហាត​នៅ​ក្នុង​ទឹកដី​ស៊ីរី​ប៉ែកខាងជើង។

ក៏​ប៉ុន្តែ ចំណោត​នៅ​ត្រង់​ថា កម្លំាង​របស់​លោក​អាសាដ​ក៏​កំពុង​ប្រយុទ្ធ​ទល់​នឹង​ពួក​ជីហាត​ក្នុង​ទឹកដី​របស់​ខ្លួន​ដែរ។ អ៊ីចឹង​សួរ​ថា តើ​វា​មិន​ល្អ​ទេ​ឬ ដែល​សហគមន៍​អន្តរជាតិ​គួរ​តែ​សហការណ៍​ជាមួយ​លោក​អាសាដ​ដើម្បី​ប្រឆំាង​នឹង​ពួក​ជីហាត។

សហគមន៍​អន្តរជាតិ​ត្រូវ​បង្ខំ​ចិត្ត​ចាប់​ដៃ​ជាមួយ​លោក​អាសាដ​ដើម្បី​វាយប្រហារ​ពួកជីហាត !

រហូត​មក​ដល់​ពេល​នេះ លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់ទុក​ជា​មនុស្ស​ផ្តាច់ការ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា លោក​អាសាដ​មិនមែន​ជា​មនុស្ស​គ្រោះថ្នាក់​ខ្លំាង​ចំពោះ​ពិភពលោក ឬ​មួយ​ក៏​ចំពោះ​សហរដ្ឋអាមេរិក​ទេ។ កន្លង​មក សហគមន៍​អន្តរជាតិ​បាន​ចោទ​លោក​អាសាដ​ពី​ការ​ប្រើ​កម្លំាង​បាយ​បង្រ្កាប​លើ​ពួក​បាតុករ​ដែល​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា កម្លំាង​របស់​លោក​អាសាដ​ក៏​កំពុង​ប្រឆំាង​ត​ទល់​នឹង​ពួកជីហាត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ដែរ។ ដូច្នេះ​ឃើញ​ថា វិលចុះ វិលឡើង សហគមន៍​អន្តរជាតិ និង​លោក​អាសាដ​បែរ​ជា​កំពុង​ប្រឈម​មុខ​នឹង​សត្រូវ​ដូច​គ្នា​ទៅ​វិញ។

គឺ​នៅ​ត្រង់​ចំណុច​នេះ​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ថា តើ​កំណើន​ឥទ្ធិពល​របស់​ពួក​ជីហាត​នៅ​ក្នុង​តំបន់​ពេល​នេះ មិនមែន​កំពុង​នំា​សហគមន៍​អន្តរជាតិ​ឲ្យ​ជួប​ចរចា​ជាមួយ​លោក​អាសាដ​ទេ ឬ​យ៉ាង​ណា ព្រោះ​ថា​ចង់ ឬ​មិន​ចង់​នៅ​ពេល​នេះ ស៊ីរី​កំពុង​ក្លាយ​ជា​តួអង្គ​មួយ​មិន​អាច​ខ្វះ​បាន​ដើម្បី​ប្រឈម​ទប់​នឹង​ការ​គំរាមកំហែង​របស់​ពួកជីហាត​ដែល​បាន​រត់​ចេញ​ពី​អ៊ីរ៉ាក់​ទៅ​ជ្រកកោន​ក្នុង​ទឹកដី​ស៊ីរី។ ពិត​ណាស់​ថា ក្រុមប្រទេស​លោកខាងលិច​ពិបាក​នឹង​ត្រឡប់​មក​ធ្វើ​ការ​ជាមួយ​លោក​អាសាដ តែ​នៅ​ចំពោះ​មុខ​កំណើន​ឥទ្ធិពល​របស់​ពួក​ជីហាត​ពេល​នេះ សហគមន៍​អន្តរជាតិ​ចៀស​មិន​រួច​ពី​ការ​វិល​មក​ពិនិត្យមើល​ឡើង​វិញ​នូវ​ជំហរ​របស់​ខ្លួន​ចំពោះ​លោក​អាសាដ​ទេ។ ក្រៅ​ពី​ក្រុមប្រទេស​លោកខាងលិច ក៏​នៅ​មាន​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត​ដែល​ប្រឆំាង​លោក​អាសាដ ក៏​កំពុង​បារម្ភ​ពី​ឥទ្ធិពល​របស់​ពួក​ជីហាត​ដែរ។

ឃើញ​ថា បន្តិច​ម្តងៗ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដែល​ជា​សត្រូវ​ផុតលេខ​របស់​អាមេរិក​នោះ ត្រូវ​បាន​អាមេរិក​វិល​មក​ចាប់​ដៃ​ធ្វើ​ជា​មិត្ត​ដោយ​មិន​ដឹង​ខ្លួន។ បន្ទាប់​ពី​ប្រទេស​អ៊ីរ៉ង់ ស៊ីរី​ក៏​ប្រហែល​ជា​ត្រូវ​គេ​រាប់រក​វិញ​ដែរ។ ដូច្នេះ​សម្រាប់​លោក​អាសាដ នេះ​ជា​ឱកាស​ដ៏​ប្រសើរ​ដើម្បី​បើក​ការ​បើក​កិច្ចចរចា​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន ពិសេស​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​បញ្ឈប់​ការ​ប្រឆំាង​ខ្លួន និង​ធានា​ថា ក្រោយ​ពី​បាន​វាយប្រហារ​លើ​ពួក​ជីហាត​ក្នុង​ទឹកដី​ស៊ីរី​រួច​ហើយ ទ័ព​បរទេស​មិន​ត្រូវ​ឆ្លៀត​វាយប្រហារ​លើ​រដ្ឋាភិបាល​របស់​លោក​អាសាដ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ