កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 09 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 09 កក្កដា 2012

សហភាព​អឺរ៉ុប​និង​ចក្រភព​អង់គ្លេស​ចុះ​កិច្ច​ព្រមព្រៀង​រក្សា​សន្តិភាព​ជាមួយ​អាស៊ាន​

រដ្ឋមន្ត្រី​ក្រសួងការបរទេសខ្មែរ​លោក ហោ ណាំហុង
រដ្ឋមន្ត្រី​ក្រសួងការបរទេសខ្មែរ​លោក ហោ ណាំហុង
RFI/Siv Channa

ដោយ លី ម៉េងហួរ

សហភាព​អឺរ៉ុប​និង​​ចក្រភព​អង់គ្លេស​នឹង​​ចុះហត្ថលេខា​​ជាមួយ​នឹង​​រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន​ លើ​​កិច្ច​ព្រមព្រៀង​​សន្តិភាព​ក្នុង​​តំបន់​​អាស៊ី​អាគ្នេយ៍​។​ បូក​រួម​​ទាំង​​ការ​ចុះ​ហត្ថលេខា​នៅ​​ថ្ងៃ​​ទី​​១២​​កក្កដា​​ខាង​​មុខ ​​មាន​ប្រទេស​​ចំនួន​ ២៨ ​បាន​​ចូល​រួម​​ក្នុង​​សន្ធិសញ្ញា​​មិត្តភាព ​និង​​សហ​ប្រតិបត្តិ​ការ​​​នៅ​​អាស៊ី​​អាគ្នេយ៍​​​ដែល​ផ្តោត​​សំខាន់​​លើ​​ការ​រក្សា​​សន្តិភាព​​នៅ​ក្នុង​​តំបន់​។​
 

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ
 

09/07/2012 by លី ម៉េងហួរ

ក្នុងពេល​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៤៥ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​រដ្ឋ​មន្ត្រី​​ការបរទេស​កម្ពុជា ក្នុង​នាម​ប្រធាន​អាស៊ាន បានលើកឡើង សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស នឹង​ចុះហត្ថលេខា លើ​លិខិតុឧបករណ៍ ចូលរួម​ក្នុង​សន្ធិសញ្ញា​មិត្តភាពនិង​សហ​ប្រតិបត្តិការ​​នៅ​អាស៊ី​អាគ្នេយ៍ ( TAC )​។ ពិធី​ចុះហត្ថលេខា​រវាង​ប្រមុខ​ការទូត​អាស៊ាន និង​សហភាព​អឺរ៉ុបរួម​ទាំង​ចក្រភព​អង់គ្លេស នឹង​ធ្វើឡើង នៅ​ថ្ងៃ​១២​កក្កដា នៅក្រៅ​កិច្ចប្រជុំ វេទិកា​​តំបន់​អាស៊ាន​។

​មក​ដល់​ដល់​ថ្ងៃនេះ ប្រទេស​មហាអំណាច​ទាំង ៥ សហភាព​អឺរ៉ុប ព្រម​ទាំង​ប្រទេស​ផ្សេងទៀត ចំនួន ១៤ បាន​ចូលរួម​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ របស់​អាស៊ាន​។​តាម​លោក​ប្រមុខ​ការទូត​កម្ពុជា នេះ​ក៏​ជា​ការរួមចំណែក​យ៉ាង​សំខាន់​ណាស់ ដល់​សន្តិភាព និង​សន្តិសុខ នៅក្នុង​តំបន់​របស់​អាស៊ីអាគ្នេយ៍​។​

ចំណែក​លោក កៅ គឹមហួនរដ្ឋលេខាធិការ​ក្រសួងការបរទេស ក៏​បាន​ពន្យល់​ក្នុង​សន្និសីទ​កាសែត​​នៅក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កាលពី​ព្រឹក​ថ្ងៃទី​៩​កក្កដា​ថា ការ​ដែល​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេសចូល​ជា​សមាជិក​សន្ធិសញ្ញា​មិត្តភាពនិង​សហ​ប្រតិបត្តិ​ការ​ នៅ​អាស៊ី​អាគ្នេយ៍ មាន​សារៈសំខាន់​ណាស់ ដោយសារ​ទី​១ចក្រភព​អង់គ្លេសគឺជា​ប្រទេស​មហា​អំណាច ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។
 
ទី​២-​ដោយសារ សហភាព​អឺរ៉ុប តំណាងឲ្យ ២៧ ប្រទេស ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​។ ដូច្នេះ ការ​ចុះ​ហត្ថលេខា​នេះ ផ្តល់​សារៈសំខាន់ សម្រាប់​កម្ពុជា ក៏ដូចជា អាស៊ាន​។ ​លោក​ កៅ​គឹមហួន បាន​គូសបញ្ជាក់ថា សារៈសំខាន់​នៃ​សន្ធិសញ្ញា​មិត្តភាពនិង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ គឺ​ទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ ជាពិសេស​ការលើកកម្ពស់​សន្តិភាព សន្តិសុខនិង​ស្ថិរភាព​នៅ​ក្នុង​​តំបន់ ការមិន​ប្រើប្រាស់​កម្លាំង​គំរាម​កំហែងក្នុង​ការដោះស្រាយ​បញ្ហា​ផ្សេងៗរវាង​រដ្ឋនិង​រដ្ឋ​៕​

 

tags: កម្ពុជា - សហភាពអឺរ៉ុប - អង់គ្លេស
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

ចំលែកមែន

ចំលែកមែន កិច្ចព្រមព្រៀងសន្តិភាព? ហេតុអី? ត្រៀមថា នឹងអាចមានសង្គ្រាម រវាងអាស៊ាន និងអ៊ឺរ៉ុបឬ?

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close