កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 30 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 30 កក្កដា 2012

បក្សប្រឆាំង​ពូនកម្លាំង​រក​អន្តរាគមន៍​អោយ​ជួយ​លោក​សម រង្ស៊ី

លោក​កឹម សុខា និង​លោក​គង់ គាំ រួមជាមួយ​លោក​សម រង្ស៊ី (តាមវីដេអូ​ខុនហ្វេរិន) ក្នុង​ពេល​ប្រជុំ​ព្រឹកថ្ងៃ​៣០​កក្កដា
លោក​កឹម សុខា និង​លោក​គង់ គាំ រួមជាមួយ​លោក​សម រង្ស៊ី (តាមវីដេអូ​ខុនហ្វេរិន) ក្នុង​ពេល​ប្រជុំ​ព្រឹកថ្ងៃ​៣០​កក្កដា
RFI/Channa Siv

ដោយ លាង ដឺលុច

គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​សម រង្ស៊ី បាន​រៀបចំ​កិច្ច​ប្រជុំ​រួមគ្នា​តាម​ការ​គ្រោងទុក​ នៅ​ព្រឹក​ថ្ងៃ​៣០​កក្កដា​នេះ ជាមួយ​សកម្មជន​ថ្នាក់​ខេត្ត ស្រុក និង​ឃុំ​សង្កាត់។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទីស្នាក់​ការ​គណបក្ស​សិទ្ធិមនុស្ស​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ប៉ុន្តែ​ក៏​មាន​ដែរ វត្តមាន​របស់​លោក សម រង្ស៊ី តាម​រយៈ​វីដេអូ​ខុនហ្វេរិន និង​វត្តមាន​របស់​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​សម រង្ស៊ី។ មេដឹកនាំ​គណបក្ស​ទាំងពីរ​ប្រកាស​ស្វែងរក​អន្តរាគមន៍​ពី​អាមេរិក និង​សហភាព​អឺរ៉ុប​ ដើម្បី​ជួយ​អោយ​លោក​សម រង្ស៊ី​អាច​ចូល​ប្រទេស​កម្ពុជា​វិញ។

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ
 

30/07/2012

មិន​ខ្វល់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា លោក​សម រង្ស៊ី​អស់​សិទ្ធិ​ចូលរួម​បោះឆ្នោត ពិសេស​ គឺ​ការ​ឈ​ឈ្មោះ​បោះឆ្នោត​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​ប្រធាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​រូប​នេះ កន្លែង​នៅ​តែ​មាន​សម្រាប់​លោក។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​សិទ្ធិមនុស្ស​ដែល​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស​លោក​ហើយ​នោះ លោក សម រង្ស៊ី​ហ៊ាន​ដល់​ប្រកាស​ថា លោក​គឺ​នៅ​តែ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ​នេះ​ដដែល។
 
ទោះយ៉ាណា​ក៏​ដោយ ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​សម រង្ស៊ី​ធ្វើ​ឡើង​ដោយ​ឈ​រលើ​មូលដ្ឋាន និង​លក្ខខណ្ឌ​ដែល​លោក​អាច​រួច​ផុត​ពី​សំណាញ់​ច្បាប់​ ដែល​តុលាការ​កម្ពុជា​បាន​រុំ​លោក​នោះ​ដែរ។ បើ​តាម​ការ​ពន្យល់​របស់​លោក​សម រង្ស៊ី លោក រួមជាមួយ​លោក​កឹម សុខា និង​លោកស្រី មូរ សុខហួរ នឹង​ព្យាយាម​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប កាណាដា និង​អូស្ត្រាលី អោយ​មិត្តភ័ក្តិ​របស់​កម្ពុជា​មួយ​នេះ ធ្វើ​អន្តរាគមន៍​ក្នុង​សំណុំរឿង​របស់​លោក។ ហើយ​ថា​ ក្នុង​ចំណោម​ដៃគូ​អភិវឌ្ឍន៍​ទាំង​នេះ​លោក​សម រង្ស៊ី​បាន​បង្ហាញ​ក្តីសង្ឃឹម​ខ្លាំង​ទៅ​លើ​សហរដ្ឋ​អាមេរិក ដែល បើតាម​លោក សម រង្ស៊ី​ដដែល អាមេរិក​កំពុង​តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ផង។
 
សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​សម រង្ស៊ី ​ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្នាក់ការ​គណបក្ស​សិទ្ធមនុស្ស​នោះ រួមមាន​ ​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស, លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រ​កំពត, លោកស្រី កែ សុវណ្ណរ័ត្ន អគ្គ​លេខាធិការ​គណបក្ស។
 
គួរ​បញ្ជាក់​អោយដឹង​ផងដែរ​ថា ក្រៅពី​អាមេរិក គណបក្ស​ប្រឆាំង​ទាំងពីរ​ក៏​បាន​ធ្វើ​លិខិត​ស្វែងរក​អន្តរាគមន៍​ពី​សហភាព​អឺរ៉ុប​ដែរ។ សំណើ​ទៅ​សហភាព​អឺរ៉ុប គឺ​មិន​ត្រឹម​តែ​សុំ​អន្តរាគមន៍​ ដើម្បី​អោយ​លោក​សម រង្ស៊ី​អាច​ត្រឡប់​កម្ពុជា​បាន​វិញ​ទេ ​ប៉ុន្តែ ក៏​មាន​ដែរ​អន្តរាគមន៍​ដើម្បី​អោយ​សហភាព​​អឺរ៉ុប​ពិនិត្យ​អំពី​​កំណែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។
 
លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល​ធ្លាប់​បាន​ឆ្លើយតប​រួចហើយ​ថា អាមេរិក ចិន ឬ​បរទេស​ណាមួយ​ផ្សេងទៀត​ក៏​ដោយ ពួកគេ​មិនមែន​ជា​អ្នក​សម្រេច​អំពី​ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី​នោះ​ឡើយ៕

tags: កម្ពុជា - នយោបាយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close