របាយការណ៍៖ ប៉េអឹមបានបាញ់សម្លាប់ប្រធានអង្គការបរិស្ថាន មុនធ្វើឃាតខ្លួនឯង

បន្ទាប់ពីធ្វើកោសល្យពិច័យលើសាកសព និងសួរសាក្សីរួចរាល់ តុលាការ និងសមត្ថកិច្ចខេត្តកោះកុង បានធ្វើរបាយការណ៍ ដោយទាញការសន្និដ្ឋានថា លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិត្រូវបានប៉េអឹម បាញ់សម្លាប់ នៅក្នុងរថយន្តរបស់លោក កាលពី រសៀលថ្ងៃព្រហស្បតិ៍ ទី២៦មេសាម្សិលមិញ នៅខេត្តកោះកុង។ បន្ទាប់មកប៉េអឹមនោះ ក៏បានធ្វើអត្តឃាត បាញ់ សម្លាប់ខ្លួនឯង។ នេះបើតាមការបញ្ជាក់របស់លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹង នៅល្ងាចថ្ងៃសុក្រ ទី២៧មេសាថា ការសន្និដ្ឋានរបស់ព្រះរាជអាជ្ញា និងកងរាជអាវុធហត្ថខេត្តកោះកុង បន្ទាប់ពីធ្វើកោសល្យពិច័យសាកសព បង្ហាញថា កងរាជអាវុធហត្ថ ឬក៏ប៉េអឹម ឈ្មោះ អ៊ិត រតនា អាយុ ៣២ ឆ្នាំ បានស្ទាក់បាញ់ឡានរបស់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ បន្ទាប់ពីលោក ឈុតវុទ្ធី បានថតរូប គំនរឈើក្នុងក្រុមហ៊ុនមួយ។
តាមអ្នកនាំពាក្យ គ្រាប់កាំភ្លើងរបស់ប៉េអឹម បានសម្លាប់លោក ឈុត វុទ្ធី ដោយត្រូវ ២ គ្រាប់ ចំក្បាលជង្គង់ និងក្រោមផ្សិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅលើឡាន។ រីឯប៉េអឹម ឈ្មោះ អ៊ិត រតនា ក្រោយមកបន្តិច ក៏បានយកកាំភ្លើងអាកា ដែលបាញ់សម្លាប់លោក វុទ្ធី បាញ់សម្លាប់ខ្លួនឯង។
នៅថ្ងៃសុក្រនេះ សកម្មជនសិទ្ធិមនុស្សមួយក្រុម បានចុះទៅដល់កន្លែងកើតហេតុ នៅក្នុងព្រៃ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលជាទីតាំងក្រុមហ៊ុនមួយ មានស្តុកឈើនៅទីនោះ។ ប៉ុន្តែលោក ឆេង សុភ័ស្ត អ្នកស៊ើបអង្កេតរបស់អង្គការ លីកាដូ បានឲ្យដឹងថា មុនកើតហេតុ មានការទាស់ទែងពាក្យសម្តីរវាងលោកឈុតវុទ្ធី និងប៉េអឹម ប្រហែលជាកន្លះម៉ោង មុននឹងផ្ទុះអាវុធ។ ប៉េអឹម បានព្យាយាម ដកយកម៉ាស៊ីនថតរបស់លោក ឈុត វុទ្ធី ដែលបានចូលទៅថតរូបក្រុមហ៊ុនមានស្តុកឈើ។
ចំពោះការផ្ទុះអាវុធបណ្តាលឲ្យស្លាប់សកម្មជនការពារបរិស្ថាន និងប៉េអឹមនោះ ត្រូវបានលោកឆេង សុភ័ស្ត លើកឡើងថា នៅមិនទាន់ដឹងថា អ្នកណាជាអ្នកបង្កឡើងមុននោះទេ ព្រោះសាក្សីមួយចំនួន មិនទាន់ហ៊ានបំភ្លឺប្រាប់នៅឡើយទេ។
ក្នុងហេតុការណ៍នោះ ស្ត្រីអ្នកកាសែតពីរនាក់ ដែលធ្វើដំណើរទៅកាន់កន្លែងកាប់ឈើរបស់ក្រុមហ៊ុននៅក្នុងព្រៃនៅខេត្តកោះកុងនោះ បានវិលត្រឡប់មកដល់ផ្ទះដោយសុវត្ថិភាពវិញហើយ នៅព្រឹកថ្ងៃសុក្រនេះ ក្រោយពីប៉េអឹមខេត្តកោះកុង បានសាកសួរ។ ប៉ុន្តែស្ត្រីអ្នកកាសែត បានបដិសេធធ្វើអត្ថាធិប្បាយពីហេតុការណ៍ផ្ទុះអាវុធនោះ។
យ៉ាងណាក៏ដោយ របាយការណ៍របស់ប៉េអឹមបញ្ជាក់ថា គ្រាប់កាំភ្លើង ដែលសម្លាប់សកម្មជនការពារបរិស្ថាន និងប៉េអឹមម្នាក់ផងនោះ គឺជាគ្រាប់កាំភ្លើងប្រភេទតែមួយ។ សកម្មជនសិទ្ធិមនុស្ស បានទាមទារឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតបន្ថែមទៀត លើករណីនោះ។
នៅថ្ងៃសុក្រនេះ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកពីគ្នា ថ្កោលទោស និងទាមទារឲ្យចាប់ខ្លួនជនដៃដល់យកទៅផ្តន្ទាទោស ចំពោះឧក្រិដ្ឋកម្មដ៏កំសាក នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ (6)
to share my sadness to Mr. Vuthy
I am truly happy that I have a hero like Mr. vuthy who always try to rescue natural resource for the nation but i have a profound sadness for his death by the government offer.
ការកាប់បំផ្លាញព្រៃឈើមកពីអ្នកធំ
ប្រជាពលរដ្ឋតូចតាចអ្នកកាប់ក្រោមឥទ្ធិពលលុយរបស់អ្នកធំ និង អ្នកមានអំណាចមានយ៉ាងហូរហែរ តែរដ្ឋាភិបាលបែរជាមើលមិនឃើញទៅវិញ និងមិនបានអនុវត្តិច្បាប់ឲ្យបានដិតដល់។តើប្រជាពលរដ្ឋមាននៅមានវិធានការអ្វីក្រៅពីចេញទៅការពារដោយខ្លូនឯងនោះ។ឥឡូវអ្នកការពារដ៏សកម្មត្រូវគេសំលាប់ ដើម្បីបំបាក់ស្មារតី ទៀតតើនៅមានវិធានការអ្វីទៀត?
Wonder and worry
ខ្ញុំមានអារម្នណ៍សោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ សកម្មជន ស្នេហាជាតិមួយរូបដូចលោក ឈុត វុទ្ធី។ ខ្ញុំមានអារម្នណ៍កាន់តែសោកស្ដាយទ្វេរជាពាន់លានដង ដែលយុត្តិធម៌ ពុំត្រូវបានផ្ដល់អោយព្រលឹងរបស់គាត់ ចំពោះបុព្វហេតុដែលគាត់បានធ្វើ ក្នុងគោលបំណងការពារ ទឹកដី ដែលធ្លាប់តែសំបូរដោយធនធានរ៉ែ និង ព្រៃឈើ... ហេតុអ្វីបានជាអ្នកស្រឡាញ់ទឹកដីត្រូវស្លាប់ ហើយហេតុអ្វីបានគ្រាន់តែដើម្បីផលប្រយោជន៍បុគ្គលមួយ ក្រុម ធ្វើអោយប្រទេសជាតិ ធ្លាក់ដល់ស្ថានភាពបែបនេះ? ឈ្មួញអ្នករកស៊ីរបរកាប់បំផ្លាញ ព្រៃឈើដែលជាសម្បត្តិជាតិ តើរដ្ឋាភិបាលពុំមានវិធានការបោសសម្អាត អោយអស់ ឬយ៉ាងម៉េច? ពួកអស់លោក ដែលមានប្រាក់ អំណាច ហើយប្រើប្រាស់ អំណាច និងប្រាក់ ទាំងនោះដើម្បីគាបសង្កត់ប្រជាជន និងបំផ្លាញជាតិ តើមានពេលខ្លះអស់លោកមានអារម្នណ៍ចេះស្កប់ស្កល់ឬទេ? ប្រសិនបើអស់លោកគិតថា ទ្រពសម្បតិ្តរបស់ជាតិខ្មែរទាំងអស់ពុំមែនជាទ្រពពីជីដូន ជីតា ដែលអស់លោកត្រូវខ្វល់ ប៉ុន្តែអស់លោកក៏គួរគិតថា ការថែរក្សាសម្បត្តិធម្មជាតិ គឺសំរាប់កូនចៅអស់លោក ជំនាន់ក្រោយ? ហេតុអ្វីក៏ អស់លោក បន្តបំផ្លាញជាតិ និងសំលាប់ខ្មែរគ្នាឯងទៀត? អស់លោកមានធ្លាប់គិតមុននឹង អស់លោកស្លាប់ ប្ដេជ្ញាការពារ ថែរក្សាប្រជាជន និងប្រទេសជាតិ ដើម្បីកូនចៅ របស់ខ្លួនឬទេ? បើខ្មែ បំផ្លាញខ្មែរ របៀបនេះ តើប្រទេសជាតិ នឹងទៅជាយ៉ាងនាពេលអនាគត?
ព្រៃឈើ ជាជីវិត
ព្រៃឈើចេះតែបាត់បង់ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ តើអ្វីទៅជាកត្តាចម្បង?
អ្នកគ្មានអំណាច គោរពកោតខ្លាច រីឯអ្នកមានអំណាចរិតតែតាំងខ្លួនឯងធំ ធ្វើអ្វីតាមទៅនើងចិត្ត។
ប្រជាជនមិនកាប់ អ្នកធំកាប់ ប្រជាជនកាប់ អ្នកធំចាប់ អ្នកធំកាប់ ប្រជាជនត្រូវចាប់ តើនេះឫជាប្រទេសដែលគោរពនិន្នាការប្រជាធិបតេយ្យសេរីនោះ។
Suspect
ចំពោះរបាយការណ៍ដែលថា ប៉េអឹមនោះបាញ់សម្លាប់ខ្លួនឯង ដូចជារឿងប្រឌិតច្រើនជាងរឿងពិត
មន្រ្ដីព្រៃឈើស្រុកខ្មែរល្អតែម
មន្រ្ដីព្រៃឈើស្រុកខ្មែរល្អតែមុខ ធ្វើបាបតែអ្នកក្រដែលមិនអាចតស៊ូបាន ដូចជាអ្នកលក់អុសលក់ឃ្ចួង តូចតាចជាដើម បើសិនជាមានការចាប់ឈ្មួញជួញឈើខុសច្បាប់ បានវាគ្រាន់តែជាការសម្ដែងល្ខោនបង្អូតភ្នែកសាធារណជនតែបណ្ណោះ រឿងនេះអាចឃើញបានភាគច្រើននៅពេលមេព្រៃទើបឡើងកាន់ដំណែងថ្មីៗ គេតែងតែប្រាប់ជាមុនថាសុំចាប់ខ្លះសិន សាងកេរិ័្ដឈ្មោះសិន កន្លងនៅមិនប៉ុន្មានឈើទាំងនោះនឹងត្រូវបានឈ្មូញចិត្ដស្មូកគ្រក ចូលទៅចចារទិញពីកន្លែងមេព្រៃនឹងដូចតាដូច (កប្លែងដែល) ចោរតិរច្ឆានកំបាំងមុខ ខាងព្រៃឈើតាមដែលដឹងមាន4ក្រុមធំ គឺ អ្នកសម្ដែងល្ខោន ជាអ្នកបញ្ជាធំគឺមន្រ្ដីថ្នាក់ជាន់ខ្ពស់ អ្នកធ្វើផ្ទាល់គឺឈ្មូញព្រៃឈើ(អាចជាខ្សែបងប្អូន) អ្នកជួយសំរួលបទល្មើសអោយរលួន គឺ អ្នករក្សាព្រៃឈើ(មេព្រៃ) នឹងតួអង្គអ្នកកាសែត ជួយបិទផងកែពត៌មានផង ពួកនេះតែងតែប្រព្រឺត្ដិបទល្មើសជាប្រចាំ ប្រយោជន៏ដែលទទូលបានត្រវបែងចែកគ្នាតិចច្រើនតាមមុខដំណែងនិងការងារ បើសិនជាការចែកប្រយោជន៏គ្នាមិនចុះសំម្រុងទេតែងមានជំលោះគ្នា កើតចេញជារូបភាពផ្សេងៗដូចជា ឃាតកម្មបិទមុខ ជាដើម ៕ អធិប្បាយតាមបទពិសោធន៏ដែលធ្លាប់ឆ្លងកាត់ «និយាយចំពោះតែពួកអាក្រក់»
ប្រតិកម្មជុំវិញអត្ថបទនេះ