អានតួអត្ថបទ
កម្ពុជា

អង្គការ​សមាគម ​និង​សហជីព​កម្មករ​ ស្នើ​​ក្រសួង​ការងារ​​ឲ្យ​អនុវត្ត​ការ​ចុះ​បញ្ជីរកា​​ដោយ​ប្រើ​វិធាន​ការ​ចាស់

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​មេដឹកនាំ​អង្គការ​សមាគម​ និង​សហជីព​កម្មករ​ ចំនួន​ ៨​ ស្ថាប័ន​ បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​ ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។​ ក្នុង​ញត្តិ​នោះ​ អង្គការ​សមាគម​ និង​សហជីព​កម្មករ​ បាន​ស្នើ​សុំ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ អនុវត្ត​ការ​ចុះ​បញ្ជិកា​សហជីព​ និង​សមាគម​ តាម​រោងចក្រ​ ដោយ​ប្រើ​វិធាន​ការ​ចាស់​។​ ជាមួយ​គ្នា​នោះ​ ក្នុង​ពេល​ប្រមូល​ផ្តុំ​ លើ​បដា​ និង​ស្រែក​មេក្រូ ​នៅ​មុខ​ក្រសួង​ការងារ​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​ ក៏​បាន​ទាមទារ​ឲ្យ​ក្រសួង​ការងារ​ តម្លើង​ប្រាក់​ខែ​កម្មករ​ ១៧៧ ​ដុល្លារ​ផង​ដែរ។

កម្មករ​ជា​ច្រើន​នាក់​បាន​ឈរ​កាន់​បដា​សរសេរ​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ចំពោះ​ក្រសួង​ការងារ​ នៅ​ព្រឹក​ថ្ងៃ​ទី២​៦​ តុលា​នេះ។​
កម្មករ​ជា​ច្រើន​នាក់​បាន​ឈរ​កាន់​បដា​សរសេរ​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ចំពោះ​ក្រសួង​ការងារ​ នៅ​ព្រឹក​ថ្ងៃ​ទី២​៦​ តុលា​នេះ។​ ​RFI/Ly Menghour
ផ្សាយពាណិជ្ជកម្ម

 

ញត្តិ​នោះ ត្រូវបាន​មេដឹកនាំ​សហជីព និង​សមាគម រួមមាន លោក​រ៉ុង​ឈុន លោកស្រី យ៉ាង​សុ​ភ័​ណ្ឌ លោក​ម៉ៅ​ពិសេស និង​លោ​កស​ម៉ូ​រ៉ា ព្រមទាំង​កម្មករ​ជាច្រើន​នាក់​ផ្សេងទៀត បាន​យកទៅ​ប្រគល់​មន្ត្រី​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី២៦តុលា​នេះ។

មេដឹកនាំ​សហជីព និង​សមាគម  ប្រកាស​របស់​ក្រសួង​ការងារ ចុះ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៦ ស្តីពី ការចុះ​បញ្ជិកា នៃ​អង្គការ​វិជ្ជាជីវៈ នៅតាម​រោងចក្រ​សហគ្រាស មាន​លក្ខណៈ​ប្រសើរ មិន​បង្ក​ភាពស្មុគស្មាញ​ដល់​ការចុះ​បញ្ជិកា​ក្នុងការ​បង្កើត​សហជីព​មូលដ្ឋាន។ ប៉ុន្តែ​លក្ខខណ្ឌ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាប់ពី​ចុងឆ្នាំ២០១៣ បាន​តម្រូវ​ឲ្យ​អង្គការ​វិជ្ជាជីវៈ ដែល​រួមមាន ថ្នាក់ដឹកនាំ ៣ រូប របស់​សហជីព​មូលដ្ឋាន តាម​រោងចក្រ​សហគ្រាស ចុះ​បញ្ជិកា ដោយ​ភ្ជាប់​លិខិត​ថ្កោលទោស​ពី​ក្រសួងយុត្តិធម៌ ត្រូវបាន​មេដឹកនាំ​សហជីព សមាគម អះអាងថា គឺជា​ការបង្ក​ការលំបាក ការចំណាយ​ពេលវេលា និង​ចំណាយ​ថវិកា​ច្រើន ដែល​សហជីព​ពុំមាន​លទ្ធភាព។

ដើម្បី​សម្រួល​ដល់​ភាពងាយស្រួល​ក្នុង​ការចុះ​បញ្ជិកា​នេះ មេដឹកនាំ​អង្គការ​សមាគម និង​សហជីព​កម្មករ នៅតែ​ទទូច ស្នើសុំ​ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លុបចោល​លក្ខខណ្ឌ​ដ៏​ស្មុគស្មាញ នូវ​ការកំណត់​ឲ្យ​មាន​លិខិត​ថ្កោលទោស ហើយ​ត្រូវតែ​អនុវត្ត​ប្រកាស​ចាស់ របស់​ក្រសួង​ឡើងវិញ។

មន្ត្រី​តំណាង​ក្រសួង​ការងារ  បាន​ចេញមក​ទទួល​ញ​ត្តិ ហើយ​សន្យាថា នឹង​ប្រគល់ជូន​លោក​រដ្ឋមន្ត្រី។ ប៉ុន្តែ​លោក ហេង សួរ អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ព្រមទាំង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា អ្វីដែល​ក្រសួង​ការងារ បាន កំណត់​ក្នុង​ការចុះ​បញ្ជិកា នៅ​ចុងឆ្នាំ២០១៣ ដោយ​តម្រូវ​ឲ្យ​មេដឹកនាំ​សហជីព​តាម​រោងចក្រ​សហគ្រាស ត្រូវមាន​លិខិត​ថ្កោលទោស​នោះ គឺ​គ្រាន់តែ​ជាការ​អនុវត្តតាម​ការ​កំណត់​ក្នុង​ច្បាប់ ​ការងារ​ប៉ុណ្ណោះ។ ការកំណត់​នោះ ដើម្បី​កុំ​ឲ្យ​ជនខិលខូច​ប្រព្រឹត្តល្មើស ជ្រក​ក្រោម​ស្លាក​សហជីព។

ក្នុងពេល​ប្រមូលផ្តុំ ដាក់​ញត្តិ នៅមុខ​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ក្រុមកម្មករ​រោង ចក្រ​កាត់ដេរ ក៏បាន​លើក​បដា និង​ស្រែក​ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ ទាប​បំផុត ១៧៧ ដុល្លារ។

ចំណុច​នេះ​ត្រូវបាន​លោក ហេង សួរ លើកឡើងថា ការចរចា​របស់​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី កំពុង​ប្រព្រឹត្តិ​ទៅ ដោយ​ភាគី​រដ្ឋាភិបាល បាន​តម្រូវ​ឲ្យ​ភាគី​ថៅកែ​រោងចក្រ និង​ភាគី​សហជីព ត្រូវ​ឈរលើ​បន្ទាត់​នៃ​ភាពក្រីក្រ ពោលគឺ​ត្រូវ​និយាយ​ពី ១២០ ដុល្លារ​ឡើងទៅ។ កិច្ចប្រជុំ​ចរចា​នោះ នឹង​បន្ត​នៅ​ថ្ងៃ​ចន្ទ ដោយ​ភាគី​ថៅកែ​រោងចក្រ និង​សហជីព ត្រូវ​ផ្តល់​ហេតុផល ហើយ​សហជីព ត្រូវ​ប្រកាស​ជំហរ​រួម​លើ​ការទាមទារ​ឡើង​ប្រាក់ខែ​កម្មករ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ