អានតួអត្ថបទ
បារាំង-ភូមា

អ៊ុងសាន ស៊ូជី​ ទាមទារ​អោយ​​សហគមន៍​អន្តរជាតិ​គាំទ្រ​​កំណែទម្រង់​នយោបាយអន្តរកាល​​ភូមា​

នៅថ្ងៃ​​អង្គារ​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​​​​ប្រទេស​បារាំង​ ​ប្រធានបក្ស​ប្រឆាំង​ភូមា គឺ​លោកស្រី អ៊ុងសាន ស៊ូជី បានឆ្លៀត​ឱកាស​​ទាមទារ​អោយ​​សហគមន៍​អន្តរជាតិ​ជួយ​គាំទ្រ​កំណែទម្រង់​នយោបាយ​ភូមា ឆ្ពោះ​ទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យ។ ប្រធានាធិបតី​​បារាំង ហ្វ្រង់ស៊័រ​ ហូឡង់​ ​បានទទាក់​​ទទួល​លោកស្រី​​ស៊ូជី នៅ​ក្រុងប៉ារីស និង​បាន​អះអាង​​​ចំពោះ​លោកស្រី​ថា បារាំង​​ស្ថិត​នៅ​ក្បែរ​ប្រជាជនភូមា ដើម្បី​អោយ​​កំណែទម្រង់​​​​នានា ដែល​ធ្លាប់​បាន​សន្យា​នោះ បាន​លេច​​រូបរាង​ឡើង ក្នុង​រយៈពេល​​​​សមស្រប​ឆាប់ៗ។

លោកស្រី​ស៊ូជី និង​ប្រធានាធិបតី​បារាំង ហូឡង់ ថ្ងៃ​អង្គារ ១៥មេសា ឆ្នាំ២០១៤។
លោកស្រី​ស៊ូជី និង​ប្រធានាធិបតី​បារាំង ហូឡង់ ថ្ងៃ​អង្គារ ១៥មេសា ឆ្នាំ២០១៤។ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ​នេះ ប្រធាន​បក្ស​ប្រឆាំង​ភូមា​ដ៏ល្បីល្បាញ អ៊ុងសាន ស៊ូជី បាន​បំពេញ​ទស្សនកិច្ច​​នៅ​បារាំង ជួប​លោក​ហ្វ្រង់ស៊័រ ហូឡង់ នៅ​ក្រុងប៉ារីស។ លោកស្រី​អ៊ុងសាន​ ស៊ូជី បាន​​លើកឡើង​​ថា ដំណើរការ​កំណែទម្រង់​​​ក្នុង​​នយោបាយ​អន្តរកាល​ភូមា​នៅពេល​នេះ កំពុង​ស្ថិត​ក្នុង​ភាពទ័លច្រកពិបាក​ដោះស្រាយ។ លោកស្រី​បាន​​​សុំអោយ​មាន​ការ​គាំទ្រ​​ពី​សហគមន៍​អន្តរជាតិ។ លោកស្រី​ស៊ូជី​ក៏បាន​បង្ហាញ​ពី​​​​​​​ទំនុកចិត្តរបស់​លោកស្រី ចំពោះ​​​បណ្តា​ប្រទេស​ជាមិត្ត​ភូមានានា​ បែបយ៉ាង​ប្រទេស​​បារាំង​ ​ដើម្បី​សុំអោយពួកគេ​ជួយជំរុញ​​​កំណែទម្រង់​នយោបាយ​​​ភូមា ​អោយ​សម្រេច​​ដល់​គោលដៅ។

មុន​ពេល​ភូមា​រៀបចំ​ការបោះឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ខាងមុខ ​ភូមា​នៅ​ជួប​ឧបសគ្គ​នៅ​​លើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​​​​នៅឡើយ។ លោកស្រី អ៊ុងសាន ស៊ូជី បាន​​គូស​បញ្ជាក់​​​​​ពី​បញ្ហា​​បែបយ៉ាង ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ភាពតានតឹង​​រវាង​សហគមន៍​ភាគតិច និង​​តួនាទី​កងទ័ព​​ក្នុង​​ឆាកនយោបាយ។ ​តាំង​ពី​ឆ្នាំ​២០១២មក ​ភាគ​និរតី​ភូមា បាន​រង​អំពើហិង្សា​បង្ហូរឈាម​​​​រវាង​អ្នកកាន់​ពុទ្ធសាសនា និង​អ្នកកាន់​សាសនា​អ៊ីស្លាម ធ្វើអោយ​មនុស្ស​២៥០នាក់​បាត់បង់​​ជីវិត​ និង​ធ្វើអោយ​មនុស្ស​​ប្រមាណ​១សែន៤ម៉ឺននាក់​ទៀត​ភៀសខ្លួន។

ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស៊័រ ហូឡង់ ​បាន​ធានា​អះអាង​​​ចំពោះ​​លោកស្រី​អ៊ុងសាន ស៊ូជី​ ពី​ការគាំទ្រ​របស់​​ប្រទេស​បារាំង​​​។ បារាំង​ចង់អោយ​​​​​ភូមា​សម្រេច​ទិសដៅ​នៃ​​ដំណើរ​ឆ្ពោះ​ទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យ​​​ បែបយ៉ាង​ការ​បោះឆ្នោត​​ឆ្នាំ​២០១៥ ការ​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​អនុញ្ញាត​​អោយប្រជាជន​​ភូមា​​អាច​​​បង្ហាញ​ពី​ជម្រើស​​​​របស់​ខ្លួន។ 

លោកស្រី​ស៊ូជី ជា​ម្ចាស់ពានរង្វាន់​សន្តិភាព​ពិភពលោក ធ្លាប់ជាប់ឃុំ​ក្នុង​គេហដ្ឋាន ​​​ក្រោម​ការត្រួតពិនិត្យ​របស់​​អាជ្ញាធរ​ក្នុង​​របប​សឹកចាស់អស់​២ទសវត្ស។ របបសឹកចាស់​ភូមា​បាន​ដោះលែង​លោកស្រី​ ក្នុង​ឆ្នាំ​២០១០។ លោក​ហ្វ្រង់ស៊័រ​ ហូឡង់​ ធ្លាប់​បាន​ជួប​លោកស្រី​ម្តង​រួច​ហើយ កាលពី​ឆ្នាំ​២០១២៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ