អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​តវ៉ា​ប្រឆាំង​នឹង​ជន​ភៀស​ខ្លួន​អូស្ត្រាលី​ ចូល​ជួប​នៅ​ថ្ងៃ​អង្គារ

លោក ​កឹម សុខា ​អនុប្រធាន​ទី​១ ​នៃ​រដ្ឋសភា​ បាន​អះអាង​ថា ​លោក​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​និង​អ្នក​តវ៉ា​ប្រឆាំង​នឹង​ជនភៀស​ខ្លួន​អូស្ត្រាលី​ ចូល​ជួប​ពិភាក្សា ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២១​តុលា ​ខាង​មុខ​នេះ។ ​ការ​បញ្ជាក់​យ៉ាង​ដូច្នេះ​ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី ​សហព័ន្ធ​និស្សិត​​បញ្ញវន្ត​កម្ពុជា ​ចេញ​សេចក្តី​ការណ៍​ថ្កោល​តំណាង​រាស្ត្រ​ ទាំង​១២៣​រូប​ ថា​បាន​អង្គុយ​នៅ​ក្នុង​វិមាន​រដ្ឋសភា ​មាន​ផាសុកភាព ​មាន​ម៉ាស៊ីន​ត្រជាក់​ ភ្លេច​អស់​សុខទុក្ខ​រាស្ត្រ​ដែល​តវ៉ា​នៅ​ហាល​កម្តៅ​ថ្ងៃ។

លោក​ កឹម សុខា​ អនុ​ប្រធាន​ទី​១​ នៃ​រដ្ឋសភា​។
លោក​ កឹម សុខា​ អនុ​ប្រធាន​ទី​១​ នៃ​រដ្ឋសភា​។ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

លោក កឹម សុខា បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ ថា លោក​កំពុង​បញ្ជា​ឲ្យ​ខុ​ទ្ទ​ការ​ល័យ​របស់លោក ទាក់ទង​ទៅ​តំណាង​ប្រជាពលរដ្ឋ ក្រុមយុវជន និង​អ្នក​តវ៉ា​ប្រឆាំងនឹង​ជនភៀសខ្លួន​អូស្ត្រាលី ឲ្យ​ចូលជួប​ពិភាក្សា​នៅ​ការិយាល័យ​របស់លោក នៅពេល​ព្រឹក ថ្ងៃ​អង្គារ​ទី២១តុលា ខាងមុខនេះ។ អនុប្រធាន​ទី១នៃ​រដ្ឋសភា​រូបនេះ បន្តថា នៅពេល​ព្រឹក លោក​នឹង​ទទួល​ញា​ត្តិ​ព្រមទាំង​សំណូមពរ​ទាំងឡាយ​រប​ស់​អ្នក​តវ៉ា​ទាំងនោះ ហើយ​ពេល​​រសៀល​ម៉ោង៣ថ្ងៃ​ដដែល លោក​នឹង​ទៅ​ជួប ហើយ​ប្រគល់​ញា​ត្តិ​នោះ ជូន​ឯកអគ្គ​រដ្ឋ​ទូត​​អូស្ត្រាលី។

គួរ​បញ្ជាក់ថា ការអះអាង​យ៉ាង​ដូច្នេះ គឺធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ចេញ​សេចក្តី​ការណ៍​ថ្កោល​ថា តំណាងរាស្ត្រ​ជាប់ឆ្នោត ទាំង១២៣រូប ថា​បាន​អង្គុយ​នៅក្នុង​បន្ទប់​នៃ​វិមាន​រដ្ឋសភា មាន​ផាសុកភាព មាន​មា​ស៊ីន​ត្រជាក់​ហើយ  ភ្លេច​ពី​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ ដែល​ឈរ​តវ៉ា នៅខាងមុខ​វិមាន​រដ្ឋ​សភាព​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ កាលពី​ថ្ងៃ​ទី១៧តុលា កន្លងទៅ។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​បារាំង​អន្តរជាតិ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី លោក ឈាង វុន អ្នកនាំ​ពាក្យ​​រដ្ឋសភា​បាន​នៅឡើយ​ទេ នៅថ្ងៃនេះ ដោយសារតែ​លោក​ថា លោក​កំពុង​នៅក្រៅ​ស្រុក​។ ចំណែក លោក កឹម សុខា បាន​និយាយថា នៅពេល​មាន​អ្នក​តវ៉ា នៅមុខ​រដ្ឋសភា​នោះ លោក​​កំពុង​ជាប់រវល់​ទៅ​ចូលរួម​បុណ្យ​កឋិនទាន​នៅ​ខេត្តតាកែវ​ឯណោះ។

ទោះយ៉ាងណា​ក្តី លោក កឹម សុខា បា​នប​ញ្ជេ​ញ​ការយល់ឃើញថា លោក​មិន​ឯកភាព​ចំពោះ​ការបញ្ជូន​ជនភៀសខ្លួន​អូស្ត្រាលី​មក​កម្ពុជា​ទេ ព្រោះ​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច មិនទាន់​ល្អ ហើយ​ស្រព​ពេលដែល​ស្ថានភាព​ប្រទេស​ខ្មែរ​ក្រី​ក្រី ហើយ​ច្បាប់​និង​សន្តិសុខ នៅ​មិនទាន់​ល្អប្រសើរ​នៅឡើយ។ លោក​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី គួរ​ជួបពិភាក្សា​ជាមួយនឹង​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​ជាមុនសិន។

គួររម្លឹកថា កិច្ចព្រមព្រៀង​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា(MOU) បញ្ជូន​ជនភៀសខ្លួន​ពី​អូស្ត្រាលីត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃទី២៦កញ្ញា​ឆ្នាំ២០១៤រវាង​លោក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃនិង​លោកស្កុ​ត​ម៉ូ​រី​សុន (Scott Morrison) រដ្ឋមន្ត្រី​អន្តោប្រវេសន៍​និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី។

នៅក្នុង​កិច្ចប្រជុំ​អាស៊ាន អឺរ៉ុប នៅ​ក្រុង​មី​ឡង់ ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី១៦និងទី១៧តុលា​កន្លងទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាលោកហ៊ុនសែននិងប្រមុខ​ការបរទេស​អូស្ត្រាលីលោក​ស្រី​ជូ​លីប៊ី​សប់ ក៏បាន​ស្កាត់​ជួបគ្នា​ជា​ទ្វេភាគី ហើយ​បាន​ឯកភាពគ្នា លើ​រឿង​ជនភៀសខ្លួន​អូស្ត្រាលី​​នេះ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ