មេបក្សប្រឆាំងធ្វើទុក្ករកិរិយាបង្អត់អាហារទល់នឹងការក្លែងបន្លំលទ្ធផលបោះឆ្នោត
នៅរដ្ឋអ៊ុយក្រែន គឺបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Yanukovich រុស្ស៊ីនិយម ដែលបានទទួលជ័យជំនះ ក្នុងការបោះឆ្នោតសភា កាលពី២ថ្ងៃមុន ប៉ុន្តែ បក្សប្រឆាំង ដ៏ធំបំផុត ចាត់ទុកលទ្ធផលនេះថា ក្លែងបន្លំ។ មកពីមូលហេតុនេះ បានជាលោកស្រីអតីត នាយករដ្ឋមន្ត្រី Timochenko ជាមេបក្សប្រឆាំង និងជាគូសត្រូវស្លាប់រស់របស់ប្រមុខរដ្ឋបច្ចុប្បន្ន ទោះបីកំពុងជាប់ក្នុងពន្ធនាគារក្តី ក៏បានប្រកាសថា ឈប់ទទួលទានអាហារ ជាសញ្ញាប្រឆាំង នឹងភាពក្លែងបន្លំនោះ។
ក្នុងលិខិតដាក់ជូន អាជ្ញាធរគុកដែលត្រូវមេធាវីគាត់ អានទៅពួកអ្នកកាសែត លោកស្រី Timochenko សរសេរថា ៖ ខ្ញុំប្រកាសធ្វើទុក្ករកិរិយាបង្អត់អាហារខ្លួនឯង ជាសញ្ញាប្រឆាំងនឹង ការក្លែងបន្លំលទ្ធផលបោះឆ្នោតសភាកន្លងទៅ។ ខ្ញុំប្រកែកមិនហូបអាហារទេ ខ្ញុំសុខចិត្តហូប តែទឹកប៉ុណ្ណោះ។
សាច់រឿងដែលមានតាមដែលប្រធាននៃក្រុមប្រឹក្សា”សម្ព័ន្ធប្រឆាំង” គឺលោក Arseny Yatseniouk ពន្យល់បំភ្លឺទៅពួកអ្នកកាសែត គឺមកពីតួលេខ ប្រកាសដោយ គ.ជ.ប. ដែលថា បក្សកាន់អំណាចរបស់លោកប្រធានាធិបតី Yanukovich ដណ្តើមបានសំឡេងគាំទ្រ តាម ប្រព័ន្ធសមាមាត្រ គឺដល់ទៅជាង ៣០% តែវាខុសស្រឡះពីលទ្ធផលនៃការរាប់សន្លឹកឆ្នោត ធ្វើទន្ទឹមគ្នា ដោយបក្សប្រឆាំងផ្ទាល់។ មិនតែប៉ុណ្ណោះ នៅតាមមណ្ឌលបោះឆ្នោតណា តាមប្រព័ន្ធឯកតនាម ជាទីដែលបេក្ខជនខាងបក្សប្រឆាំង ដណ្តើមបានជ័យជំនះ ជាបឋម ក្នុងរដ្ឋធានីKiev អស់ ៥ម៉ោងជាប់ គេស្រាប់តែផ្អាកឈប់រាប់សន្លឹកឆ្នោតតែម្តង។ គណៈកម្មការបោះឆ្នោតប្រចាំមណ្ឌល ប្រកែកពុំព្រមចេញឡើយ សេចក្តីសម្រេចដែលអនុម័តទៅលើ លទ្ធផលឈ្នះឆ្នោតរបស់បេក្ខជន ខាងបក្សប្រឆាំង។
ជាការកត់សម្គាល់ “អង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការ នៅទ្វីបអឺរ៉ុប” OSCE ដែលមានឯកទេសកម្មខាងតាមដាន អំពីការបោះឆ្នោត ក្នុងរបាយការណ៍ខ្លួន ចេញម្សិលមិញ ទាក់ទងនឹង ការបោះឆ្នោតសភា នៅអ៊ុយក្រែន បានលើកឡើងជាអាទិ៏ ៖ ការបោះឆ្នោតកន្លងទៅ សឲ្យឃើញ ថា រដ្ឋអំណាចអ៊ុយក្រែនកំពុងរមូរទៅវិញ ដំណើរអភិវឌ្ឍន៍ប្រជាធិបតេយ្យ ក្នុងប្រទេសខ្លួន។
គួរនិយាយថា ពីក្នុងចំណោម អ្នកសង្កេតការណ៍ ៣.៨០០នាក់ តំណាងឲ្យ ២៨ប្រទេស និង អង្គការអន្តរជាតិចំនួន ៣៥ ដែលបានតាមដាន ការបោះឆ្នោតសភា នៅអ៊ុយក្រែន គ្រាន់តែ តំណាងរបស់ OSCE មានគ្នាដល់ទៅ ៦០០នាក់។ ពិតជា OSCE ដែលមានទឹកមាត់ប្រៃ ជាងគេ ក្នុងការសន្និដ្ឋាន អំពីលទ្ធផលនៃការបោះឆ្នោត ក្នុងប្រទេសជាសមាជិកខ្លួន បែបយ៉ាង អ៊ុយក្រែន ជាដើម។
មិនតែប៉ុណ្ណោះ ក្រសួងការបរទេសអាមេរិក ទើបចេញសេចក្តីថ្លែងការណ៍ចាត់ទុកការបោះឆ្នោត សភា នៅអ៊ុយក្រែនកន្លងទៅ ថា ជា ”ជំហានមួយឈានថយក្រោយទៅវិញ” បើប្រៀបទៅនឹងការបោះឆ្នោតប្រធានាធិបតី កាលពី២ឆ្នាំមុន នឹងការបោះឆ្នោតសភា ៥ឆ្នាំមុន ពោលគឺជំនាន់ អំណាច លោកប្រធានាធិបតី Yushenko ដែលបស្ចិមលោកនិយមពេញទី។
ទោះយ៉ាងណាក្តី ក៏លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Constantin Grishenko ប្រតិកម្មថា រាល់តែមតិរិះគន់ដែលមានបន្លឺឡើង ពាក់ព័ន្ធនឹងការបោះឆ្នោតនោះ នឹងត្រូវភាគីអ៊ុយក្រែន លើកយកមកគន់គិត ពុំខាន៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ