អានតួអត្ថបទ
កម្ពុជា

ទឹក​ជំនន់​សម្លាប់​មនុស្ស​​១០៤នាក់​ គណបក្ស​​នយោបាយ​​អំពាវនាវ​​រក​ជំនួយ​​

ខណៈ​ដែល​ទឹក​ជំនន់​កំពុង​បង្ក​គ្រោះ​មហន្តរាយ​កាន់​តែ​ខ្លាំង​ឡើង គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន​ស្វែង​រក​សប្បុរសជន​ឲ្យ​ជួយ​ផ្តល់​សម្ភារៈ ថវិកា និង​ស្បៀង​អាហារ​ដើម្បី​ជួយ​ជនរងគ្រោះ។ រហូត​មក​ទល់​ពេល​នេះ​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស ១០៤ នាក់​ប៉ះពាល់​ដល់​ប្រជាជន ១,៥ លាន​នាក់ និង​ផ្ទះ​ជាង ១២ ម៉ឺន​ខ្នង។

ប្រជាពលរដ្ឋ​​រងគ្រោះ​ដោយ​ទឹកជំនន់
ប្រជាពលរដ្ឋ​​រងគ្រោះ​ដោយ​ទឹកជំនន់ RFI/Navin Im
ផ្សាយពាណិជ្ជកម្ម

ប្រឈមមុខ​នឹង​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ គណបក្ស​នយោបាយធំៗ​មួយ​ចំនួន​បាន​ចេញ​មុខ​អំពាវនាវ​រក​ជំនួយ​ដើម្បី​ជួយ​ជន​រងគ្រោះ។ នៅ​ក្នុង​សេចក្តី​អំពាវនាវ​មួយ​ចុះ​ថ្ងៃ​ទី​៩តុលា​នេះ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អំពាវនាវ​ឲ្យ​សមាជិក សមាជិកា គណបក្ស​កាន់​អំណាច​ និង​សប្បុរសជន​នានា ​ចុះ​ជួយ​ជន​រងគ្រោះ​ដោយ​ទឹកជំនន់​ទៅ​តាម​លទ្ធភាព​ដោយ​គ្មាន​ការរើសអើង។

លោក ជា ស៊ីម បាន​ឲ្យ​ដឹង​ទៀត​ថា សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​សប្បុរសជន​ជា​ច្រើន​បាន​ជួយឧបត្ថម្ភ​ដល់​ជន​រងគ្រោះ​ជា​ច្រើន​រួច​មក​ហើយ ប៉ុន្តែ​ លោក​នៅ​តែ​បន្ត​អំពាវនាវ​រក​ជំនួយ​បន្ថែម​ទៀត។
 
គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​បាន​អំពាវនាវ​រក​ជំនួយ​ពី​សមាជិក​របស់​ខ្លួន និង​ពី​សប្បុរសជន​ដូច​គ្នា​ដែរ។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​ទី​៩​តុលា​នេះ គណបក្ស​រាជានិយម​មួយ​នេះ បើ​ទោះ​បី​ជា​មិន​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​សភា​ក៏​ដោយ ក៏​ប្រធាន​គណបក្ស​នេះ​នឹង​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ថ្ងៃ​ទី ១២ និង ១៣​តុលា​ខាង​មុខ។

កាល​ពី​ថ្ងៃ​ទី ១​តុលា​កន្លង​ទៅ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ក៏បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​ដែរ​ ដើម្បី​ស្វែង​រក​ការ​ឧបត្ថម្ភ​​ពី​សប្បុរសជន ​តាមរយៈ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​យក​ទៅ​ជួយ​ជន​រងគ្រោះ​ដោយ​ទឹកជំនន់។

គួរ​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ​ ទឹកជំនន់​បាន​សម្លាប់​មនុស្ស ១០៤នាក់​ហើយ ក្នុង​រយៈពេល​ជាង​១​ខែ​នេះ។ ចំណែក​មនុស្ស​ជាង ១,៥​លាន​នាក់​ទៀត​ បាន​ទទួលរង​ផល​ប៉ះពាល់ និង​ផ្ទះ​សម្បែង​ជាង ១២ម៉ឺន​ខ្នង​ត្រូវ​បាន​ជន់​លិច។ គ្រោះ​ធម្មជាតិ​មួយ​នេះ​ក៏​បាន​បំផ្លាញ​ដំណាំ​ស្រូវ​ចំនួន ២៥​ម៉ឺន​ហិកតា។ ចំណែកឯ​សាលារៀន ៦៧០ កន្លែង និង​វត្ត​អារាម​ចំនួន ៣៧០ ក៏​ត្រូវ​បាន​លិចលង់​ដែរ។ នេះ​បើ​យោងតាម​តួលេខ​បណ្តោះអាសន្ន​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

លោក ញឹម វណ្ណដា អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​នេះ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា ការ​ខូចខាត​ជា​ទឹកប្រាក់​ពិត​ប្រាកដ​នៅ​មិន​ទាន់​បូក​សរុប​នៅឡើយ​ទេ។ ប៉ុន្តែ​ លោក​វាយ​តម្លៃ​ថា ការ​ខូចខាត​អាច​នឹង​ស្មើ​ពាក់​កណ្តាល​នៃ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១១ ។ កាល​ណោះ ទឹកជំនន់​បាន​បង្ក​ការ​ខូចខាត​ជា​ទឹក​ប្រាក់​សរុប ៥២០ លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ