អាមេរិក-អាហ្វហ្កានីស្តង់ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 03 កក្កដា 2010 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 03 កក្កដា 2010

មេបញ្ជាការ​ថ្មី​នៃ​កងទ័ព​អាមេរិក​មកដល់​អាហ្វហ្កានីស្តង់

ឧត្តមសេនីយ៍​ David Petraeus (ស្តាំ) ​ពេល​មក​ដល់​ទីក្រុង​កាប៊ុល កាលពីថ្ងៃ​សុក្រ ទី២ កក្កដា ២០១០
ឧត្តមសេនីយ៍​ David Petraeus (ស្តាំ) ​ពេល​មក​ដល់​ទីក្រុង​កាប៊ុល កាលពីថ្ងៃ​សុក្រ ទី២ កក្កដា ២០១០
©Reuters

ដោយ សេង ឌីណា

ឧត្តមសេនីយ៍ ដេវីដ ភីត្រេអឺស (David Petraeus) មេបញ្ជាការ ​ថ្មី​ នៃ​កងទ័ព​អាមេរិក​ប្រចាំ​អាហ្វហ្កានីស្តង់ បាន​ធ្វើ​ដំណើរ​មក​ដល់​អាហ្វហ្កានីស្តង់​ហើយ កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ ដើម្បី​ចូលកាន់តំណែង​ជំនួស​ឧត្តមសេនីយ៍​ម៉ាក់គ្រីស្តាល់ (McChrystal) ដែល​ត្រូវ​លោក​អូបាម៉ា​ដក​តំណែង។ ការផ្លាស់ប្តូរ​មេបញ្ជាការ​នៅពេលនេះ បាន​បណ្តាល​ឲ្យ​មាន​ការ​ចោទជាសំណួរ​អំពី​ការផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​របស់​ អាមេរិក នៅ​អាហ្វហ្កានីស្តង់។ ក៏ប៉ុន្តែ លោក​អូបាម៉ា​បាន​ធានាថា យុទ្ធសាស្រ្ត​នៅ​អាហ្វហ្កានីស្តង់​មិន​មាន​អ្វី​ប្រែប្រួល​នោះទេ។

បទវិភាគ​របស់ សេង ឌីណា
 
03/07/2010
 
 

ឧត្តមសេនីយ៍​ម៉ាក់គ្រីស្តាល់ ត្រូវ​បាន​លោក​អូបាម៉ា​ដក​តំណែង ក្រោយ​ពី​លោក​បាន​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​មួយ​ ដោយ​ក្នុង​បទសម្ភាសន៍នោះ​ លោក​បាន​រិះគន់​ធ្ងន់ៗ​ដល់​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ដល់​អនុប្រធានាធិបតី បូករួម​ទាំង​លោក​អូបាម៉ា ដែល​ជា​ប្រធានាធិបតី និង​ជា​អគ្គបញ្ជាការ​កងទ័ព​អាមេរិក​ផង។ ដូច្នេះ ការ​ដកតំណែងនេះ គឺ​​ជា​ការ​ដាក់ទោស​ដល់​មន្រ្តី​ទ័ព​ ដែល​ធ្វើខុស​នឹង​វិន័យទ័ព មិនមែន​ដោយ​មកពី​មានការ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​នៅ​អាហ្វហ្កានីស្តង់​ នោះទេ។

លោក​អូបាម៉ា​បាន​អះអាងថា ការ​ដកតំណែង​ឧត្តមសេនីយ៍​ម៉ាក់គ្រីស្តាល់ នឹង​មិន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​អាមេរិក នៅ​អាហ្វហ្កានីស្តង់​នោះទេ។ ដើម្បី​ធានា​ដល់​​ការ​អនុវត្ត​យុទ្ធសាស្រ្ត​នេះ លោក​អូបាម៉ា ក៏​បាន​សម្រេច​តែងតាង​ឧត្តមសេនីយ៍ ភីត្រេអឺស ឲ្យ​មក​កាន់តំណែង​ជំនួស​លោក​ម៉ាក់គ្រីស្តាល់។

ឧត្តមសេនីយ៍​ភីត្រេអឺស បច្ចុប្បន្ន​ គឺ​ជា​អគ្គបញ្ជាការកងទ័ព​អាមេរិក​ប្រចាំ​តំបន់​ដើមបូព៌ា (US Central Command) ដែល​ជា​អ្នក​ត្រួតមើល​ទាំង​សង្រ្គាម​នៅអៀរ៉ាក់ និង​សង្រ្គាម​នៅ​អាហ្វហ្កានីស្តង់។ លោក​ធ្លាប់​ធ្វើ​ជាមេបញ្ជាការ​កងទ័ព​អាមេរិក នៅអៀរ៉ាក់ ដែល​ នៅពេលនោះ លោក​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត​ប្រឆាំង​តាក់ទិក​ទ័ពព្រៃ នៅអៀរ៉ាក់ ប្រកប​ដោយ​ប្រសិទ្ធិភាព។ យុទ្ធសាស្រ្ត​ប្រឆាំង​ទ័ពព្រៃនេះ ក៏ត្រូវបាន​ឧត្តមសេនីយ៍​ម៉ាក់គ្រីស្តាល់​ចម្លង​យក​មក​ប្រើ​ នៅ​អាហ្វហ្កានីស្តង់​ដែរ។

នៅ​ថ្ងៃ​សៅរ៍នេះ ឧត្តមសេនីយ៍​ភីត្រេអឺស បាន​ប្រកាស​ជាសាធារណៈ​អំពាវនាវ​ឲ្យ​មានការ​រួបរួមគ្នា​រវាង​អាជ្ញាធរ​ស៊ីវិល និង​កងទ័ព រវាង​កងកម្លាំង​អាហ្វហ្កានីស្តង់ និងកងកម្លាំង​បរទេស ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ឧទ្ទាម​តាលីបង់ និង​ក្រុម​អ៊ីស្លាម​ជ្រុល​និយម នៅ​អាហ្វហ្កានីស្តង់។ លោក​ក៏បាន​សន្យា​ផងដែរ​ថា នឹង​យក​យុទ្ធសាស្រ្ត​ ដែល​លោក​ធ្លាប់​ប្រើ​ នៅ​អៀរ៉ាក់ មក​អនុវត្ត​នៅ​អាហ្វហ្កានីស្តង់ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​យុទ្ធសាស្រ្ត​ទ័ពព្រៃ​របស់​ពួក​តាលីបង់។

ឧត្តមសេនីយ៍​​ភីត្រេអឺស នឹង​ចូល​កាន់តំណែង​ជា​ផ្លូវការ ក្នុង​ពិធីផ្លាស់ប្តូរ​តំណែង នៅថ្ងៃ​អាទិត្យ​ស្អែក។ បន្ទាប់​មក លោក​នឹង​ត្រូវ​ចូលជួប​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្តង់ ហាមីដ កាហ្សៃ (Hamid Karzai)។

គួររំឭកឡើងវិញ​ថា នៅក្នុងយុទ្ធសាស្រ្ត​ដាក់ចេ​ញ​ដោយ​រដ្ឋាភិបាល​លោក​អូបាម៉ា ជំហាន​ដំបូង កងទ័ព​អាមេរិក​នឹង​ត្រូវ​បញ្ជូន​បន្ថែម​ទៅ​អាហ្វហ្កានីស្តង់ ដើម្បី​បង្រ្កាប​ពួក​តាលីបង់ផង និង​ដើម្បី​ជួយ​​ហ្វឹកហ្វឺន​កងកម្លាំង​អាហ្វហ្កានីស្តង់ផង។ ជំហាន​បន្ទាប់​មកទៀត គឺ​នៅ​ខែមិថុនា ឆ្នាំ​២០១១ អាមេរិក​នឹង​ចាប់​ផ្តើម​ដកកងទ័ព​ចេញ​ពី​អាហ្វហ្កានីស្តង់។ លោក​អូបាម៉ា​ធ្លាប់​បាន​បញ្ជាក់ជាច្រើន​លើក​មកហើយ​ថា ការ​ដកកងទ័ព​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ជំហានៗ ហើយ​​​នៅ​ខែមិថុនា ឆ្នាំ​២០១១​នេះ គ្រាន់តែ​ជា​ការ​ដក​ជំហាន​ទី១​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា អ្នក​ជំនាញ​ខាង​យុទ្ធសាស្រ្ត​ទ័ព​ជាច្រើន​យល់ថា បើ​មើល​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន នៅ​អាហ្វហ្កានីស្តង់ ការ​ចាប់​ផ្តើម​ដកកងទ័ព នៅ​ខែ​មិថុនា ឆ្នាំ​២០១១​នេះ ទំនង​ជា​មិន​អាច​ធ្វើ​ទៅ​រួចនោះទេ៕

tags: សហរដ្ឋអាមេរិក - អាហ្វហ្កានីស្ថាន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close