អានតួអត្ថបទ
កម្ពុជា

សំណុំ​រឿង​សព​ស្ត្រី​ទេសចរ​បារាំង​នៅ​កំពត​៖​ ក្រុម​គ្រួសារ​ទម្លាយ​ព័ត៌មាន​ចុង​ក្រោយ

ជិត​ពីរ​ឆ្នាំ​កន្លង​ទៅ ​ឃាតករ​ដែល​សម្លាប់​ស្ត្រី​ទេសចរ​ជនជាតិ​បារាំង​ម្នាក់​ កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៣​ នៅ​ក្រុង​កំពត​ មិន​ទាន់​ត្រូវ​បាន​វែក​មុខ​នៅ​ឡើយ។​ នៅ​ថ្ងៃ​អាទិត្យ ​ទី​១០​នោះ​ អូហ្វេលី​ បេកនី​ (Ophélie Begnis)​ អាយុ​២៥​ឆ្នាំ​ ដែល​ជា​ភ្ញៀវ​នៃ​ផ្ទះ​សំណាក់​ ឡេ ម៉ង់​ឃ្យេ ​(Les Manguiers) ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​លើ​ទឹក​ព្រែក​ ក្នុង​ក្រុង​កំពត​ ដោយ​គ្មាន​សម្លៀក​បំពាក់​ ហើយ​ក្បាល ​និង​មុខ​របួស​ខ្ទេច​ខ្ទី។ ទិដ្ឋភាព​ដ៏​«ព្រៃ​ផ្សៃ»​នេះ​ហាក់​នៅ​ថ្មី​ៗ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​ខណៈ​ដែល​ក្រុម​គ្រួសារ​របស់​សព​ អន់​ចិត្ត​នឹង​ភាព​យឺត​យ៉ាវ​នៃ​ការ​ស៊ើប​អង្កេត​ ក្នុង​រយៈ​ពេល​១៨​ខែ​នេះ។

អូហ្វេលី បេកនី (Ophélie Begnis) ស្រ្តី​ជនជាតិ​បារាំង​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ខេត្ត​កំពត​ នា​ឆ្នាំ​២០១៣​កន្ល​ង​ទៅ។​
អូហ្វេលី បេកនី (Ophélie Begnis) ស្រ្តី​ជនជាតិ​បារាំង​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ខេត្ត​កំពត​ នា​ឆ្នាំ​២០១៣​កន្ល​ង​ទៅ។​ សហការី
ផ្សាយពាណិជ្ជកម្ម

«យើង​ចង់ស្តាប់​ឃាត​ករថា ហេតុអ្វី​បានជា​គេ​សម្លាប់​អូ​ហ្វេ​លី ដែល​ស្រឡាញ់​ប្រជាជន​អាស៊ី ចង់​ស្គាល់​វប្បធម៌​អាស៊ី និង​មាន​ចរិត​ស្លូតបូត​ពី​ធម្មជាតិ»។ នេះ​ជា​អ្វីដែល​បងស្រី​របស់ អូ​ហ្វេ​លី បេ​កនី (Ophélie Begnis) ឈ្មោះ​វៀ​ស្ស៊ី​នីញ៉ា (Virginia) បាន​ថ្លែង នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១។ វៀ​ស្ស៊ី​នីញ៉ា បន្ថែមថា៖ «ខ្ញុំ​ភ័យខ្លាច​ណាស់។ នៅទីនេះ អ្នក​ដែល​សើច​ដាក់​យើង​ថ្ងៃនេះ អាចជា​ឃាតករ​នៅពេល​ក្រោយ»។ 

ចំណែក​បងប្រុស​របស់ អូ​ហ្វេ​លី វិញ «ការភ័យខ្លាច»បាន​ចូលមក​ជំនួស«រូបភាព​ល្អ​របស់​កម្ពុ​ជា» ដែល​គាត់​បានដឹង​ពី​មិត្តភក្តិ​ជនជាតិខ្មែរ​មួយចំនួន​នៅ​ទីក្រុង​លី​យ៉ុង​នៃ​ប្រទេស​បារាំង។ ចូ​ណា​តង់ (Jonathan) ពោលថា៖ «ខ្ញុំ​ទោះបីជា​ខ្ញុំ​ជា​ប្រុស​ដែល​ធម្មតា​មិនចេះ​ខ្លាច ក៏​ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​ដែរ បន្ទាប់ពី​បានមក​ស្នាក់នៅ​ប្រទេស​កម្ពុ​ជាមួយ​សប្តាហ៍​កន្ល​ង​ទៅ»។ ក្រុមគ្រួសារ​របស់​កញ្ញា អូ​ហ្វេ​លី បេ​កនី នឹង​ចាក​ចេញពី​កម្ពុជា​នៅ​យប់​នេះ បន្ទាប់ពី​បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃអាទិត្យ​មុន និង​បាន​ជួប​មន្ត្រីសំខាន់ៗទាក់ទង​នឹង​សំណុំរឿង​នៅ​ភ្នំពេញ និង​នៅ​ខេត្តកំពត។

ដោយ​រួម​ដំណើរ​ជាមួយ​លោក គ្រី​ស្យ​ង់ បេ​កនី (Christian Begnis) ដែលជា​ឪពុក ក្រុម​គ្រួសារ​​របស់​អូ​ហ្វេ​លី​បាន​ជួបពិភាក្សា​ជាថ្មី ជាមួយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ប្រធាន​នាយក​ដ្ឋាន​កណ្តាល នគរបាល​យុត្តិធម៌ និង​លោក វុត្ថា វ​ឌ្ឍ​នា ចៅក្រម​ស៊ើបសួរ។ មន្ត្រី​ទាំងពីរ​រូប​សុទ្ធតែ​បាន​ធានាថា អាជ្ញាធរ​កម្ពុជា​នៅតែ​បន្ត​ការស៊ើបអង្កេត​នៅឡើយ។ នេះ​បើ​យោងតាម​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​បរិហារ​ថា៖ «អាជ្ញាធរ​បារាំង​យឺតយ៉ាវ​ក្នុងការ​ផ្តល់ជំនួយ​បច្ចេក​ទេស និងអ្វីៗ ដែល​ចាំបាច់​សម្រាប់​ការស៊ើបអង្កេត មកឱ្យ​អាជ្ញាធរ​កម្ពុ​ជាតា​មការ​សើ្ន​សុំ»។

លោក គ្រី​ស្យ​ង់ បានឱ្យដឹងថា គាត់​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​កូនស្រី​របស់គាត់​ជា​ចុង​ក្រោយ​នៅ​ថ្ងៃ​សៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៣ មុនពេល​ដែល អូ​ហ្វេ​លី ត្រូវបាន​សម្លាប់។ ពេលនោះ អូ​ហ្វេ​លី​ប្រាប់​គាត់​ថា «នៅ​កម្ពុជា​ក្តៅ​ណាស់» ខណៈដែល«នៅ​ស្រុក​បារាំង​កំពុង​រងារ»។ ក្រុមគ្រួសារ​នេះ​អះអាងថា៖ «យើង​មិនដឹងថា​នាង​ត្រូវបាន​គេ​សម្លាប់​នៅពេលណា នៅ​ម៉ោង​ប៉ុន្មាន នៅ​កន្លែង​ណា ឱ្យ​ប្រាកដ​ទេ»។ ដោយ​ប្រាប់ថា ចៅក្រម​ស៊ើបសួរ​បារាំង​នឹង​មក​កម្ពុជា​នៅ​ដើម​ឆ្នាំក្រោយ គ្រួសារ​បេ​កនី​ស្នើ​សុំឱ្យ​ពង្រីក​ការស៊ើបអង្កេត​នៅផ្ទះ​សំណាក់ ឡេ ម៉​ង់​ឃ្យេ (Les Manquiers) និង​នៅ​ម្តុំ​ភូមិ​ដែល​គេ​ឃើញ​សព​របស់​នាង។

ជនសង្ស័យ​ជនជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ម្នាក់​ត្រូវបាន​ដោះលែង កាលពី៥ខែ​មុន បន្ទាប់ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​រកឃើញថា គាត់​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ខាងលើ៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ