ចិន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 05 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 06 កក្កដា 2012

អាជ្ញាធរ​​​​បោះបង់​​ចោល​​គម្រោង​​សាង​​សង់​​រោងចក្រ​​​ស្លដែកថែប​​

ប្រជាជន​នៅក្រុង​ Shifang​ នាំគ្នាធ្វើបាតុកម្ម​ប្រឆាំងគម្រោងសាងសង់រោងចក្រ​ស្លដែកថែបឆ្នាំ២០១២
ប្រជាជន​នៅក្រុង​ Shifang​ នាំគ្នាធ្វើបាតុកម្ម​ប្រឆាំងគម្រោងសាងសង់រោងចក្រ​ស្លដែកថែបឆ្នាំ២០១២
REUTERS/Handout

ដោយ នុយ ប៊ែរណាដែត

បន្ទាប់ពី​​បាន​​កេណ្ឌ​គ្នីគ្នា​​និង​​​បាន​​ប៉ះ​​ទង្គិច​​​យ៉ាង​​ហិង្សា​​ជាមួយ​​ក្រុម​​នគរបាល​អស់​​២​​ថ្ងៃ​​មក​ ​ប្រជាជន​​នៅ​​​ក្រុង Shifang ​នៅទី​បំផុតទៅ​ ​​បាន​​ទទួល​​​ជ័យជំនះ។​​ អាជ្ញាធរ​​តំបន់​​​ បាន​​សម្រេចចិត្ត​លុប​​ចោល​វិញ​​ ​​​គម្រោង​​​សាង​ស​ង់​​រោង​ចក្រ​​​ស្លដែក​ថែប​​មួយ​​ ​​​​ដោយ​ហេតុ​ប្រជាជន​ ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​ថា ​"គម្រោងសាងសង់​រោងចក្រ​បែប​នេះ​និង​ជំរុញ​ឲ្យបរិសា្ថនតំបន់​ទទួល​រង​​អន្តរាយ​ ។​ថ្ងៃ​​ពុធ​​ម្សិល​មិញ​​​ ប្រជាជន​​​នៅ​​ Shifang ​​ជា​​ច្រើន​​ពាន់​​នាក់​​នៅ​តែ​​​ប្រមូល​​ផ្តុំ​​គ្នា​ទៀត​​ដោយ​ហេតុ​ពួក​​​គេ​​នៅ​​តែ​​មន្ទិល​​សង្ស័យ​ពុំទាន់​​ទុក​ចិត្ត​​​​លើ​​អាជ្ញាធរ​ទាំង​ស្រុង​នោះ​ឡើយ​។
 

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត
 

05/07/2012 by នុយ ប៊ែរណាដែត

តាំងពី​ថ្ងៃចន្ទដើមសប្តាហ៍​ប្រជាជននៅក្រុង​​ Shifangបាន​កេណ្ឌ​គ្នីគ្នា​ជា​ច្រើន​ពាន់​នាក់​និង​បាន​​​លុកលុយចូលទៅក្នុងទីស្នាក់ការអាជ្ញាធរតំបន់ដោយបាន​វាយ​បំផ្លាញ​​យានជំនិះ​នគរបាល ។​ នគរបាល បានវាយបង្ក្រាបតបត​​​​ វិញ ​យ៉ាង​​កាច​សាហាវ​​​ ទៅលើបាតុករ​​ដោយ​​បោក​​​​គ្រាប់បែក​​​ផ្សែង​​ និង វាយ​សំពង​ដោយ​ព្រនង់។
 
ការចូលវាយលុករបស់បាតុករទៅលើទីស្នាក់ការអាជ្ញាធរ ​គឹដើម្បីប្រឆាំង​​គម្រោង​​សាង​សង់​​រោង​ចក្រ​​ស្លដែកថែប​​​មួយ​ដែល​ពួក​គេ​យល់​ថា​នឹង​ធ្វើឲ្យ​បរិស្ថាន​​​តំបន់​​ទទួល​​រង​​អន្តរាយ​ ។​  នៅ​​ឱកាស​នោះ ​នគរបាល ​បាន​ចាប់​ខ្លួន​បាតុករ ​២៧​​​នាក់​​ពី​​បទ​​បាន​​វាយ​​កំទេច​​កញ្ចក់​​និង​​ចោល​ដុំថ្ម ​ដុំឥដ្ឋ​ ​ទៅ​លើ​​​នគរបាល​​​និង​​មន្ត្រី​​រដ្ឋការ​​ ប៉ុន្តែក្រោយ​មក​ បាតុករ​​២១​​​នាក់​​ត្រូវ​​បាន​​ដោះ​​លែង​​វិញ​ ។
 
« បាតុករ​ពីរ​នាក់​ ប្រហែល​​ជា​​បាន​​ស្លាប់​​នៅ​ក្នុង​​ការ​​​ប្រឈម​​​មុខ​​​ជា​មួយ​នគរបាល​" -នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​​​​អង្គការ​ Human Rights Defenders ដែល​ជា​​អង្គការ​​ការពារ​​សិទ្ធិ​​មនុស្ស​​​ចិន​​  ​ក៏​ប៉ុន្តែ​ព័ត៌មាន​នេះ ​ត្រូវ​​​បាន​​រដ្ឋាភិបាល​​​បដិសេធចោល។​
 
ដោយ ​ពុំអាច​បង្ក្រាប​បាតុកម្ម​ឲ្យស្ងប់ស្ងាត់នោះ​​-ប្រមុខគណបក្សកុម្មុយនិស្តលោក​ Li Chengjing ​បាន​សម្រេចចិត្ត​​បញ្ឈប់​​​គម្រោង​​​សាងសង់​​រោង​ចក្រ​ស្លដែកថែប។ ក៏ប៉ុន្តែ ​អាជ្ញាធរ​តំបន់​​នេះ ​​នៅ​តែ​ខិត​ខំ​និយាយ​អួត​អាង​ ពីសារៈប្រយោជន៍​នៃ​​គម្រោង​​សាង​សង់នេះ​ ដោយ​អះអាង​​ថា​ « ​ រោង​ចក្រ​ធុន​នេះនឹង​​ជំរុញ​ឲ្យមាន​ការងារធ្វើ​​​ច្រើនសំរាប់ប្រជាជននិងបាន​ផល​ចំណេញច្រើនសំរាប់ជាតិដែរ​​​។
 
 ប្រមុខគណបក្សកុម្មុយនិស្តនៅ Shifang- បាន​ទទួលស្គាល់ដែរ​ ពីការងើប​បះបោរប្រឆាំង​​​របស់​​ប្រជាជន ​និង​បរាជ័យ​របស់​រដ្ឋាភិបាល​​ក្នុង​ការពន្យល់​ប្រជាជនខ្លួនអំពីផល​ប្រយោជន៍​ជា​ច្រើន​ទៀត​ដែលនឹងត្រូវ​​បានទទួលពី​​គម្រោង​សាងសង់​រោងចក្រ។
 
ទោះបីជាអាជ្ញាធរ-​​ប្រកាស​លុបចោលគម្រោងសង់រោងចក្រក៏ដោយក្តី ​ប្រជាជន​​  Shifang នៅ​តែ​ប្រមូលផ្តុំគ្នាដដែលនៅជុំវិញទីស្នាក់ការ​អាជ្ញាធរ​​​នៅ​ម្សិលមិញ​នេះ-ដែលជា ទី​កន្លែង​ធ្លាប់​​មានការប៉ះទង្គិចគ្នា​​ប៉ុន្មានថ្ងៃ រវាង​នគរបាលនិងក្រុមបាតុករ-នេះជាអំណះអំណាង​របស់​អ្នកកាសែត​ថត​រូប​ម្នាក់​នៃ​ទី​ភ្នាក់ងារព័ត៌មានបារាំង AFP។​​ ​
 
ការ​ប្រមូលផ្តុំគ្នានេះនៅម្សិលមិញ បញ្ជាក់យ៉ាងច្បាស់ដែរថា ​ប្រជាជន Shifang នៅ​តែ​ពុំ​ទាន់​ជឿ​ទុកចិត្ត១០០%ទៅលើ​ការ​សន្យា​របស់អាជ្ញាធរឡើយនិងក៏​បារម្ភខ្លាំងដែរ​ ខ្លាច​​ការ​សន្យា​របស់​អាជ្ញាធរនេះ គ្រាន់តែជា​លេសមួយ​ដើម្បីបោក​បញ្ឆោត​​​ពួកគេឲ្យឈប់ធ្វើ​​ចលនា​បាតុកម្ម​តែ​ប៉ុណ្ណោះគត់។
 
នៅ​ប្រទេស​ចិន ការការពារបរិស្ថាន ជាញឹកញាប់តែងតែត្រូវគេបំភ្លេចចោល​ ដោយ​​គេ​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​ខ្លាំងទៅលើ តែកំណើនសេដ្ឋកិច្ច​និង​ការពង្រីកឧស្សាហកម្មប៉ុណ្ណោះ​ ហេតុ​ដូច្នេះ​​​ហើយ ​បាន​ជាប្រជាជន នាំគ្នាងើបបះបោរ​តវ៉ាប្រឆាំង​នឹងគម្រោង​សាងសង់​រោងចក្រ​​ឧស្សាហកម្ម​ទាំង​នេះដែលត្រូវ​ប្រជាជនចោទថា ជាប្រភពនៃ​ការបញ្ចេញសារធាតុពុល៕

tags: ចិន
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close