អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈ​វិជ្ជា​ដែល​គួរ​ទាញ​ចេញ​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​រដូវ​កាល​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។ ​នៅ​តាម​ទី​វត្ត​អារ៉ាម​នានា​គេ​លឺ​តែ​សំឡេង​ធម៌​និង​សំឡេង​ស្មូត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សន​កម្មផល ​ឬ​អំពើ​បុណ្យ​បាប​ដែល​មនុស្ស​គួរ​ធ្វើ​ និង​គួរ​ចៀស​វាង​ ត្រូវ​សាង​តែ​អំពើ​ល្អ ​និង​ត្រូវ​ដឹង​គុណ​ចំពោះ​មាតា​បិតា ​និង​អ្នក​មាន​គុណ​ទាំង​ឡាយ។ ​ប៉ុន្តែ ​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង​ មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​បាន​យក​ទស្សនៈ​វិជ្ជា​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​មក​អនុវត្ត​ឡើយ។ ​ដូច្នេះ ​ប្រជា​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​គួរ​នាំ​គ្នា​ពិចារណា​និង​ទាញ​យក​ប្រយោជន៍​ពី​ទស្សន​វិជ្ជា​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដើម្បី​សាង​ភាព​សុខ​សាន​ដល់​សង្គម។

ពុទ្ធបរិស័ទទៅធ្វើបុណ្យនៅរដូវភ្ជុំបិណ្ឌ។
ពុទ្ធបរិស័ទទៅធ្វើបុណ្យនៅរដូវភ្ជុំបិណ្ឌ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

រយៈ​ពេល​១៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ ​មិន​មែន​គ្រាន់​តែ​ជា​ពិធី​បុណ្យ​ដែល​យើង​គ្រាន់​តែ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ ​ពិធី​បុណ្យ​នេះ​មាន​ទស្សនៈ​វិជ្ជា​ជ្រាល​ជ្រៅ​ជាង​នេះ​ប្រសិន​បើ​គេ​ព្យាយាម​ពិចារណា​ និង​វិភាគ​ឲ្យ​បាន​ដិត​ដល់។

ទស្សនៈ​វិជ្ជា​ទី​១​ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​គឺ​ទស្សនៈ​«​កម្មផល»​ មាន​ន័យ​ថា អំពើ​ល្អ​នឹង​ទទួល​បាន​ផល​ល្អ ​រី​ឯ​អំពើ​អាក្រក់​នឹង​ទទួល​បាន​ផល​អាក្រក់​ បើ​ទោះ​ជា​មិន​ជាតិ​នេះ​ក៏​ជាតិ​ខាង​មុខ​ដែរ។​ ក្នុង​ន័យ​នេះ ​មនុស្ស​គួរ​តែ​វៀរ​ចាក​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង​ពីព្រោះ​ឋាន​នរក​មិន​មែន​ជា​ទី​ដែល​មនុស្ស​ប៉ង​ប្រាថ្នា​ឡើយ។ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​បាន​បង្ហាញ​ពី​ការ​ជឿ​ជាក់​ទៅ​លើ​ទស្សនៈ​នេះ​ដោយ​គ្រួសារ​នីមួយ​ៗ​ទោះ​ជា​ក្រីក្រ​យ៉ាង​ណា​ក្តី​ក៏​នៅ​តែ​ឆ្លៀត​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​យ៉ាង​ហោច​ណាស់​ក៏​មួយ​ដង​ឬ​ពីរ​ដង​ដែរ​ក្នុង​មួយ​រដូវ​កាល។ និយាយ​ជា​រួម​ ប្រហែល​ជា​គ្មាន​គ្រួសារ​ខ្មែរ​ណា​មួយ​ដែល​មិន​ចាប់​អារម្មណ៍​ទៅ​វត្ត​វ៉ាម​ក្នុង​រយៈពេល​១៥​ថ្ងៃ​នេះ​ឡើយ។​

ទស្សនៈ​វិជ្ជា​ទី​២​ដែល​គួរ​ពិចារណា​សម្រាប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​គឺ​ «ការ​ដឹង​គុណ»​ ចំពោះ​មាតាបិតា​ បុព្វការី ​និង​អ្នក​មាន​គុណ​ទាំង​ឡាយ​ផ្សេង​ទៀត។ ​ដោយ​សារ​តែ​ការ​ដឹង​គុណ​នេះ​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​បាន​នាំ​គ្នា​ទៅ​វត្ត​ឧទ្ទិស​កុសល​ដល់​អ្នក​មាន​គុណ​ដែល​បាន​ស្លាប់​ទៅ ព្រម​ទាំង​អ្នក​មាន​គុណ​ដែល​នៅ​រស់​ផង​ដែរ។ ​ការ​ដឹង​គុណ​គឺ​ជា​គុណធម៌​យ៉ាង​សំខាន់​មួយ​នៅក្នុង​ព្រះពុទ្ធ​សាសនា​ ជា​ពិសេស​វា​បាន​ស្តែង​ឡើង​តាម​រយៈ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​និង​ផ្នត់​គំនិត​ទូទៅ​នៃ​មនុស្ស​ខ្មែរ។

ទស្សនៈ​វិជ្ជា​សំខាន់​ទី​៣​គឺ​ «ការ​ដាក់​ទាន» ​និង​ការ​ផ្សាយ​មេត្តា​ធម៌​ដល់​មនុស្ស​សត្វ​ទាំង​ពួង។ នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ ​ក្រៅ​ពី​ទៅ​វត្ត​ដើម្បី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នក​មាន​គុណ​ ពលរដ្ឋ​កម្ពុជា​ទូទៅ​ក៏​បាន​នាំ​គ្នា​ដាក់​ទាន​ដល់​យាយ​តា​ចាស់​ៗ​នៅ​ក្នុង​វត្ត​ ឬ​អ្នក​ក្រីក្រ​ និង​អ្នក​សុំទាន​ទាំង​ឡាយ​ផង។ ​លើស​ពី​នេះ​ មនុស្ស​ជា​ច្រើន​បាន​ទិញ​កូន​ចាប​ដើម្បី​ព្រលែង​ឲ្យ​មាន​សេរីភាព​ពី​ទ្រុង​ទៀត​ផង។​ ទង្វើ​នេះ​បង្ហាញ​អំពី​វប្បធម៌​ចែក​រម្លែក​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​មាន​ចំពោះ​អ្នក​ក្រីក្រ​ និង​ខ្វះ​ទី​ពឹង​ដែល​ជា​ទស្សនៈ​វិជ្ជា​ដ៏​សំខាន់​ចាំបាច់​សម្រាប់​សង្គម​ខ្មែរ។​ មិន​ត្រឹម​តែ​មនុស្ស​ទេ​ សូម្បី​តែ​សត្វ​ក៏​ចង់​រស់​និង​ចង់​មាន​សេរីភាព​រួច​ចាក​ពី​ទ្រង់​ដែក​ដែរ។

ជា​ការ​ពិត​ នៅ​មាន​ទស្សនៈ​វិជ្ជា​ច្រើន​យ៉ាង​ទៀត​ដែល​គេ​អាច​ទាញ​យក​បាន​ជា​ប្រយោជន៍​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ប៉ុន្តែ ​ទស្សនៈ​វិជ្ជា​សំខាន់​ៗ​ទាំង​បី​យ៉ាង​ដូច​បាន​លើក​ឡើង​ខាង​ដើម​ហាក់​ដូច​ជា​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​រស់​ក្នុង​ភាព​សុខ​ដុមរមនា។​ ប៉ុន្តែ ​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង ប្រជា​ពុទ្ធ​បរិស័ទ​ជា​ច្រើន​បាន​និង​កំពុង​អនុវត្ត​ផ្ទុយ​ពី​អ្វី​ដែល​ខ្លួន​បាន​បង្ហាញ​ក្នុង​ពិធី​បុណ្យ​សាសនា​របស់​ខ្លួន។ ​ការ​អនុវត្ត​ផ្ទុយ​ពី​គន្លង​ព្រះ​ពុទ្ធ​សាសនា​មិន​មែន​មាន​ត្រឹម​តែ​បុគ្គល​សាមញ្ញ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​មាន​ដែរ​ក្នុង​ចំណោម​អ្នក​ដែល​តាំង​ខ្លួន​ជា​សាវ័ក​របស់​ព្រះពុទ្ធ​ រាប់​តាំង​ពី​សីលវន្ត​ សីលវត្តី ​និង​រហូត​ដល់​អ្នក​បួស​មួយ​ចំនួន​ផង។ ​បញ្ហា​ចាក់​ស្រះ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ​និង​ជម្លោះ​ក្នុង​ទី​វត្ត​អារាម​ដែល​កើត​មាន​ជា​ហូរ​ហែ​គឺ​ជា​ឧទាហរណ៍​ជាក់​ស្តែង។

នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ​នៅ​ក្នុង​សង្គម​កម្ពុជា ​មនុស្ស​ហាក់​កំពុង​ឈាន​ទៅ​រក​និន្នាការ​នៃ​ភាពផ្ទុយ​គ្នា​រវាង​ការ​សម្តែង​ឲ្យ​ឃើញ​សម្បក​ក្រៅ​និង​ការ​អនុវត្ត​ជាក់​ស្តែង​ ហើយ​និន្នាការ​នេះ​មិនមែន​មាន​តែ​ក្នុង​វិស័យ​សាសនា​ប៉ុណ្ណោះ​ទេ ​តែ​ក៏​មាន​ដែរ​ក្នុង​វិស័យ​នយោបាយ ​ឬ​សកម្មភាព​ប្រចាំថ្ងៃ​ផ្សេង​ៗ​ទៀត​។ ​ដូច្នេះ​ ពេល​វេលា​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ពិត​ជា​មាន​តម្លៃ​ណាស់​ប្រសិន​បើ​ប្រជា​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​ពិចារណា​ទៅ​លើ​ខ្លឹមសារ​ និង​ការ​គោរព​ប្រតិបត្តិ​ព្រះ​ពុទ្ធសាសនា។

ជំនឿ​ដែល​ជា​កុសល​ពិត​ប្រាកដ​មិន​មែន​ស្ថិត​នៅ​លើ​ការ​សម្តែង​ចេញ​ខាង​ក្រៅ​ឡើយ តែ​វា​ស្ថិតនៅក្នុង​ចិត្ត​និង​ការអនុវត្ត​ជាក់ស្តែង​ឯណោះ​ទេ។​ នេះ​ជា​ជម្រៅ​នៃ​ការ​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​ទៅ​តាម​គន្លង​នៃ​ការ​ទូន្មាន​របស់​ព្រះពុទ្ធ​បរម​គ្រូ។​ ប្រសិន​បើ​ប្រជា​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​ពិត​ជា​គោរព​ ប្រតិបត្តិ​ចំពោះ​ព្រះពុទ្ធ​សាសនា​មែន​នោះ ​ម្ល៉េះ​សម​សង្គម​ខ្មែរ​ស្គាល់​ភាពសុខដុម​រមនា​ដែល​មនុស្ស​ចេះ​ចែក​គ្នា​រស់គឺ​មិន​មែន​ដណ្តើម​គ្នា​រស់​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ